ជាទូទៅ បើយើងនិយាយដល់ឡានដែលសន្សំសំចៃថវិកាខ្លាំង ឬ Hybrid យើងតែងតែនឹកដល់អា Prius ប៉ុន្តែមានពាក្យចចាមអារ៉ាមមកថា អា Prius ត្រូវបាននៅបណ្ដាប្រទេសមួយចំនួនចាត់ទុកជាវត្ថុបុរាណ ព្រោះមួយរយ:ពេល នេះវាមានការធ្លាក់ចុះនៃការលក់និងប្រជាប្រិយភាពជាខ្លាំង ។
អស់រយ:កាលជាង ៣ ទសវត្សរ៍មកនេះ ឡាន Hybrid នៅតែមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ និងជាប្រភេទរថយន្តដែលលើតារាងលេខរៀងកំពូលលក់ដាច់ជាងគេ ជាពិសេសពិភពលោកឥឡូវនេះកំពុងតែជួបនូវវិបត្តិសាំងថ្លៃយ៉ាងគំហុកដែលធ្វើឲ្យសន្ទុះនៃការលក់ឡានប្រភេទ Hybrid មានការកើនឡើងយ៉ាងខ្លាំងដោយមានក្រុមហ៊ុនជាច្រើនកំពុងវាយសម្រុកផលិតឡាន Hybrid បន្ថែមទៀតផង ។
សម្រាយពាក្យចចាមអារ៉ាមអំពីការចាត់ទុក Toyota Prius ត្រូវបានចាត់ទុកជាវត្ថុបុរាណ ៖
បើយោងតាមការចុះផ្សាយរបស់គេហទំព័រ DRIVE.com បានឲ្យដឹងថា ក្រុមហ៊ុន Toyota ប្រចាំនៅអូស្ត្រាលី ទំនងជាចង់បញ្ចប់ជីវិត អា Prius ចេញពីទីផ្សារនៅក្នុងប្រទេសនេះ ដោយសារមួយរយ:នេះឃើញថាសន្ទុះនៃការលក់មានភាពថយចុះគួរឲ្យកត់សម្គាល់ នៅប្រទេសអូស្ត្រាលី ព្រោះតែប្រជាជននៅទីនោះគេបានគិតថា Prius ជារថយន្តដែលចេញមកយូរឆ្នាំ ហើយចំពោះការអាប់ដេតនូវប្រព័ន្ធបច្ចេកវិទ្យាដែលត្រូវបំពាក់តាមស៊េរីឆ្នាំនីមួយៗ គឺយឺតយ៉ាវ ជាងម៉ូដែលឡានផ្សេងៗទៀត ដូច្នេះហើយប្រជាជនមួយចំនួនធំ បានងាកមកចាប់អារម្មណ៍នូវប្រភេទរថយន្តផ្សេងទៀតដែលតម្លៃប្រហាក់ប្រហែលគ្នា ។
ក្នុងនោះ អ្វីដែលប្រជាជននៅអូស្ត្រាលីនិយមជិះជាងគេគឺ Toyota RAV4 Hybrid ប្រភេទឡាន SUV បន្ទាប់មកទៀតមាន Honda Civic hybrid , Lexus CT200h , Nissan Pathfinder Hybrid , Lexus GS450h , Honda NSX , Infiniti Q70/M35h , Mercedes-Benz S400h , BMW ActiveHybrid 3 ព្រមទាំងម៉ូដែលឡានជាច្រើនទៀត ។
គួរជំរាបផងដែរថា មិនត្រឹមតែហេតុផលប៉ុណ្ណឹងនោះទេដែល អា Prius បានធ្លាក់កូដយ៉ាងនេះ បើយោងតាមវេបសាយ Cars.com បានចេញទិន្នន័យពីរថយន្តដែលមានកម្រិតស៊ីសាំងនិងបំភាយឧស្ម័នពុល Co2 តិចក្នុងចំណោមរថយន្តប្រភេទ Hybrid មកថា ៖តំណែងលេខកំពូលតារាងរបស់ Toyota Prius ត្រូវបានដណ្តើមដោយ Hyundai ioniq ដែលមានកម្រិតស៊ីសាំង 58/60/59 mpg ( 3.9L - 4L ក្នុងចម្ងាយ 100km ដែលគិតខ្នាតជាសកល ) ។
រូបភាព ៖ Hyudai ioniq
ចំណែកឯ Toyota Prius វិញមកត្រឹមលេខ ២ ដែលមានកម្រិតស៊ីសាំង 58/53/56 mpg ( 4 – 4.4L ក្នុងចម្ងាយ 100km ) និងលេខ ៣ បានទៅលើ Hyundai Elantra Hybrid ដែលមានកម្រិតស៊ីសាំង 53/56/54 mpg ( 4.2 – 4.4L ក្នុងចម្ងាយ 100km ) និងលេខ ៤ គឺ Honda Insight ដែលមានកម្រិតស៊ីសាំង 55/49/52 mpg ( 4.3 – 4.8L ក្នុងចម្ងាយ 100km ) និងលេខរាងទី ៥ បានទៅលើ Toyota Coralla hybrird ដែលមានកម្រិតស៊ីសាំង ជាមធ្យម 53/52/52 mpg ( 4.4 – 4.5L ក្នុងចម្ងាយ 100km ) ៕
អត្ថបទដោយ៖ ព្រឹមភក្តី