Bill Gates បង្ហាញប៉ែល AI ដែលអាចជីកផ្នូរ កប់ Amazon និង Google ឱ្យលែងមានអ្នកចូលមើលទៀត
Sakada Techie
MAY 24 2023
នវានុវត្តន៍
888 views
2 mins read

AI ក្លាយជាព្យុះភ្លៀងនៃព័ត៌មានបច្ចេកវិទ្យាក្នុងឆ្នាំ ២០២៣ នេះ ហើយក៏ទាញចំណាប់អារម្មណ៍ពីសំណាក់ស្ថាបនិកក្រុមហ៊ុន Microsoft និង ជាសេដ្ឋីចូលនិវត្តន៍ សល់ទ្រព្យពាន់លានដុល្លារ Bill Gates ផងដែរ ដោយលោកបានលើកឡើងថា AI អាចនឹងបង្ករគ្រោះពីរធំៗដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google ឬ Amazon ជាដើម។

ក្នុងព្រឹត្តិការណ៍ជជែកវែកញែកមួយកាលពីថ្ងៃច័ន្ទសប្ដាហ៍នេះធ្វើឡើងដោយក្រុមហ៊ុន Goldman Sachs លោក Bill Gates បានធ្វើការព្យាករណ៍ថា ការព្រួតដៃគ្នាក្នុងការបង្កើត AI សព្វថ្ងៃនេះ នឹងធ្វើឱ្យក្រុមហ៊ុនដែលរកលុយបានពីការធ្វើម៉ាស៊ីន Search ឬ វេបសាយលក់ឥវ៉ាន់អនឡាញរកស៊ីលែងបានដូចមុនហើយ។

លោកបានលើកឡើងចំៗថា “អ្នកនឹងមិនទៅប្រើវេបសាយសម្រាប់ Search ទៀតទេ” ហើយលោកបន្ថែមចំឈ្មោះ Amazon ថា “អ្នកនឹងមិនទៅវេបសាយ Amazon ទៀតទេ”។

ចំពោះលោក Bill Gates គាត់មានទស្សនៈយល់ឃើញថា អ្នកដែលឈ្នះលើទីផ្សារនៃការប្រកួតប្រជែង ជំនួយការឌីជីថល (AI) នេះ នឹងក្លាយជាអ្នកសម្រេចកិច្ចការធំ និង ក្លាយជារឿងធំបន្ទាប់។

តាមការសង្កេតមើល យើងអាចសន្និដ្ឋានបានខ្លះស្រដៀងទៅនឹងលោក Bill Gates ផងដែរថា ពពួក Generative AI ឬ AI ដែលអាចបង្កើត ឆ្លើយសំណួរ ចម្លើយបានគ្រប់យ៉ាងនោះ នឹងក្លាយជាកន្លែងដែលមនុស្សចូលទៅប្រើប្រាស់សួរសំណួរច្រើនជាងកន្លែង Google ថែមទៀតនៅពេលអនាគត។

ហើយការផ្ដល់ចម្លើយឱ្យបានល្អពីសំណាក់ពពួក Generative AI ទាំងនោះក៏ផ្ដល់ភាពងាយស្រួលឱ្យអ្នកចង់ទិញឥវ៉ាន់ផ្សេងៗនៅពេលសួរសំណួរ អាចចុចទិញបានដោយមិនចាំបាច់ឆ្លងកាត់វេបសាយអ្នកលក់ដូចជា Amazon នោះទេ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia