លេងមែនទែនហើយ! Microsoft ត្រៀមដាក់ ChatGPT ចូល Bing ដណ្ដើមឆ្នាំងបាយ Google ២០៨ពាន់លាន$
Navasiri Morm
FEBRUARY 8 2023
អាជីវកម្ម 4.0
602 views
2 mins read

កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានបង្ហើបពីគម្រោងការដាក់បញ្ចូលបច្ចេកវិទ្យា AI ChatGPT ចូលទៅក្នុងកម្មវិធី Bing ដែលជា Search Engine របស់ខ្លួន ដើម្បីទៅដណ្ដើមចំណែកទីផ្សារពី Google ខណៈកាលពីឆ្នាំ២០២២កន្លងទៅនេះ Google អាចរកចំណូលបានពីរហូតដល់ទៅ ២០៨ពាន់លានដុល្លារឯណោះ។

ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់មុខងារថ្មីនៅលើ Bing គឺត្រូវបាន Microsoft ធ្វើការដាក់បញ្ចូល ChatGPT ដែលជាកម្មវិធី Chatbot របស់ក្រុមហ៊ុន Open AI ដែលអាចឆ្លើយគ្រប់សំណួរបានស្ទើតែដូចមនុស្សកំពុងតែឆ្លងឆ្លើយគ្នាពិតៗ ពោលគឺលទ្ធផលនៃការសួរសំណួរផ្សេងៗ តាមរយៈ ChatGPT ទទួលបានលទ្ធផលមិនអន់ជាងការសួរសំណួរ ឬស្វែងរកអ្វីមួយលើ Google Search នោះឡើយ។

38

 ថ្វីត្បិតតែបច្ចុប្បន្ននេះ Google បាននឹងកំពុងតែកាន់កាប់ចំណែកទីផ្សារ Search Engine ជាង​ ៩០% ក៏ពិតមែន ប៉ុន្ដែការដាក់មុខងារ AI ថ្មីចូល Bing ទំនងជាអាចគំរាមកំហែងដល់ Google ដែលអាចនឹងត្រូវបានដណ្ដើមចំណែកទីផ្សារ ប្រសិនបើមនុស្សសម្រុកងាកទៅប្រើ Bing ច្រើន តាមរយៈទំនោរនៃមុខងារ AI ថ្មី ខណៈមួយរយៈចុងក្រោយនេះ ChatGPT មានការពេញនិយមយ៉ាងខ្លាំង ដោយគ្រាន់តែ ក្រុមហ៊ុន OpenAI ដាក់ឱ្យប្រើប្រាស់សាកល្បងជាផ្លូវការណ៍នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយត្រឹមរយៈពេលតែ៥ថ្ងៃ មានមនុស្សដល់ទៅជាង ១លាននាក់ឯណោះ ចូលទៅប្រើប្រាស់ដែលនេះ ជាតួរលេខដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

37

39

គួរជម្រាបផងដែរថា នៅដើមឆ្នាំ២០២៣ នេះក្រុមហ៊ុន Microsoft បានសម្រេចធ្វើការទម្លាក់ទុនវិនិយោគទៅលើ ChatGPT ជាមួយនឹងក្រុមហ៊ុន OpenAI រហូតដល់ទៅ ១០ពាន់លានដុល្លារ​ ដោយសារតែមើលឃើញពីសក្ដានុពលរបស់ ChatGPT។ បន្ថែមពីនេះទៀត សម្រាប់ការដាក់បញ្ចូល ChatGPT ជាមួយនឹង Bing អាចជាឱកាសមួយ នៅក្នុងការជំរុញ Bing ឱ្យទៅដណ្ដើមចំណែកទីផ្សារជាមួយនឹង Google ចំពេលដែល ChatGPT កំពុងតែពេញនិយម។

យ៉ាងណាក៏ដោយ យើងនឹងរង់ចាំមើលបន្ដទៀតថា តើការដាក់បញ្ចូល ChatGPT ទៅក្នុង Bing នឹងអាចជាចំណុចរបត់ ក្នុងការដែល Microsoft ដណ្ដើមចំណែកទីផ្សារ Search Engine យក្ស Google ដែលកំពុងតែក្ដាប់ទីផ្សារជាង ៩០% ឬយ៉ាងណា?

អត្ថបទពាក់ព័ន្ធ៖ អាចទេ? Bill Gates ថា ChatGPT នឹងដើរតួរសំខាន់ ដូចកុំព្យូទ័រ និងអ៊ីនធឺណិត ដែលបច្ចុប្បន្នមនុស្សមិនអាចខ្វះវាបាន

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (Tel: 0966034563 | Telegram: @Navasiri)

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia