បើគេនិយាយដល់កម្មវិធីផ្ញើសារ ច្បាស់ណាស់គេនឹងនឹកស្រមៃទៅដល់កម្មវិធីធំៗ នៅលើពិភពលោក តួយ៉ាងដូចជា៖ កម្មវិធីផ្ញើសារ Messenger, Telegram, WeChat ឬ Line ជាដើម។ បណ្ដាញទំនាក់ទំនងទាំងនេះ បានជ្រាបចូលទៅក្នុងក្រអៅបេះដូងមនុស្សជាច្រើនលាននាក់ នៅលើសកលលោក បូកទាំងប្រជាជនកម្ពុជាយើងផងដែរ។ ជាការពិត រាល់ការផ្ញើសារនៅលើកម្មវិធីធំៗ ដូចដែលបានរៀបរាប់ខាងលើនេះ យើងពិបាកនឹងគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន ពោលគឺមិនដឹងថាគេនឹងយកព័ត៌មានយើងទៅធ្វើអ្វីខ្លះនោះទេ ជាក់ស្តែងនៅលើ App Store ត្រង់ចំណុច App Privacy លើ App Telegram និង Messenger ត្រូវបានបង្ហាញថា មានការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ (Data Linked to You) ដែលបាននឹងកំពុងទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ប្រចាំថ្ងៃដូចជា៖ ប្រវត្តិនៃការទិញ, ព័ត៌មានហិរញ្ញវត្ថុ, ទីតាំង, ព័ត៌មានទំនាក់ទំនង, រូបថត និងព័ត៌មានទូទៅជាច្រើនទៀត។
ដើម្បីចូលខ្លួនមកដោះស្រាយបញ្ហាដ៏ធំនេះ «HelloTalk» ដែលជាបណ្ដាញទំនាក់ទំនងបង្កើតឡើងដោយស្នាដៃកូនខ្មែរពិតៗ បានរំលេចរូបរាងឡើង បន្ទាប់ពីក្រុមការងារជំនាញបានចំណាយពេលទាំងយប់ទាំងថ្ងៃ ពោលគឺជាង ២ ឆ្នាំ ដើម្បីបង្កើតកម្មវិធីផ្ញើសារមួយនេះទ្បើង សម្រាប់ប្រជាជនខ្មែរប្រើប្រាស់ប្រចាំថ្ងៃ ដែលមានមុខងារសំខាន់ៗដូចជា៖ ការផ្ញើសារជាអក្សរ សំឡេង វីដេអូ និងផ្ញើឯកសារផ្សេងៗ។ ដើម្បីជ្រាបកាន់តែច្បាស់ ក្រុមការងារ Technology Cambodia បានស្កាត់ទៅជួបជាមួយលោកស្រី ហ្លួង កល្យាន ដែលជានាយកប្រតិបត្តិ (CEO) របស់កម្មវិធី HelloTalk ផ្ទាល់ ដើម្បីចង់ដឹងពីគោលបំណង និងមុខងារពិសេសៗរបស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គមខ្មែរមួយនេះ។
បើតាមការបញ្ជាក់របស់លោកស្រី ហ្លួង កល្យាន នាយកប្រតិបត្តិ (CEO) របស់ «HelloTalk» បានឱ្យដឹងថាកម្មវិធីផ្ញើសាររបស់ខ្មែរដំបូងគេមួយនេះ ទើបតែធ្វើរួចរាល់ទេ ប៉ុន្តែទម្រាំសម្រេចដាក់ឱ្យប្រើប្រាស់ ក្រុមការងារជំនាញព័ត៌មានវិទ្យា និងអ្នកសរសេរកម្មវិធី (ប្រូក្រាម) បានចំណាយពេលជាង ២ ឆ្នាំ ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីបណ្តាញទំនាក់ទំនងសង្គមខ្មែរមួយនេះ ដំណើរការទៅដោយរលូន និងមានសុវត្ថិភាពគួរជាទីទុកចិត្តបំផុតក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ លោកស្រីបានបន្តថា «HelloTalk» គឺផ្ដោតសំខាន់ទៅលើការការពារទិន្នន័យរបស់អ្នកប្រើប្រាស់ ជាចាំបាច់បំផុត ពោលគឺ «HelloTalk» មិនច្បាមយករាល់ទិន្នន័យរបស់អ្នកប្រើប្រាស់ សូម្បីតែប៉ុនចុងក្រចកក៏ដោយ។
លោកស្រីបានបន្ថែមដោយទំនុកចិត្តថា «HelloTalk» មានការទទួលស្គាល់ត្រឹមត្រូវពី Play Store (Android) និង App Store (iOS) ដើម្បីបញ្ជាក់ពីភាពស្អាតស្អំថា កម្មវិធីមួយនេះ ពិតជាមិនបានលួចយកទិន្នន័យអ្នកប្រើប្រាស់ទៅលក់ ដូចជា WeChat ឬ Telegram នោះទេ។ បញ្ជាក់ត្រង់ចំណុចនេះ លោកស្រីបានសង្កត់ធ្ងន់ថា សព្វថ្ងៃនេះលោកស្រីពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង អំពី ព័ត៌មានឯកជនភាព ទាំងប្រជាជនទូទៅ និងមន្ត្រីរាជការថ្នាក់ជាតិ ដែលកំពុងប្រើកម្មវិធីបរទេស ដើម្បីផ្ញើឯកសារ និងព័ត៌មានសំខាន់ៗជាច្រើន ខណៈសាមីខ្លួន មិនបានដឹងថារាល់ការផ្ញើទាំងអស់នោះ អាចបង្កជាបញ្ហាអ្វីខ្លះ ក្នុងកាលៈទេសៈណាមួយ ដែលសារ ឬឯកសារទាំងអស់នោះ ត្រូវបានបែកធ្លាយ ដោយពុំបានដឹងមុននោះទេ។
ដោយមើលឃើញបែបនេះហើយ ទើបលោកស្រី និងក្រុមការងារជំនាញ បានព្យាយាមធ្វើយ៉ាងណាកសាងកម្មវិធីបណ្តាញទំនាក់ទំនងសង្គមខ្មែរមួយនេះទ្បើង សម្រាប់ប្រជាជនខ្មែរ ឱ្យមានអ្វីមួយជារបស់ខ្លួន ដោយលែងពឹងពាក់កម្មវិធីបរទេសតទៅទៀត។ លោកស្រីបានបន្តថា បច្ចុប្បន្ន «HelloTalk» បាននឹងកំពុងបំពេញតម្រូវការសំខាន់ៗជាច្រើន ដោយក្នុងកម្មវិធី «HelloTalk» បានបញ្ចូលនូវមានមុខងារល្អៗ ដូចជា៖ ឆាតជាអក្សរ សំឡេង វីដេអូ Sticker ស្កេន QRCode ផ្ញើឯកសារ និងមុខងារពិសេសៗមួយចំនួនផ្សេងទៀត។
លោកស្រីបានបញ្ជាក់ទៀតថា លើកម្មវិធី «HelloTalk» ក៏បានបន្ថែមនូវប្រព័ន្ធសុវត្ថិភាព Electronic Know Your Customer (e-KYC) ដែលអាចផ្ទៀងផ្ទាត់ព័ត៌មាន និងអត្តសញ្ញាណរបស់អតិថិជន ដោយសម្គាល់មុខមនុស្សបានច្បាស់ ៩៨% ពោលគឺនៅលើ «HelloTalk» មិនមានអ្នកចង់ក្លែងបន្លំគណនីបានងាយៗឡើយ។ សម្រាប់អ្នកមិនទាន់ប្រើ ឬ ចង់ប្រើកម្មវិធីរបស់ខ្មែរមួយនេះ អាចចូលទៅទាញយកបានទាំងនៅលើ Play Store (Android) និង App Store (iOS)។
ក្នុងនាមយើងជាអ្នកកំពុងប្រើប្រាស់បណ្តាញទំនាក់ទំនងយ៉ាងសកម្មសព្វថ្ងៃនេះ តើអ្នកប្រាកដទេថា រាល់ទិន្នន័យដែលអ្នកបានផ្ញើចេញ នឹងមិនបែកធ្លាយ ឬ វាត្រូវដល់ពេល ដែលអ្នកគួរងាកមកជ្រើសរើសបណ្តាញទំនាក់ទំនងដែលទិន្នន័យរបស់អ្នកត្រូវបានធានា ១០០% ថានឹងមិនបែកធ្លាយ ? HelloTalk គឺជាចម្លើយ !!!
អត្ថបទដោយ៖ ផែន ផាន់ណា