លើកទង់ជាតិខ្មែរលើឆាកអន្តរជាតិ! បច្ចេកវិទ្យាហិរញ្ញវត្ថុខ្មែរ BanhJi ជាប់ក្នុងបញ្ជីជ្រើសរើសទាំង១៥ប្រទេស ក្នុងចំណោមបេក្ខភាពមកពី ១២៧ប្រទេស
ផែន ផាន់ណា
MAY 7 2026
នវានុវត្តន៍
119 views
2 mins read

ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដ៏ល្អមួយនៅកម្ពុជាគឺ BanhJi ត្រូវបានប្រកាសជ្រើសរើសជាផ្លូវការឲ្យចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍អាជីវកម្មលំដាប់តំបន់ «Catapult: Inclusion SE Asia 3.0» ដោយបានសាងមោទនភាពយ៉ាងធំធេង ក្នុងនាមជាតំណាងប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ យោងតាមសេចក្តីប្រកាសផ្លូវការរបស់ស្ថាប័នរៀបចំកម្មវិធី BanhJi គឺជាក្រុមហ៊ុន១ ក្នុងចំណោមក្រុមហ៊ុន Fintech ឆ្នើមចំនួន ១៥ ប៉ុណ្ណោះ ដែលទទួលបានជោគជ័យក្នុងការជ្រើសរើសយ៉ាងសម្រិតសម្រាំង ចេញពីបេក្ខភាពដាក់ពាក្យសរុបចំនួន ១២៧ ក្រុមហ៊ុន មកពីជុំវិញពិភពលោក។

690749442 1424905383006631 2831728906007281441 N.jpg

កម្មវិធី "Catapult: Inclusion SE Asia 3.0" នេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នហិរញ្ញវត្ថុធំៗកម្រិតអន្តរជាតិ រួមមាន ស្ថាប័នបច្ចេកវិទ្យាហិរញ្ញវត្ថុលុចសំបួ (LHoFT), ក្រសួងការបរទេសលុចសំបួ (Luxembourg MFA), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), មូលនិធិវិនិយោគ ADB Ventures និងស្ថាប័ន NextFin Asia។

តាមរយៈការប្រកាសព័ត៌មាននេះ ក្រុមហ៊ុន BanhJi បានគូសបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ខ្លួនថា ដំណើរឆ្ពោះទៅរកការកសាងទំនុកចិត្ត និងបរិយាបន្នហិរញ្ញវត្ថុ គឺត្រូវតែធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការស្ថាប័ន មិនមែនធ្វើការដោយឯកឯងនោះទេ។ ជាក់ស្តែង ក្រុមហ៊ុនបាននិងកំពុងបន្តកិច្ចការងារយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ និងអន្តរជាតិសំខាន់ៗ ដូចជា NBC, FSA, ACAR, IFC។

515725942 1174459958051176 4475336575207313339 N.jpg

ជាផ្នែកមួយនៃកម្មវិធីដ៏មានកិត្យានុភាពនេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន BanhJi នឹងអញ្ជើញទៅកាន់ប្រទេសលុចសំបួ (Luxembourg) នាខែមិថុនា ខាងមុខនេះ ដើម្បីនាំយកទង់ជាតិកម្ពុជាទៅបង្ហាញដោយមោទនភាព ព្រមទាំងបង្ហាញពីសក្តានុពលនៃនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុឌីជីថល (Digital Finance) របស់ខ្មែរ នៅលើឆាកតំបន់ និងសកលលោក។

ជោគជ័យមួយនេះ សបញ្ជាក់ឲ្យឃើញពីការរីកចម្រើនគួរឲ្យកត់សម្គាល់នៃប្រព័ន្ធអេកូឡូស៊ី Tech Startup នៅកម្ពុជា ដែលកាន់តែមានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចឌីជីថលជាតិ៕

អត្ថបទដោយ៖ ផែន ផាន់ណា
អ្នកសរសេរមាតិការបច្ចេកវិទ្យាក្នុងស្រុក

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia