អបអរសាទកម្ពុជា មានស្ថានីយ៍សាកថ្មយានយន្តអគ្គិសនីទី២ នៅភ្នំពេញហើយ ដែលមានទីតាំងនៅស្ថានីយ៍ប្រេងឥន្ធន:កាល់តិចទី៥០ ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានអញ្ជើញចូលរួមសម្ពោធយ៉ាងខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ។
ក្នុងឳកាសប្រារព្ធពិធីសម្ពោធនេះផងដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងរំលឹកអំពីកំណើរនៃការចុះបញ្ជីយានយន្តអគ្គិសនីដែលចំនួនកើនឡើងខ្លាំងរហូត 700% រយ:ពេល៣ខែដំបូងឆ្នាំ២០២២ ប្រៀបធៀបនឹងរយ:ពេលដូចគ្នានៅឆ្នាំ២០២១ ។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា «ដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និងបានបើកសម្ពោធឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកដំបូង ដែលផ្ដល់ដោយអង្គការUNDPនៅទីស្តីការក្រសួងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ហើយក្រសួងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកទី ២ ដែលផ្ដល់ដោយអង្គការ UNDPនៅក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃស្អែក » ។
ម្យ៉ាងវិញទៀត លោកក៏បានឆ្លៀតថ្លែងអំណរគុណទៅកាន់ក្រុមហ៊ុនកាល់តិច ដែលបានវិនិយោគនៅកម្ពុជា ក្នុងទិសដៅពង្រីកស្ថានីយផ្តល់សេវារបស់ខ្លួនឱ្យបាន១០០ស្ថានីយក្នុងរយៈពេល៣ឆ្នាំបន្ទាប់ និងដែលបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ។
គូសបញ្ជាក់ផងដែរថា ព្រិត្តិការណ៍នេះត្រូវរៀបចឡើង ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការស្ថានីយប្រេងឥន្ធនៈកាល់តិចទី៥០ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួង លោក Pongtorn Tangmanuswong ប្រធានក្រុមហ៊ុនឈេហ្វរ៉ុន (ខេមបូឌា)លីមីធីត មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង លោកស្រី Sim Kongkea ម្ចាស់ស្ថានីយប្រេងឥន្ធនៈកាល់តិច និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ៕
ប្រភព៖
អត្ថបទដោយ៖ ព្រឹម ភក្ដី (Fb : Pheakdey Prem , Telegram : 0102720222 )