Facebook គាំងមួយយប់ មេ Telegram ថាមនុស្សសម្រុកមកប្រើច្រើន នៅឆ្លៀតផ្លែផ្កាប៉ុន្មានម៉ាត់ទៀត
Sakada Techie
MARCH 6 2024
អាជីវកម្ម 4.0
1.4 K views
1 min read

កាលពីយប់ថ្ងៃទី ៥ ខែមីនាកន្លងទៅនេះ មានការស្លោស្លន់សឹងមួយពិភពលោកដោយហេតុថាមិនអាចចូលគណនីរបស់ខ្លួនបាន ហើយខ្លះទៀតបារម្ភថាមានការជ្រៀតជ្រែកយកទិន្នន័យរបស់ខ្លួនជាដើម។ យ៉ាងណា ពីសំណាក់អ្នកនាំពាក្យក្រុមហ៊ុន Meta លោក Andy Stone បានឱ្យដឹងថា ការណ៍នេះមកអំពី បញ្ហាបច្ចេកទេសដោយលោកបានសរសេរបង្ហោះលើគណនីបណ្ដាញសង្គម Twitter របស់ខ្លួន។

ជាមួយគ្នានេះដែរ ក្រៅតែពីការឌឺដងពីសំណាក់លោក Elon Musk ដែលជាម្ចាស់ផ្លេតហ្វមបណ្ដាញសង្គម X យើងស្គាល់ពីមុនថាជា Twitter លោក Pavel Durov នាយកប្រតិបត្តិក្រុមហ៊ុន Telegram ក៏បានបញ្ចេញពីមតិយោបល់របស់ខ្លួនចំពោះរលកនៃការគាំងផ្លេតហ្វម Meta បើកមិនចេញនេះផងដែរ។

ជាកិច្ចបើកទំព័រនៃការបង្ហោះរបស់គាត់នៅលើ Telegram ដំបូង គាត់ធ្វើការអួតថាក្នុងរយៈកាលប៉ុន្មានម៉ោងដែល Instagram និង Facebook គាំងបើកមិនចេញនេះ មានមនុស្សជាច្រើនលាននាក់បានសម្រុកចុះឈ្មោះ បង្កើត និង ចែករំលីកមាតិការ នៅលើ Telegram។

អួតមិនអស់ចិត្ត នៅឆ្លៀតលើកផ្លេតហ្វមខ្លួនទៀតថា គួរឱ្យទុកចិត្តជាងសេវាកម្ម (ទំនងថាឱ្យ Meta) ខណៈដែលគាត់ចាយលុយទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាសម្រាប់អ្នកប្រើប្រាស់ម្នាក់ៗតិចជាង ៣ ៤ ដងឯណោះ។

ជាងនេះទៅទៀត លោក Durov ថាក្រុមហ៊ុនគាត់ធ្វើការមានប្រសិទ្ធភាពខ្ពស់ជាង Meta ដោយគាត់ប្រើប្រាស់ បុគ្គលិកតិចជាង Meta ១ពាន់ដង តែអាចបញ្ចេញមុខងារថ្មីប្រកបដោយនវានុវត្តលឿនជាង Meta។

ជាចុងក្រោយ ផ្សារភ្ជាប់ជាមួយរឿងគាំងបើកមិនចេញ លោក Durov លើកឡើងថានៅឆ្នាំ ២០២៣ Telegram បើកមិនចេញសោះតែម្ដងសរុបពេលទៅត្រឹមតែ ៩នាទីប៉ុណ្ណោះ។

សារដើម៖

Screenshot 2024 03 06 at 1.00.22 in the Afternoon

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia