ទីក្រុងសិនជិន៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានធ្វើការប្រារព្ធកម្មវិធីសន្និសីទដៃគូអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៣ (Huawei Asia Pacific Partners Conference 2023) ប្រារព្ធឡើងនៅទីក្រុងសិនជិន ប្រទេសចិន ដែលមានការចូលរួមពីអតិថិជន និងដៃគូរសហការក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ហៅកាត់ថា (ICT) ជាច្រើននាក់ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តការណ៍ឆ្ពោះទៅរកភាពរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជិថលនាពេលអនាគត។
នៅក្នុងឱកាសនេះផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានធ្វើដាក់បង្ហាញនូវផលិតផល ក៏ដូចជាដំណោះស្រាយបច្ចេកវិទ្យាថ្មីៗជាច្រើន។ ហើយជាពិសេស ក្រុមហ៊ុន Huawei ក៏បានធ្វើការប្ដេជ្ញាចិត្ត សហការជាមួយនិងដៃគូរ ក៏ដូចជាអតិថិជនរបស់ខ្លួន តាមរយៈការស្រាវជ្រាវស្វែងរកបច្ចេកវិទ្យាថ្មីៗ ដែលនឹងរួមចំណែកជំរុញអាជីវកម្មអតិថិជនរបស់ខ្លួននៅអាស៊ីឱ្យកាន់តែទំនើប និងរីកចម្រើនខ្លាំងនៅក្នុងសង្គមសេដ្ឋកិច្ចឌីជីថល។
ថ្លែងនៅក្នុងឱកាសនេះផងដែរ លោក Kevin Hu ប្រធានផ្នែកផលិតផលទំនាក់ទំនងទិន្នន័យរបស់ក្រុមហ៊ុន Huawei បានលើកឡើងយ៉ាងដូច្នេះថា «Huawei Datacom នឹងបន្ដស្រាវជ្រាវបង្កើតផលិតផល និងដំណោះស្រាយបចេ្ចកវិទ្យាថ្មីៗ ឱ្យបានល្អបំផុត ដើម្បីសម្រេចបាននូវភាពជោគជ័យជាមួយនឹងដៃគូរសហការក៏ដូចជាអតិថិជនរបស់ខ្លួនក្នុងសេដ្ឋកិច្ចឌីជីថលនាពេលអនាគតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។
ក្រឡេកទៅមើលបច្ចេកវិទ្យាថ្មីៗ នៅក្នុងសន្និសីទដៃគូអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៣នេះវិញ នៅក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានធ្វើការប្រការចេញនូវដំណោះស្រាយបច្ចេកវិទ្យាបណ្ដាញពពកឆ្លាតវៃ (Intelligent Cloud Networks) ជាមួយនឹងឧបករណ៍ CloudEngine 16800-X និង CloudEngine S16700 ជាមួយនឹងបច្ចេកវិទ្យាទំនើបឈានមុខគេ និងមាតតម្លៃសមរម្យផងដែរ។ បន្ថែមពីនេះទៀត ក្រុមហ៊ុន Huawei ក៏បានប្រកាសចេញនូវដំណោះស្រាយក្នុងការថែរក្សា និងផ្ទុកទិន្នន័យថ្មី OceanStor Dorado 2000 All-Flash ដែលអាចជួយឱ្យម្ចាស់អាជីវកម្មខ្នាតតូចនឹងមធ្យោម ក៏ដូចជាសហគ្រាសអាចធ្វើការបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ (Storage) បានយ៉ាងងាយស្រួល មានដំណើរការរលូន និងមានសុវត្ថិភាពខ្ពស់ផងដែរ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Huawei ក៏បានបង្ហាញពីដំណោះស្រាយបណ្ដាញអ៊ីនធឺណិត F5G Intelligent OptiX Network ដែលអាចជួយឱ្យអាជីវកម្មខ្នាតតូចនឹងមធ្យោម បង្កើតមូលដ្ឋានគ្រិះប្រព័ន្ធបណ្ដាញទៅតាមតម្រូវការជាក់ស្ដែង ដែលអាចជួយឱ្យដៃគូរ ក៏ដូចជាអតិថិជនរបស់ខ្លួនអាចធ្វើការរក្សារ និងផ្ទេរទិន្នន័យ (Data) ក្នុងស្ថាប័នបានកាន់តែមានភាពងាយស្រួល មិនរអាក់រអួន និងមានសុវត្ថិភាពខ្ពស់ផងដែរ ខណៈទិន្នន័យ (Data) គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ស្ថាប័ននីមួយៗក្នុងសម័យឌីជីថលនេះ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏បានធ្វើការប្រកាសពីសេវាកម្ម Portfolio Solutions ដែលធ្លាប់ជួយអតិថិជន និងដៃគូសហការជាច្រើន ទៅលើកិច្ចការងារបង្កើតហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ក៏ដូចជាការជួយអតិថិជនរបស់ខ្លួនផ្លាស់ប្ដូរពីអគារធម្មតា ទៅជាអគារឌីជីថលឆ្លាតវៃ ពោពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ដែលធ្វើឱ្យបុគ្គលិកអាចធ្វើការបានកាន់តែឆាប់រហ័ស បង្កើនផលិតភាពការងារ និងមានសុវត្ថិភាពខ្ពស់ផងដែរ ស្របពេលដែលបច្ចុប្បន្ននេះ ស្ថាប័ននីមួយៗ ត្រូវការការវិវត្តន៍ពីស្ថាប័នធម្មតាទៅជាស្ថាប័នដែលសំបូរទៅដោយបច្ចេកវិទ្យាឌីជីថលទំនើបៗ ចូលទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ទើបអាចអាចប្រគួតប្រជែង និងដើរទាន់គេនៅក្នុងសម័យឌីជីថលនេះ។
លោក Michael Ma អនុប្រធានសាជីវកម្ម និងជាប្រធានផ្នែកគ្រប់គ្រងផ្នែកផលិតផល ICT Portfolio Management & Solutions នៃក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានលើកឡើងថា ដើម្បីបំពេញតម្រូវការក្រុមហ៊ុនជាច្រើនដែលកំពុងតែរកស៊ីនៅក្នុងវិស័យចំរុះខុសៗគ្នា ក្នុងការវិវត្តន៍ខ្លួនទៅជាស្ថាប័នឌីជីថលឆ្លាតវៃ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានសម្រេចធ្វើការច្របាច់បញ្ចូលគ្នារវាងផលិតផល ICT ជាមួយនឹងសេវាកម្ម Portfolio Solutions។ ហើយការធ្វើបែបនេះគឺអនុញ្ញាតឱ្យ Huawei អាចជួយសម្រួលដល់ កិច្ចការងារស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ការធ្វើទីផ្សារ ការលក់ និងការផ្ដល់សេវាកម្មរបស់អតិថិជនរបស់ខ្លួនកានតែមានភាពសាមញ្ញ មានប្រសិទ្ធិភាពខ្ពស់ជាងមុន ដែលនឹងជួយឱ្យអាជីវកម្មរបស់ដៃគូរសហការរបស់យើងទទួលបាននូវភាពជោគជ័យ។
គួរជម្រាបផងដែរថា Huawei គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងឈានមុខគេនៅលើពិភពលោក។ ហើយជារៀងរាល់ឆ្នាំក្រុមហ៊ុន Huawei តែងតែប្រារព្ធកម្មវិធី កម្មវិធីសន្និសីទដៃគូអាស៊ីប៉ាស៊ីហ្វិកឆ្នាំប្រចាំឆ្នាំដើម្បីបង្ហាញពីដំណោះស្រាយបច្ចេកវិទ្យាថ្មីៗចុងក្រោយទៅកាន់ដៃគូរសហការ និងអតិថិជនរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាក់ស្ដែង ហើយសម្រាប់ឆ្នាំ២០២៣នេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ ចុងក្រោយជាច្រើន ដែលឆ្លើយតបទៅនឹងបញ្ហាអតិថិជនរបស់ខ្លួន។ ហើយនៅក្នុងសន្និសីទឆ្នាំ២០២៣នេះ ក្រុមហ៊ុន Huawei បានប្ដេជ្ញាចិត្តក្នុងការសហការជាមួយនឹងអតិថិជន ក៏ដូចជាដៃគូសហការរបស់ខ្លួន នៅក្នុងស្រាវជ្រាវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញអាជីវកម្មនៅអាស៊ីប៉ាស៊ីហ្វិកាន់តែទំនើប និងមានការរីកចម្រើនទៅមុខនៅក្នុងសម័យឌីជីថល៕