ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ប៉ុន្តែបញ្ហាមួយដែលយើងតែងជួបប្រទះនោះ គឺការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ព្រោះកំណើនយានយន្តមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះរដ្ឋាភិបាល ក៏កំពុងស្វះស្វែងរកដំណោះស្រាយចំពោះបញ្ហានេះដែរ។
នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជួយមួយ លោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជា និងគណប្រតិភូ ដើម្បីស្វែងរកដំណោះស្រាយផ្សេងៗ។
ជួយឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពជូនលោកជំទាវអំពីគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ក្នុងនោះរួមមាន៖ ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងបានស្នើឱ្យកាណាដាជួយពិនិត្យឡើងវិញលើការរៀបចំយុទ្ធ សាស្ត្រអភិវឌ្ឍន៍គម្រោងទាំងនេះ។
សរុបមក កម្ពុជាគ្រោងនឹងធ្វើប្រព័ន្ធប្រតិបត្តិការរថភ្លើងចំនួនបីប្រភេទគឺ រថភ្លើងស្វ័យប្រវត្តិ (AGT), រថភ្លើងក្រោមដី (Subway) និង រថភ្លើង Monorail ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
អត្ថបទដោយ៖ ផែន ផាន់ណា