កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Space X របស់មហាសេដ្ឋីលេខ១ ពិភពលោក លោក Elon Musk បានប្រកាសចេញគម្រោងផ្ដល់សេវាកម្មអ៊ីនធឺណិតល្បឿនលឿនតាមយន្ដហោះ ខណៈបច្ចុប្បន្ននេះ អ៊ីនធឺណិតនៅលើយន្ដហោះដែលអ្នកដំណើរប្រើប្រាស់នៅមានការខ្វះខាត និងមានល្បឿនយឺតនៅឡើយ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Techcrunch បានឱ្យដឹងថា ក្រុមហ៊ុន Space X បានបង្កើតសេវាកម្មអ៊ីនធឺណិតថ្មី ដាក់ឈ្មោះថា Starlink Aviation ដែលជាសេវាកម្មអ៊ីនធឺណិតល្បឿនលឿននៅលើយន្ដហោះ។ ហើយបើតាមគេហទំព័រផ្លូវការណ៍របស់ក្រុមហ៊ុន Space X បានឱ្យដឹងថា អ៊ីនធឺណិតក្នុងកញ្ចប់ Starlink Aviation អាចមានល្បឿនលឿនដល់ទៅ ៣៥០ មេកាបៃ (Mbps) និងមានចំនួន Latency ទាបបំផុត ២០មិល្លីវិនាទី (Ms) ដែលនេះគឺជាល្បឿនអ៊ីនធឺណិតលើយន្ដហហោះលឿនបំផុតមិនដែលធ្លាប់មាន ខណៈកាលពីពេលកន្លងមកអ៊ីនធឺណិតនៅលើយន្ដហោះល្បឿនលឿនបំផុតគឺមានត្រឹមតែ ១០មេកាបៃតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អ៊ីនធឺណិតល្បឿនលឿនមែន ប៉ុន្ដែការតភ្ជាប់ក៏មានតម្លៃខ្ពស់ផងដែរ ដោយការតភ្ជាប់ជាលើកដំបូងជាមួយនឹងឧបករណ៍តភ្ជាប់ផ្សេងៗ គឺគេត្រូវចំណាយ ១៥០,០០០ដុល្លារ។ បន្ថែមពីនេះទៀត គេត្រូវបង់សេវាប្រចាំខែទៅតាមប្រភេទកញ្ចប់នីមួយៗ ដែលមានតម្លៃចន្លោះពី ១២៥០០ដុល្លារ ទៅ ២៥០០០ដុល្លារក្នុងមួយខែ។
គួរជម្រាបផងដែរថា កាលពីពេលកន្លងមកក្រុមហ៊ុន Space X បានបង្កើតគម្រោង Starlink ដែលជាគម្រោងអ៊ីនធឺណិតទម្លាក់ពីលើមេឃ តាមរយៈផ្កាយរណប ហើយគេរំពឹងថា មនុស្សទាំងអស់ទូទាំងពិភពលោកដែលមានចំនួនជិត៨ពាន់លាននាក់ នឹងអាចចូលដល់អ៊ីនធឺណិត ខណៈកាលពីឆ្នាំ២០២១កន្លងទៅ គឺមានមនុស្សតែជាង ៣ពាន់លានដុល្លារប៉ុណ្ណោះដែលចូលដល់អ៊ីនធឺណិត ស្របពេលដែលមនុស្សជាងពាក់កណ្ដាលផែនដីមិនមានអ៊ីនធឺណិតប្រើស្រួល និងមិនបានចូលដល់ឱកាសទំនាក់ទំនងរៀនសូត្រ ដូចអ្នកមានអ៊ីនធឺណិត៕