ដោយផ្អែកទៅលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីថ្មីនៃបរិបថកូវីដ១៩ ពេលនេះក្រសួងមុខងារសាធារណៈ បានរៀបចំបោះពុម្ព និងផ្ដល់ជូននូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី ជាប្រភេទ “ស្មាតកាត” (Smart Card) ដែលអាចអនុញ្ញាតឱ្យមន្ត្រីរាជការប្រើប្រាស់ជាបណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធឹអឹម (ATM) សម្រាប់ដកប្រាក់បៀវត្សធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់មុខងារចាំចាប់ដទៃទៀត។
យោងតាមការបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយទទួលបានគោលការណ៍ឯកភាពពីសម្ដេចតេជោហ៊ុន សែន ក្រសួងនឹងរៀបចំបោះពុម្ពឡើងវិញនូវអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការប្រើប្រាស់ជាផ្លូវការ។
កន្លងមកអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការត្រូវបានបោះពុម្ព និងផ្ដល់ជូនមន្ត្រីរាជការស៊ីវិលប្រើប្រាស់ជាផ្លូវការមកដល់ឆ្នាំ២០១៥ ប៉ុន្តែត្រូវបានអាក់ខានរហូតមកដល់សព្វថ្ងៃ។ ជាមួយគ្នានេះក្រសួងនឹងបោះពុម្ពនូវអត្តសញ្ញាណប័ណ្ណប្រភេទ Smart Card សម្រាប់មន្ត្រីរាជការស៊ីវិល អាចប្រើអត្តសញ្ញាណប័ណ្ណនោះ ដកប្រាក់បៀវត្សពីធនាគារបាន។
គូសបញ្ជាក់ថា ដោយមានការសម្របសម្រួល និងការគាំទ្រពីដៃគូសហការរបស់រដ្ឋ ចំណាយលើការបោះពុម្ពអត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ត្រូវបានរ៉ាប់រងដោយធនាគារឯកជន ហើយពុំតម្រូវឱ្យម្ចាស់ប័ណ្ណបង់ថ្លៃឡើយ៕
អត្ថបទដោយ៖ ផែន ផាន់ណា