កាលពីថ្ងៃច័ន្ទកន្លងទៅនេះក្រុមហ៊ុន LG បានដាក់បង្ហាញប្រភេទ Laptop Gaming ដំបូងបង្អស់របស់ខ្លួនឈ្មោះថា UltraGear 17G90Q ជាប្រភេទ Laptop ប្រណីតជាមួយនឹងម៉ាស៊ីនកម្រិតកំពូលត្រៀមនឹងចេញលក់នៅឆ្នាំក្រោយនេះហើយ។
កុំព្យូទ័រយួរដៃនេះមានទំហំអេក្រង់ 17.3 Inch បំពាក់អេក្រង់ LCD ប្រភេទIPS មានកម្រិតភាពច្បាស់ FullHD 1080P ជាមួយនឹងកម្រិត Refresh Rate ខ្ពស់រហូតដល់ទៅ 300Hz បំពាក់ CPU Intel ជំនាន់ទី ១១ ចុងក្រោយបំផុត។
LG មិនធ្វើលេងៗនោះទេ សម្រាប់ Graphics Card កុំព្យូទ័រយួរដៃ UltraGear នេះមានបំពាក់មកនូវពពួក Nvidia GeForce RTX 3080 Max-Q។ អ្នកទិញមានជម្រើសអាចជ្រើស RAM 16GB ឬ 32GB ជាប្រភេទ RAM DDR4 រីឯអង្គផ្ទុកទិន្នន័យវិញជាប្រភេទ M.2 NVMe មានទំហំរហូតដល់ 1TB។
មិនដើរក្រោយគេទេ LG កុំព្យូទ័រនេះមានបច្ចេកវិទ្យាចុងក្រោយជាច្រើនទៀតដូចជាមានបំពាក់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃល្បឿនលឿននៅប៊ូតុងPower កម្រិត Webcam រហូត 1080P ឧបករណ៍ស្រូបសម្លេងប្រភេទ Dual Mic មានបំពាក់កាមេរ៉ា IR សម្រាប់ស្កេនមុខ ចំណែក Speaker ជាប្រភេទ Stereo ជាមួយនឹងបច្ចេកវិទ្យា DTS X Ultra។
ពិតណាស់ថាកុំព្យូទ័រ Gaming ប្រាកដជាត្រូវការប្រព័ន្ធត្រជាក់ខ្លាំងហើយ ដោយ LG អះអាងថាបំពាក់បច្ចេកវិទ្យាប្រព័ន្ធត្រជាក់ Vapor Chamber និងមានកម្មវិធី UltraGear Studio សម្រាប់គ្រប់គ្រងមុខងារ ល្បឿនកង្ហារ ឬក៏ក្ដារចុច RGB ជាដើម។
សម្រាប់តម្លៃ LG មិនទាន់បង្ហើបឱ្យដឹងថាប៉ុន្មាននោះទេ ប៉ុន្តែ LG គ្រោងនឹងបញ្ចេញលក់ជាផ្លូវការនៅដើមឆ្នាំ ២០២២ នេះហើយ។