កន្លងមកមានការបែកធ្លាយច្រើនទៅលើរូបរាងរបស់ស្មាតហ្វូន Pixel របស់ Google ហើយថ្មីៗនេះ Google បានធ្វើការបញ្ចេញវាជាផ្លូវការហើយគឺពីរម៉ូឌែល Pixel 7 និង Pixel 7 Pro រួមជាមួយនឹងការរចនារូបរាងប្លែកពីមុនបន្តិច ប៉ុន្តែប្រើប្រាស់ទៅដោយឈីបខ្លាំងនិងបានពង្រឹងលើបច្ចវិទ្យាលើកាមេរ៉ាថែមទៀតផង។ ដោយឡែកខាងក្រោនេះ ចាបខៀវ Technology Cambodia សូមធ្វើការបង្ហាញពីចំណុចពិសេសរបស់ Pixel 7 Pro ជាមុនសិន។
សម្រាប់ Pixel 7 Pro នេះគឺមានការរចនាស្រដៀងគ្នាជាមួយនឹងម៉ូឌែលមុនដែរ ហើយខ្នងក្រោយវាជាប្រភេទកញ្ចក់ Gorilla Glass Victus វ័ណ្ឌសងខាងព័ទ្ធទៅដោយអាលុយមីញ៉ូម។ មិនតែប៉ុណ្ណោះ Pixel 7 Pro នេះគឺមានកម្រិតនៃការស្រូបធូលីចូល IP68 និងកម្រិតនៃការជ្រាប់ទឹកខ្ពស់ ដោយអាចដាក់បានជម្រៅ1.5មែត្រ រយៈពេលកន្លះម៉ោង ហើយបើធៀបជាមួយនឹង iPhone 14 Pro, Pro Max គឺដូចគ្នា។
វាមានអេក្រង់ប្រភេទ LTPO AMOLED និងមានកម្រិត Refresh Rate 120Hz អាចជះពន្លឺចេញពីអេក្រង់មកខាងក្រៅបាន1500nits។ លើសពីនេះទៅទៀតអេក្រង់ទំហំ 6.7អិញនេះគឺការពារដោយ Corning Gorilla Glass និងអាចបង្ហាញបានដល់កម្រិត QHD+ ថែមទៀតផង។
មិនតែប៉ុណ្ណោះវាប្រើទៅដោយឈីប Google Tensor G2 ដោយវាអាចដំណើរការលឿនជាងមុនទៅលើបច្ចេវិទ្យា Machine Learning រហូតទៅដល់ 60% និងមានប្រសិទ្ធភាពជាងមុន20%។ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ Google បានប្រើប្រាស់ប្រព័ន្ធ AI កម្រិតខ្ពស់ដែលអាចមានសមត្ថភាពក្នុងការបំបាត់ភាពព្រិល(Blur)និង Noise លើរូបភាពចាស់ៗដែលមិនសូវច្បាស់។
វាមានជម្រើស RAM ចាប់ពី 12GB និង Storage 128GB ឡើងទៅ ហើយវាមានលែនកាមេរ៉ា3គ្រាប់ ដោយលែនគោលមានទំហំ 50PM លែន Ultra-Wide 12MP និងលែន Telephoto 48MP។ ចំពោះមុខងារពិសេសរបស់កាមេរ៉ាវាវិញ គេបានបញ្លូលមុខងារប្រព័ន្ធទប់លំនឹង optical image Stabilization និងអាចថតបានរហូតដល់កម្រិត 4K 60fps រួមជាមួយនឹងមុខងារថតបែប Cinema ថែមទៀតផង។
យ៉ាងណាមិញក្រុមហ៊ុន Google បានធ្វើកាសហការជាមួយ TikTok ក៏ដូចជា Snapchat ដើម្បីឱ្យបើកទទួលនូវវីដេអូគុណភាពខ្ពស់ចេញពី Google Pixel និងដាក់បញ្ចូលទៅក្នុងផ្លេតហ្វមរទាំងនោះដើម្បីកុំឱ្យបាត់បង់គុណភាពវិដេអូដើម។
អត្ថបទដោយ៖ រិន មករា