ក្នុងព្រឹត្តិការណ៍ MRC River Monitoring Technology Competition នៅឯប្រទេសឡាវកាលពីថ្ងៃ ៣០ - ៣១ ខែមីនា ឆ្នាំ ២០២៣ នេះ និស្សិតកម្ពុជាមួយក្រុមទៀតមកពី CADT ដែលមានឈ្មោះពេញថា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានឈ្នះមេដាយជ័យលាភីលេខមួយ ក្រោមប្រធានបទ “Water Level Category”។
ក្នុងបទសម្ភាសន៍មួយជាមួយនឹងក្រុមការងារ Technology Cambodia លោក សួ ស៊ាងលី ដែលជា អ្នកគ្រប់គ្រង សម្រាប់ក្រុម CADT លោកបានបង្ហាញចំណាប់អារម្មណ៍ថា៖ «និស្សិតខ្មែររបស់យើង សមត្ថភាពរបស់ពួកគាត់មានការរីកចម្រើនខ្លាំងមែនទែន ក្នុងការប្រកួតប្រជែងទាំងថ្នាក់ជាតិ ថ្នាក់អន្តរជាតិ។ ហើយការចេញមកប្រកួតជាលក្ខណៈអន្តរជាតិនេះ ជួយឱ្យនិស្សិតទទួលចំណេះដឹងបន្ថែម ស្គាល់សមត្ថភាពខ្លួនឯងកាន់តែច្បាស់ថែមទៀត»។
លោក បានបន្ថែមផងដែរថា លទ្ធផលនេះសបញ្ជាក់ឱ្យឃើញថា និស្សិតដែលចេញពីសាកលវិទ្យាល័យនៅស្រុកយើង ពិតជាមានសមត្ថភាពពិតប្រាកដសម្រាប់ការប្រកួតប្រជែងទាំងក្នុង និង ក្រៅស្រុក ក៏ដូចជាកាន់នូវការងារទាក់ទងនឹងវិស័យបច្ចេកវិទ្យាបានយ៉ាងល្អពិតប្រាកដមែន។
គូសបញ្ជាក់ផងដែរថា ការប្រកួតប្រជែងនេះ មានការចូលរួមពីសំណាក់ ប្រទេសដែលជាអនុតំបន់ទន្លេមេគង្គចំនួន ៤ ប្រទេសគឺ កម្ពុជា វៀតណាម ថៃ និង ឡាវ ។