ក្រៅពីផ្លូវល្បឿនលឿន នៅកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង យើងបានក៏បានបំពាក់បច្ចេកវិទ្យាទំនើប គ្រប់គ្រងការ ថ្លឹងរថយន្ត និងទំនិញកសិផល-រ៉ែ គ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រព័ន្ធនេះ ស្គាល់គ្រប់ទម្រង់ផ្លាកលេខនៅកម្ពុជា មានសមត្ថភាពបូកសរុបរបាយការណ៍ ដោយស្វ័យប្រវត្តិ ជូនគ្រប់ភាគីពាក់ព័ន្ធ។ នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុករបស់លោក ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួង និងជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ។
ជាមួយគ្នានេះបើយោងតាមការបញ្ជាក់នៅលើទំព័រផេកផ្លូវការរបស់ក្រសួងសាធារណ:ការនិងដឹកជញ្ជូន ក៏បានបញ្ជាក់លម្អិតផងដែរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដោយមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ នៃក្រសួងពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលខេត្តជុំវិញ អាជ្ញាធរដែនដី និងមន្ត្រីបច្ចេកទេស ជាច្រើនរូប។
បច្ចុប្បន្ននេះ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានត្រៀមខ្លួនរួចរាល់សម្រាប់បើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេលឆាប់ខាងមុខ។ នៅក្នុងកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ បានរៀបចំបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System (STM) ដែលមានលក្ខណៈងាយស្រួល សម្រាប់គ្របគ្រង តាមដាន និងត្រួតពិនិត្យរបាយការណ៍។ ប្រព័ន្ធនេះត្រូវបានដឹកនាំរៀបចំដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូនដែលអាចកត់ត្រាព័ត៌មានចូលចេញបរិវេណកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង។ ប្រព័ន្ធនេះមានសមត្ថភាព កត់ត្រា និងគណនាទម្ងន់ទំនិញ និងចេញវិក្កយបត្រដឹកជញ្ជូន QR Code បានភ្លាមៗ ព្រមទាំងផ្តល់ជូនរបាយការណ៍យ៉ាងសុក្រិត្យ ព្រមទាំងអាចចែករំលែកទិន្នន័យ ជូនក្រសួងស្ថាប័ន្ធពាក់ព័ន្ធ តាមរយៈ ប្រព័ន្ធបច្ចេកវិទ្យា របសក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងឱកាសចុះបំពេញបេសកកម្មការងារ នាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទំនិញចូលកំពង់ផែមួយនេះ បាន និងកំពុងនាំមកនូវប្រសិទ្ធភាពការងារ កាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតដោយច្បាប់ ជាពិសេសផ្តល់ឱ្យនូវតម្លាភាព ក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន លើកស្ទួយសេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំណូលជូនជាតិបានកាន់តែប្រសើរ។ ការរៀបចំឱ្យបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះឡើង គឺក្នុងបំណងជំរុញការដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក ដោយកាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការដឹកជញ្ជូន ជាពិសេសគឺកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងការខូចខាត។ ម្យ៉ាងវិញទៀតការសាងសង់កំពង់ផែ និងមណ្ឌលភស្តុភារកម្មនេះ ក៏បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង និងតំបន់ជុំវិញទៀតផង៕