ទៅចិន ត្រូវមាន App ៦នេះក្នុងទូរស័ព្ទ ងាយស្រួលដើរនៅស្រុកគេ
ផែន ផាន់ណា
OCTOBER 17 2023
គន្លឹះល្អៗ
385 views
3 mins read

សម្រាប់អ្នកដែលចង់ធ្វើដំណើរទៅកាន់ប្រទេសចិន ដោយមានភាពងាយស្រួល អាចធ្វើការទាញយក App មួយចំនួន ដាក់ក្នុងទូរស័ព្ទឱ្យហើយ ដើម្បីប្រើប្រាស់ពេលចូលទៅដល់ទឹកដីប្រទេសចិន ដោយក្នុងនោះចាបខៀវសូមប្រាប់ពី App ចំនួន៦ តាមបទពិសោធន៍ ដែលក្រុមការងារយើង បានធ្វើដំណើរទៅកាលពីកន្លងមក៖

1. Airalo

ពេលយើងចេញទៅប្រទេសក្រៅភាគច្រើនយើងនិយមចាំទិញស៊ីមស្រុកគេប្រើ តែចាបខៀវសូមណែរនាំ App មួយងាយស្រួលមិនបាច់បងប្អូនទិញស៊ីមទេ ដោយប្រើប្រាស់ប្រភេទស៊ីមអរូប e-sim វិញ។

មានជម្រើសសម្រាប់អ្នកប្រើ Smart Cellcard Metfone ក្នុងការប្រើប្រាស់ Roaming នៅចិនប៉ុន្តែសម្រាប់តម្លៃ Airalo អាចនឹងធូរថ្លៃជាង។

ប្រើ Airalo អ្នកប្រើប្រាស់មិនចាំបាច់ប្រើ VPN ទេ ដោយអាចប្រើ Facebook Google Tik Tok ដោយសេរី ដោយគ្រាន់តែបើក Data Roaming។

2. LetsVPN

ទោះជាយ៉ាងណាទៅចិនអត់ VPN មិនបានឡើយ ព្រោះកញ្ចប់អ៊ីនធឺណេតស៊ីមថ្លៃ ហើយបើចង់បាន unlimited data Roaming ស៊ីម Smart ក៏អស់ ១០ដុល្លារក្នុងមួយថ្ងៃដែរ ហេតុនេះជម្រើសក្នុងការប្រើប្រាស់ Wifi ល្អបំផុត។

ពេលភ្ជាប់ Wifi បើចង់ប្រើ Facebook Telegram Google Tik Tok ចាំបាច់ត្រូវប្រើ VPN ហើយសម្រាប់ VPN ល្បីៗដូចជា Nord Express Surfshark HMA ដំណើរការមិនបានល្អឬមិនដើរតែម្ដង ហើយជម្រើសកញ្ចប់តម្លៃក៏មិនមានជម្រើសធូរថ្លៃប៉ុន្មានដែរ។

ជាបទពិសោធន៍ចាបខៀវណែរនាំឱ្យប្រើប្រាស់ LetsVPN ដោយហេតុថា VPN មួយនេះដំណើរការល្អ ដូចយើងប្រើ Wifi អ៊ីនធឺណេតនៅខ្មែរដូច្នោះដែរ សម្រាប់តម្លៃ ចំណាយត្រឹមតែ៣ដុល្លារប៉ុណ្ណោះក្នុងមួយអាទិត្យ។

3. AliPay

នៅខ្មែរយើងប្រើ KHQR នៅចិនគេនិយមប្រើ WeChat Pay ឬ Alipay។ សម្រាប់ការធ្វើដំណើរទៅចិន អ្នកដំណើរខ្មែរយើងមិនចាំបាច់ដូរលុយច្រើនពេកក៏បាន បើមាន Alipay ស្កេនចាយលុយដូចនៅខ្មែរដូច្នោះឯងគ្រាន់តែអស់កម្រៃទូរទាត់ប្រតិបត្តិការ Transactions Fee ៣%។

4. WeChat

WeChat ជាមធ្យោបាយទាក់ទងចម្បងនៅចិន និង ជា SuperApp មួយប្រើបានមុខងារគ្រប់សព្វផងដែរ ជាពិសេសក្នុងពេលបច្ចុប្បន្នយើងត្រូវប្រើប្រាស់ WeChat ក្នុងការបំពេញសំណុំបែបបទប្រកាសសុខភាពចេញចូលប្រទេសចិន។

5. Maps.me

Google Maps ពិបាកនឹងប្រើនៅចិនណាស់ Maps ស្រួលប្រើក៏ភាគច្រើនជា App Maps របស់ចិនមានតែភាសាចិនដែរ យ៉ាងណាសម្រាប់ Maps.me ដំណើរការនៅទីនោះល្អដោយអាចទាញយកផែនទី Offline ទុកចៀសវាងវង្វេងផ្លូវបង្ការដែរ។

6. Google Translate

នៅចិនមិនប្រើភាសាអង់គ្លេសច្រើនទេ ហេតុនេះជម្រើសល្អអាចប្រើ Google Translate ទៅលើមុខងារ Conversation បាន ដោយនៅពេលជនជាតិចិននិយាយ យើងអាចឱ្យគាត់និយាយមកកាន់ App នេះហើយវានឹងបំប្លែងទៅជា ភាសាអង់គ្លេសឱ្យយើងបាន។ ប្រាកដហើយថាវាមិនសុក្រិត ១០០ភាគរយទេ តែអាចជួយយើងបាន។ 

នៅក្នុង App Alipay ក៏មានមុខងារ Translate ផងដែរ ប្រសិនបើ Google Translate មិនដំណើរការ។

អរគុណដល់ក្រុមហ៊ុន Huawei និង BYD ដែលបានអញ្ជើញក្រុមការងារចូលរួមកម្មវិធីរបស់ពួកគាត់នៅប្រទេសចិន ទទួលបទពិសោធន៍ល្អៗជាច្រើន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia