ផ្ទុយស្រឡះពីមនុស្សភាគច្រើន ដែលប្រើជីវិត ឱបក្រសោបប្រាក់ខែ ដើម្បីចិញ្ចឹមក្រពះ លោកង៉ែត សុផាត សហស្ថាបនិក eCO ដែលជាផ្លែតហ្វមមើលមីនុយឌីជីថល បានបោះបង់ការងារ ធ្លាប់ផ្ដល់ប្រាក់ចំណូលជាង ៥០០០ដុល្លារក្នុងមួយខែៗ ហើយត្រូវមកចំណាយពេលវេលាទាំងអស់ កសាងផ្លេតហ្វមមើលមីនុញឌីជីលថល ដោយគ្រាន់តែស្កេន QRCode។ សហគ្រិនរូបនេះគឺជាអតីតនិស្សិតអាយធីមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអតីតអ្នកធ្វើការក្នុងក្រសួងពាណិជ្ជកម្មមួយរូបផងដែរ។
ថ្មីៗនេះស្មេរបានណាត់ជួបជាមួយលោកសុផាត ដោយផ្ទាល់ នៅហាងកាហ្វេមួយកន្លែងឈ្មោះភ្លេងច័ន្ទ កៀកនឹងផ្សារបឹងកេងកង ដែលហាងនេះគឺកំពុងតែប្រើប្រព័ន្ធ QRCode របស់ eCO ផ្ទាល់តែម្ដង។ នៅពេលចាប់ផ្ដើមជជែកគ្នាអំពីសេវាកម្ម eCO ភ្លាម លោកសុផាតបានណែនាំឱ្យខ្ញុំស្កេន QRCode របស់ eCO សិន ហើយបន្ទាប់ពីខ្ញុំស្កេនរួច លោកបានបង្ហើរសម្ដីបីបួនម៉ាត់ថា “សេវាកម្មរបស់ eCO គឺមានតែប៉ុណ្ណឹង!!!”។ ថ្វីត្បិតថាពាក្យប៉ុន្មានម៉ាត់នេះសាមញ្ញ ប៉ុន្តែផ្លេតហ្វម eCO មិនសាមញ្ញឡើយ ពោលគឺខ្ញុំទទួលបានអារម្មណ៍ប្លែក ជាងការបើកមើលសៀវភៅម៉ឺនុយធម្មតា និងពុំចាំបាច់ឱ្យអ្នករត់តុឈរចាំច្រើននាទី ដើម្បីសួរថាយើងត្រូវការកម្ម៉ង់អ្វីដែលឬអត់?។
ខ្ញុំបានអង្គុយនៅលើសាឡុងជិតគាត់ រួចហៅអ្នកលក់ នឹងបានកុម្ម៉ង់កាហ្វេតាមរយៈ QRCode របស់ eCO ហើយចាប់ផ្ដើមជជែកសួរនាំ ទៅកាន់អ្នកបង្កើត eCO ថា តើផ្ទាំង QRCode ពណ៌ត្រួយចេកនេះជាអ្វី ហើយម្ចាស់ហាងអាចចំណេញអ្វីខ្លះពី QRCode មួយសន្លឹកនេះ និងមូលហេតុអ្វីទើបលោកបង្កើតវាឡើង? ជាចម្លើយ លោកសុផាត បាននិយាយទាំងទឹកមុខញញឹម ប្រកបដោយទំនុកចិត្តថា eCo គឺជាសហគមន៍ឌីជីថលថ្មីមួយ ដែលយើងទើបនឹងបង្កើតឡើងបានជិត៣ខែ។ eCO មកពីពាក្យពេញថា Electronic Community ដែលវាគឺជាផ្លេតហ្វមសម្រាប់ភ្ញៀវស្កេនមើលមុខម្ហូបឬភេសជ្ជៈ សេវាកម្មផ្សេងៗ ដែលមាននៅក្នុងហាងទាំងអស់។
លោកបន្តថា ជារៀងរាល់ថ្ងៃមនុស្សតែងត្រូវការម៉ឺនុយ មុននឹងកម្ម៉ង់ទិញអាហារឬភេសជ្ជៈ ពីហាងណាមួយ។ ប៉ុន្តែមានបញ្ហាមួយចំនួន ដែលលោកប្រទះឃើញនោះ គឺអ្នកបម្រើភ្ញៀវឬអ្នករត់តុ ត្រូវដើរយកម៉ឺនុយឱ្យភ្ញៀវ រួចត្រូវឈរចាំភ្ញៀវកម្ម៉ង់។ ចំណែកភ្ញៀវក៏ត្រូវបង្ខំចិត្តជ្រើសរើសអ្វីដែលខ្លួនចង់បាន ឱ្យលឿនបំផុត ព្រោះមិនចង់ឱ្យគេនៅចាំយើងយូរ។ បញ្ហាមួយទៀតនោះ លោកមើលឃើញថា ម្ចាស់ហាងជាច្រើនត្រូវចំណាយលុយ ឌីហ្សាញម៉ឺនុង ថតរូបផលិតផល បោះពុម្ពសៀវភៅ អស់លុយជាច្រើន ប៉ុន្តែពេលបោះពុម្ពរួច មិនអាចសូម្បីតែកែប្រែតម្លៃប្រូម៉ូសិនមិនបានផង។
អង្គុយសញ្ចប់សញ្ជឹងគិតមើល ទាំងនៅប្រទេសក្បែរខាងកម្ពុជា និងនៅស្រុកខ្មែរផ្ទាល់តែម្ដង គឺកំពុងជួបប្រទះបញ្ហានេះដោយមិនដឹងខ្លួន ព្រោះវាបានក្លាយទៅជាទម្លាប់ហើយ។ មួយរយៈក្រោយ បន្ទាប់ពីបានស្រាវជ្រាវបញ្ហានោះហើយ លោកសុផាត បានស្វែងរកឃើញដំណោះស្រាយឃើញ គឺប្រើបច្ចេកវិទ្យា QRCode។ ដំណោះស្រាយនេះហើយ ដែលជាហេតុធ្វើឱ្យសហគ្រិនវ័យជិត៤០ឆ្នាំរូបនេះ នៅមិនសុខ រួចសម្រេចចិត្តថា ដល់ពេលឈប់ធ្វើការឱ្យគេ ហើយត្រូវងាកមកធ្វើអ្វីដែលខ្លួនស្រឡាញ់វិញម្ដងហើយ។
លោកបានថ្លែងទាំងកាយវិការដ៏រស់រវើកទៀតថា ចាប់តាំងពី eCO បានដាក់ឱ្យដំណើរការមក មកទល់ពេលនេះមានហាងជាង ៣០០ ហើយ ដែលកំពុងប្រើ QRCode របស់ eCO។ អ្នកលក់នៅក្នុងហាងភាគច្រើនបានប្រាប់លោកសុផាតថា តាំងពីបានប្រើ eCO មក ចំនួននៃការលក់កើនឡើងជាងមុនច្រើន ហើយចំណែកបុគ្គលិកក្នុងហាង លែងសូវហត់ដូចមុនៗទៀតហើយ ពោលគឺពេលភ្លៀវត្រូវការកុម្ម៉ង់អ្វីមួយ គ្រាន់តែបើកកាម៉េរាស្កេន QRCode នៅលើតុនោះ រួចហៅអ្នកលក់ប្រសិនបើនៅជិត ប៉ុន្តែបើនៅឆ្ងាយអាច Call ទៅអ្នកលក់ភ្លាមៗ តាមរយៈលេខទូរស័ព្ទដែលភ្ជាប់មកជាមួយ eCO ស្រាប់។
សហគ្រិនរូបនេះបញ្ជាក់ថា មានភ្ញៀវមួយចំនួនមិនបានដឹងសព្វគ្រប់អំពីផលិតផលក្នុងហាងទេ ប៉ុន្តែនៅលើ QRcode របស់ eCO បានបង្ហាញពីចំនួនផលិតផលក្នុងហាងមួយចប់តែម្ដង។ ដោយឡែកនៅលើ eCO គឺមានចំណុចពិសេស៦គឺ ភ្ញៀវអាចចូលមើលមីនុយ, មើលពីឈ្មោះ ទីតាំងហាង, មើលលេខកូដ Wifi, មើលធនាគារណាខ្លះ ដែលយើងអាចទូទាត់លុយបាន, និងតំណភ្ជាប់ តើហាងនេះបានប្រើបណ្ដាញសង្គម ឬមានដឹកជញ្ជូនតាមក្រុមហ៊ុនណាខ្លះ ឯចុងក្រោយគឺមើលពីការប្រម៉ូតសិនផលិតផលក្នុងហាងទាំងមូលតែម្ដង។
ថ្វីត្បិតថា នេះមិនមែនជាជោគជ័យធំដុំសម្រាប់លោក ង៉ែត សុផាត ក៏ពិតមែន ប៉ុន្តែសហគ្រិនឈាមត្រជាក់រូបនេះ នៅតែព្យាយាម ផ្ដាច់ប្ដូរ មិនចុះញ៉មនឹងឧបសគ្គ។ និយាយទៅបើលោកត្រូវចុះទៅភ្ជាប់សេវាកម្មរបស់ eCO ឱ្យភ្ញៀវ គឺលោកត្រូវតែចុះទៅ ទោះមិនទទួលបានលុយក៏ដោយ។ ការធ្វើដូច្នេះ ព្រោះលោកមានគោលដៅច្បាស់លាស់ និងស្គាល់ខ្លួនឯងច្បាស់ណាស់ ទោះដឹងថាទៅថ្ងៃមុខ មានរនាំបញ្ហាបែបណាទៀតក៏ដោយ។
សម្រាប់ម្ចាស់ហាងវិញ ក៏មិនចាំបាច់បារម្ភច្រើនអំពីការប្រើប្រព័ន្ធ QRCode របស់ eCO ដែល ពោលគឺ eCO បានរៀបចំវីដេអូបង្រៀនរួចជាស្រេច ចំពោះម្ចាស់ហាង។ ទាំងរបៀបកែប្រែតម្លៃ ដាក់បញ្ចូលរូបភាព និងការប្រើផ្លេតហ្វម eCO ទាំងមូលតែម្ដង។ ចង់ប្រើ eCO លោកអ្នកអាចទាក់ទងមក eCO តាមផេកផ្លូវការ ដែលមានឈ្មោះថា eCO ចូលរួមអភិវឌ្ឍសហគមន៍យើងទៅជាឌីជីថល និងនិរន្តរភាព ឬតាមរយៈលេខទូរស័ព្ទ 096 888 9989៕
អត្ថបទដោយ៖ ផែន ផាន់ណា