ចង់បាន IELTS ខ្ពស់ តែមិនដឹងវិធី! នេះជា AI ច្នៃបង្កើតដោយកូនខ្មែរ មានមុខងារពិសេសៗជួយអ្នក IELTS និងសាលាភាសាអង់គ្លេស ឲ្យមានប្រសិទ្ធិភាព
ផែន ផាន់ណា
MAY 8 2026
នវានុវត្តន៍
424 views
4 mins read

នៅក្នុងយុគសម័យដែលភាសាអង់គ្លេសជាស្ពានឆ្ពោះទៅរកឱកាសសកល ការប្រឡង IELTS បានក្លាយជាតម្រូវការចាំបាច់សម្រាប់សិស្ស និស្សិត និងអ្នកជំនាញទូទៅ។ យ៉ាងណាមិញ ការត្រៀមខ្លួនសម្រាប់ប្រឡងតែងតែទាមទារការចំណាយខ្ពស់ និងពេលវេលាយូរ។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះរវាងក្រុមការងារ Technology Cambodia និងលោក ប៊ិន ឆាយហុង ដែលជាសហស្ថាបនិកនៃ EinsteinAI ដែលមានជំនាញផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងការគ្រប់គ្រងភស្តុភារ និងខ្សែសង្វាក់ផ្គត់ផ្គង់ យើងបានស្វែងយល់យ៉ាងស៊ីជម្រៅអំពីវេទិកា AI ស្នាដៃកូនខ្មែរមួយនេះ ដែលកំពុងបដិវត្តន៍វិធីសាស្ត្រនៃការសិក្សាត្រៀមប្រឡង IELTS ឱ្យកាន់តែមានប្រសិទ្ធភាព និងចំណាយតិច។

88

89

លោក ប៊ិន ឆាយហុង បានលើកឡើងពីបញ្ហាប្រឈមជាក់ស្តែងនៅក្នុងទីផ្សារប្រទេសកំពុងអភិវឌ្ឍន៍ ដោយនិស្សិតដែលត្រៀមប្រឡង IELTS ដោយខ្លួនឯង ត្រូវចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ខ្ទង់រាប់រយ រាប់ពាន់ដុល្លារ និងចំណាយពេលរាប់ខែ ឬដល់ឆ្នាំ។ ពួកគេត្រូវទិញសៀវភៅ Cambridge ចាស់ៗ បង់ថ្លៃសាលារាប់រយដុល្លារ និងជួលគ្រូបង្រៀនបន្ថែម គ្រាន់តែដើម្បីចង់ដឹងពីសមត្ថភាពពិតប្រាកដរបស់ខ្លួន ហើយជារឿយៗលទ្ធផលនៅតែមិនឆ្លើយតបនឹងការរំពឹងទុក។ ដោយមើលឃើញពីបញ្ហានេះ EinsteinAI ត្រូវបានបង្កើតឡើងមិនមែនត្រឹមតែជា Chatbot ធម្មតាដូចជា ChatGPT ឬ Gemini នោះទេ ប៉ុន្តែជាវេទិកាដែលផ្តល់នូវ "ការផ្លាស់ប្តូរ" ពិតប្រាកដ ជួយឱ្យសិស្សអភិវឌ្ឍសមត្ថភាពភាសាអង់គ្លេស និងទទួលបានពិន្ទុខ្ពស់ពិតមែន។

90

អ្វីដែលធ្វើឱ្យ EinsteinAI ក្លាយជាវេទិកាដ៏លេចធ្លោ គឺការបំពាក់នូវមុខងារស្នូលចំនួន ៦ យ៉ាងពិសេស៖

1- AI Power Grading (ការផ្តល់ពិន្ទុសុក្រឹត 98.7%)៖ ការដាក់ពិន្ទុរបស់ AI គឺមានភាពសុក្រឹតខ្ពស់ ដោយផ្អែកលើស្តង់ដាររបស់សាកលវិទ្យាល័យ Cambridge ដែលប្រៀបបាននឹងក្រសួងអប់រំនៅស្រុកខ្មែរក្នុងការកំណត់ស្តង់ដារបាក់ឌុបអញ្ចឹងដែរ។ ដំណើរការនេះក៏មានការត្រួតពិនិត្យ (Flow Check) ពីសំណាក់គ្រូជំនាញៗមកពីប្រទេសអាល្លឺម៉ង់ផងដែរ។

2- Custom Mock Test (បង្កើតវិញ្ញាសាថ្មីជានិច្ច)៖ ខុសពី Platform ធំៗដូចជា TestGlider ដែលប្រើប្រាស់តែវិញ្ញាសាចាស់ៗ EinsteinAI អាចបង្កើតវិញ្ញាសា IELTS ថ្មីៗដោយខ្លួនឯងមិនឱ្យជាន់គ្នាឡើយ។ វាចងចាំរាល់វិញ្ញាសាដែលសិស្សធ្លាប់ធ្វើ ហើយបន្តបង្កើតថ្មីជារហូត។

3- Real Exam Simulation (បរិយាកាសប្រឡងពិត)៖ នេះជាចំណុចពិបាកបំផុត (Bottleneck) ដែលទាមទារការស្រាវជ្រាវ (QA/QC) ខ្ពស់។ ប្រព័ន្ធនេះចម្លងទាំងស្រុងនូវបរិយាកាសប្រឡងលើកុំព្យូទ័រ ដែលមានតម្លៃ ២០០$-៣០០$។ វាមានដាក់សម្ពាធពេលវេលា មិនឱ្យចុចចេញផ្តេសផ្តាស និងមានប្រអប់សារ (Inbox) ផ្តល់ Feedback ដូចបរិយាកាស IELTS ពិតៗ។

4- Progress Tracking (ការតាមដានបែបហ្គេម)៖ ការសិក្សាត្រូវបានរៀបចំឡើងដូចជាការលេងហ្គេម (Gamification) ដែលផ្តល់ជាកម្លាំងជំរុញចិត្ត (Motivation) ដល់សិស្សឱ្យប្រឹងប្រែងបន្ត។

5- Real-time AI Speaking Evaluation (មេប្រយោគ AI ផ្ទាល់)៖ វាមិនមែនជាកម្មវិធីរៀននិយាយធម្មតាទេ តែ AI នេះដើរតួជាមេប្រយោគ (Examiner) ដែលអាចសន្ទនាផ្ទាល់យ៉ាងរលូន សួរសំណួរ ដាក់ពិន្ទុ និងកែតម្រូវកំហុសឱ្យបេក្ខជនភ្លាមៗតែម្តង។

6- Adaptive Personalized Learning៖ ដោយប្រើប្រាស់បច្ចេកវិទ្យា RAG កាលណាសិស្សកាន់តែប្រើប្រាស់ ប្រព័ន្ធនឹងកាន់តែយល់ពីសិស្ស ហើយវានឹងរៀបចំផែនការសិក្សា (Study Plan) យ៉ាងស័ក្តិសមបំផុតសម្រាប់បុគ្គលម្នាក់ៗ។

Photo 2026 03 29 13 39 44

ទាក់ទងនឹងសុវត្ថិភាពទិន្នន័យ លោក ឆាយហុង បានសង្កត់ធ្ងន់ថា EinsteinAI អនុវត្តតាមស្តង់ដារអន្តរជាតិ GDPR យ៉ាងតឹងរ៉ឹង។ ប្រព័ន្ធប្រមូលតែទិន្នន័យចាំបាច់សម្រាប់ការសិក្សាប៉ុណ្ណោះ ហើយទិន្នន័យទាំងអស់ត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាពនៅលើប្រព័ន្ធ Cloud របស់ Vercel ដែលមានការបំប្លែងកូដសម្ងាត់ (Encryption) ត្រឹមត្រូវ។ លើសពីនេះ អ្នកប្រើប្រាស់មានសិទ្ធិពេញលេញក្នុងការបើក ឬបិទមិនឱ្យប្រព័ន្ធប្រើប្រាស់ទិន្នន័យរបស់ពួកគេដើម្បីបង្វឹក AI ម៉ូដែលបានទៀតផង។

សម្រាប់គោលដៅអនាគត EinsteinAI មានចក្ខុវិស័យចង់ក្លាយជាប្រព័ន្ធអេកូឡូស៊ីមួយដូចទៅនឹងកម្មវិធី Grab ដែរ ប៉ុន្តែសម្រាប់វិស័យអប់រំ។ ថ្មីៗនេះ ក្រុមហ៊ុនទើបតែទទួលបានជោគជ័យក្នុងការចាប់ដៃគូជាមួយស្ថាប័ន Study In ដើម្បីបញ្ជ្រាបបច្ចេកវិទ្យា AI នេះចូលទៅក្នុងសេវាកម្មរបស់ពួកគេ។ នៅថ្ងៃខាងមុខ វេទិកានេះនឹងវិវត្តទៅជា Marketplace មួយដែលសាលាភាសាអង់គ្លេស ឬភ្នាក់ងារសិក្សាអប់រំអាចដាក់បញ្ចូលសេវាកម្មរបស់ពួកគេ ខណៈ EinsteinAI នឹងដើរតួជាអ្នកផ្គត់ផ្គង់រចនាសម្ព័ន្ធបច្ចេកវិទ្យា (AI Infrastructure) ជួយសាលាទាំងនោះតាមដានគុណភាពសិស្សឱ្យកាន់តែមានប្រសិទ្ធភាព។

540993577 811997681390900 5884664734345348647 N

ជាចុងក្រោយ លោក ឆាយហុង មើលឃើញថា ក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំខាងមុខ យុវជនជំនាន់ថ្មីដាច់ខាតត្រូវតែចេះភាសាអង់គ្លេស។ AI នឹងមិនមកជំនួសគ្រូបង្រៀន ឬប្រកួតប្រជែងទម្លាក់សាលាប្រពៃណីឡើយ ប៉ុន្តែវានឹងរួមបញ្ចូលគ្នាជាមួយមនុស្សដើម្បីផ្តល់សេវាកម្មរឹតតែល្អ។ លោកបានផ្តល់ដំបូន្មានដល់អ្នកត្រៀមប្រឡង IELTS ថា ត្រូវមានឧបករណ៍សម្រាប់ស្ទង់កម្រិតខ្លួនឯងឱ្យច្បាស់ ស្វែងរកការកែលម្អលើចំណុចខ្សោយ មានផែនការសិក្សាផ្ទាល់ខ្លួន និងរក្សាវិន័យឱ្យបានខ្ជាប់ខ្ជួន។ ចំណែកឯយុវជនដែលចង់អភិវឌ្ឍប្រព័ន្ធ AI ថ្មីៗ លោកបានលើកទឹកចិត្តឱ្យចាប់ផ្តើមរៀនសូត្រមួយជំហានម្តងៗដោយខ្លួនឯង កុំបោះបង់ នោះជោគជ័យនឹងកើតមានជាមិនខាន។ 

អត្ថបទដោយ៖ ផែន ផាន់ណា
Tech Content Writer Local

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia