យោងតាមការចុះផ្សាយចេញពី Nikkei Asia បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្នុងប្រទេសថៃ មានបណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើនមកពីគ្រប់ទិសទី ក្នុងនោះយីហោដែលមកពីប្រទេសចិនគឺមានការគាំទ្រខ្លាំងជាងគេ ជាក់ស្តែងដូចជាក្រុមហ៊ុន Ora Good Cat ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន GWM ដោយបានលក់រថយន្តអគ្គិសនីចំនួន ៥០០ គ្រឿងអស់គ្មានសល់ត្រឹមតែ ៥៨ នាទី តែប៉ុណ្ណោះ ។
យ៉ាងណាមិញ ការកើនឡើងសន្ទុះនៃអ្នកប្រើប្រាស់រថយន្តអគ្គិសនីរបស់ប្រជាជនថៃនេះ ក៏ដោយសារតែរដ្ឋាភិបាលថៃបានជួយឧបត្ថម្ភប្រាក់ 150000បាត ស្មើនឹង 4240ដុល្លារក្នុង ១គ្រឿង ដើម្បីកាត់បន្ថយតម្លៃរថយន្តអគ្គិសនីទាំងអស់ក្នុងប្រទេសថៃ មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាលថៃសម្រេចទម្លាក់ពន្ធពី 8% ទៅ 2% ជាថ្នូរដែលបានសន្យាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានរោងចក្រនៅក្នុងស្រុក សម្រាប់ឆ្នាំ២០៣០ ។
ដោយឡែក ក្រុមហ៊ុនធំ Great Wall Motor (GWM ) ជាយីហោរបស់ប្រទេសចិនដ៏ល្បី និងពេញនិយមខ្លាំងនៅក្នុងប្រទេសថៃ ដោយបានលក់រថយន្តអគ្គិសនីចំនួន ២០០០គ្រឿងរាប់ចាប់តាំងពីបានចូលទីផ្សារក្នុងស្រុកថៃកាលពីឆ្នាំ ២០២១ ហើយបច្ចុប្បន្ននេះ GWM ទទួលបានការកក់ពីអតិថជនចំនួន ៣០០០ គ្រឿងបន្ថែមទៀត ។
ដូច្នេះសឲ្យបានឃើញថា ការរីកចម្រើនលើរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃមានសន្ទុះកើនឡើងជាខ្លាំង អាស្រ័យហេតុនេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikron បាននិយាយក្នុងបទសម្ភាសន៍ជាមួយនឹង Nikkei asia បានព្យាករណ៍ថា ប្រទេសថៃនឹងមានក្រុមហ៊ុនប្រកួតប្រជែងជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឲ្យតម្លៃរថយន្តអគ្គិសនីអាចនឹងធ្លាក់ថ្លៃបន្ថែមមួយកម្រិតទៀត ហើយគេក៏បានប៉ាន់ប្រមាណទៀតថាប្រទេសថៃនឹងមានអ្នកប្រើប្រាស់រថយន្តអគ្គិសនី អាចច្រើនជាង ១០០០០ គ្រឿង ក្នុងឆ្នាំ២០២២ នេះ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី