ថ្មីៗនេះ មានគ្រោះថា្នក់ចរាចរណ៍ដ៏កម្រមួយដែលកើតមាននៅបរទេស ដោយមានឡានពណ៌ខ្មៅម៉ាក Kia មិនស្គាល់ម៉ូដែលបានធ្វើដំណើរលើដងផ្លូវសុខៗ ស្រាប់តែកង់ឡាន របស់ឡានភីបអាបដែលបើកបរស្របទិសគ្នានោះ បានខ្ទាតចេញមកក្រៅ ដែលបណ្តាលឲ្យឡាន Kia នោះបរកិន ហោះឡើងលើស្ទុយ ធ្វើឲ្យឡាននោះក្រឡាប់បាន ១ជុំ ។ នេះបើយោងតាមប្រភពពី Electrek.co ។
ហេតុការណ៍នេះត្រូវបានថតជាប់ដោយឡានអគ្គិសនី Tesla Model 3 ដែលកំពុងធ្វើស្របទិសជាមួយគ្នា ដោយម្ចាស់ឡានអគ្គិសនី Tesla Model 3 បានបង្ហោះវិដេអូខ្លីនេះ ទៅកាន់បណ្តាញសង្គម Twitter ហើយម្ចាស់ឡាននោះបានបញ្ជាក់ថា៖ ឡានរបស់គាត់បានធ្វើការបើកគេចចេញពីកង់ឡានដែលបានខ្ទាតចេញមក ព្រមទាំងធ្វើការគេចពីកម្ទេចកម្ទីបាក់បែកដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដ៏ចម្លែកនេះ។
បន្ទាប់មក គាត់ក៏បានសន្មតថា នេះមកពីបច្ចេកវិទ្យា Autopilot ឬ Full-self driving របស់ឡានគាត់ Tesla Model 3 ដែលធ្វើការស្វ័យប្រវត្តិជួយគ្រប់គ្រងនៃការបើកបរឲ្យគេចចេញពីកង់ឡាននោះ ។
នេះសបញ្ជាក់ឲ្យយើងឃើញថា Autopilot ដែលមានក្នុងឡានអគ្គិសនី Tesla គឺមានប្រយោជន៍ខ្លាំងណាស់ ជាពិសេសនៅពេលអ្នកបើកបរបាត់បង់ស្មារតី មានអារម្មណ៍ភ័យ ពេលជួបហេតុការបែបនេះ Autopilot នឹងចូលខ្លួនមកដំណើរការ គ្រប់គ្រងឡាន និងធ្វើការគេចចេញឧបសគ្គនៅខាងមុខតាមតែអាចធ្វើបាន ហើយបច្ចេកវិទ្យានេះក៏ជួយឲ្យសញ្ញាដល់អ្នកបើកបរភ្លាមៗ នៅពេលយើងងងុយគេងមួយផែងៗ។ គួរជំរាបផងដែរថា ម្ចាស់ឡាន Kia ដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះ គឺមិនមានការរងរបួសអ្វីឡើយ៕