https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ច្បាស់ការហើយ! ពិធីបើក និងបិទអាស៊ានប៉ារ៉ាហ្គេម នឹងធ្វើដូចការបិទបើស៊ីហ្គេម កាលពីកន្លងទៅដែរ ខុសតែទម្រង់ប៉ុណ្ណោះ
ផាន់ណា - Phanna
MAY 31 2023
នវានុវត្តន៍
500 views
3 mins read

កាលពីពិធីបើកនិងបិទស៊ីហ្គេមលើកទី៣២ ដែលប្រព្រឹត្តិទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ អ្នកចូលរួមទស្សនាលើអនឡាញ និងផ្ទាល់ ពិតជាមិនអាចបំភ្លេចបាននូវព្រឹត្តិការ ឬការបង្ហាញឈុតឆាកសម្ដែងដ៏អស្ចារ្យ អំពីដំណើរជាតិកម្ពុជា។ សម្រាប់ដំណឹងដ៏រីករាយថ្មីមួយទៀត គឺពិធីបើកនិងបិទអាស៊ានប៉ារ៉ាហ្គេម ដែលនឹងចូលមកដល់នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ក៏នឹងរៀបចំដូច ពិធីបើកនិងបិទស៊ីហ្គេមលើកទី៣២ផងដែរ ប៉ុន្តែខុសត្រង់តែទម្រង់ប៉ុណ្ណោះ។

Photo 2023 05 31 10 26 51

បើយោងតាមផេកផ្លូវការរបស់ Cambodia 2023 បានឲ្យដឹងថា “ឯកឧត្តមបណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអះអាងថា ពិធីបើក-បិទ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៣ និងទី៩ ខែមិថុនា ខាងមុខនេះ នឹងមានការរៀបចំឱ្យបានល្អ ដូចគ្នាទៅនឹងពិធីបើក-បិទស៊ីហ្គេម លើកទី៣២ កន្លងមកដែរ គ្រាន់តែវាមានទម្រង់ប្លែកពីគ្នា។”

Photo 2023 05 31 10 26 50

ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងបែបនេះ ក្នុងពេលឯកឧត្តម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសមាសភាព និងទទួលយកបណ្ណចូលរួម សម្រាប់ពិធីបើក-បិទ ជាផ្លូវការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយឯកឧត្តម បានឱ្យដឹងថា ពិធីបើក-បិទ នៃព្រឹត្តិការណ៍កីឡា សម្រាប់កីឡាករ កីឡាការិនីជនពិការ ជាលើកដំបូងនេះ នឹងធ្វើឱ្យបានល្អដូចស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែរ។ 

ឯកឧត្តមបណ្ឌិត ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងនោះ បានថ្លែងនៅក្នុងកិច្ចប្រជុំបែបនេះថា៖ «ពិធីបើកអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ខែមិថុនា គឺដូចយើងចូលរួមពិធីបើកស៊ីហ្គេម ហើយពិធីបិទក៏អ៊ីចឹងដែរ ទាំងបច្ចេកទេស ពិធីបើក ពិធីបិទ រឿងភ្លឺ សំឡេង ដូចនៅស៊ីហ្គេមអ៊ីចឹង»។

យ៉ាងណាក៏ដោយ ទាក់ទងទៅនឹងសំណួរ ដែលសួរបញ្ជាក់ថា តើការរៀបចំពិធីបើកអាស៊ានប៉ារ៉ាហ្គេម មានភាពអស្ចារ្យ និងល្អឯក ដូចពេលបើកស៊ីហ្គេម ឬអត់នោះ? ឯកឧត្តម ថោង ខុន បានបង្ហើបថា វាមានភាពប្លែកពីគ្នា ប៉ុន្តែធានាថា ល្អដូចគ្នា ព្រោះនេះជាលើកដំបូង ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា៖ «រឿងស៊ីហ្គេម ជាទម្រង់របស់ស៊ីហ្គេម វាល្អតាមបែបស៊ីហ្គេម ចំណែកអាស៊ានប៉ារ៉ាហ្គេមនេះ វាល្អតាមបែបអាស៊ានប៉ារ៉ាហ្គេម។ យើងធានាថា ល្អ តែល្អតាមបែបអាស៊ានប៉ារ៉ាហ្គេម អ៊ីចឹងយើងត្រូវខិតខំទាំងអស់គ្នា។ ម្យ៉ាងទៀត សម្តេចតេជោ នាយករដ្ឋមន្រ្តី លោកជាប្រធាន ហើយយើងទើបធ្វើជាលើកទី១ទៀត ដូច្នេះយើងត្រូវខិតខំរៀបចំឱ្យបានល្អ»។

ទន្ទឹមនឹងនេះ ប្រធាន NOCC រូបនេះ បានឱ្យដឹងទៀតថា ទីលានប្រកួត សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ បានរៀបចំរួចរាល់អស់ហើយ ចំណែកមន្រ្តីបច្ចេកទេស ជាចៅក្រម អាជ្ញាកណ្តាល ក៏បានត្រៀមរួចជាស្រេចដូចគ្នា ដើម្បីចូលរួមដឹកនាំ និងកាត់សេចក្តី ទៅលើប្រភេទកីឡាទាំង១៤ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ ក្នុងនោះមានកីឡាអត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡាដាក់បង្ហាញ E-Sport។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា៖ «ទីលានប្រកួត យើងបានរៀបចំរួចរាល់អស់ហើយ មិនលំបាកទេ ដោយសារតែស៊ីហ្គេម បានផ្តល់ឱកាស និងភាពងាយស្រួល ក្នុងការរៀបចំអាស៊ានប៉ារ៉ាហ្គេម ពិសេសទីតាំងប្រកួត និងកន្លែងរៀបចំ ដែលសល់ពីស៊ីហ្គេម គឺយើងបានរក្សាទុក សម្រាប់ប្រើប្រាស់ ក្នុងអាស៊ានប៉ារ៉ាហ្គេមនេះ ចំណែកក្រុមមន្រ្តីចៅក្រម អាជ្ញាកណ្តាល ក៏យើងបានត្រៀមរួចរាល់ដូចគ្នា»។

ជាមួយគ្នានេះ ឯកឧត្តម ថោង ខុន បានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់ក្រុមអត្តពលិកជនពិការកម្ពុជា ដែលមានសមត្ថភាព និងកម្រិតលេងខ្លាំង ដែលអាចនឹងដណ្តើមបានមេដាយច្រើនជូនជាតិ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកនេះ។ យ៉ាងណាក៏ដោយ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា សូមចូលរួមគាំទ្រដល់ការប្រកួតនេះឱ្យបានច្រើន ដើម្បីលើកទឹកចិត្តបន្ថែមទៀត ដល់ក្រុមអត្តពលិកជនពិការកម្ពុជា ហើយគណៈកម្មការគ្រប់ជំនាញរបស់ CAMSOC-CAMAPGOC ក៏ត្រូវបំពេញការងារឱ្យបានល្អ ដើម្បីភាពជោគជ័យ ការធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមនេះ។

អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានមានប្រសាសន៍ថា៖ «យើងបានដឹងហើយ ពីសារៈសំខាន់នៃអាស៊ានប៉ារ៉ាហ្គេមនេះ អ៊ីចឹងយើងមិនអាចធ្វើការដោយប្រហែសបានឡើយ គឺយើងធ្វើឱ្យបានម៉ត់ចត់ដូចស៊ីហ្គេមអ៊ីចឹង ហេតុនេះហើយ បានជារាជរដ្ឋាភិបាល បានចាត់តាំង និងបង្គាប់ឱ្យគណៈកម្មាធិការជាតិ CAMSOC បន្តដឹកនាំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះទៀត»៕

 

 

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth