ប៉ុន្មានថ្ងៃនេះមានគម្រោងវិនិយោគលើលុយគ្រីបតូជាច្រើន ដែលកំពុងសកម្មនៅលើកម្មវិធីតេឡេក្រាម តួយ៉ាងដូចជាគម្រោងមួយដែលមានឈ្មោះថា Payeer ជាដើម។ កាលពីម្សិលមិញនេះ ធនាគារ ABA ក៏បានចេញមកបញ្ជាក់ច្បាស់ៗដែរ អំពីគម្រោង Payeer នៅលើឆានែលតេឡេក្រាម ដែលបានប្រើឈ្មោះធានាគារ ABA រួចអះអាងថាជាធនាគារមួយក្នុងចំណោមធនាគារជាច្រើន សម្រាប់ការផ្ទេរ និងទូទាត់ ពាក់ព័ន្ធនឹងការជួញដូរគ្រីបតូបាន។

ចំពោះការបំភ្លៃនេះធនាគារ ABA បានបញ្ជាក់ថា “ថ្មីៗនេះ យើងខ្ញុំបានកំណត់អត្តសញ្ញាណគ្រុបតេឡេក្រាមផ្សេងៗគ្នា ក្រោមឈ្មោះស្រដៀងគ្នានៃឈ្មោះ "PAYEER" ដែលផ្តល់សេវាកម្មជួញដូរគ្រីបតូ។ ក្រុមទាំងនេះអះអាងថា ABA គឺជាធនាគារមួយក្នុងចំណោមធនាគារជាច្រើន សម្រាប់ការផ្ទេរ និងទូទាត់ ពាក់ព័ន្ធនឹងការជួញដូរគ្រីបតូ ដែលនេះមិនមែនជាការពិតនោះទេ ព្រោះថា ABA មិនគាំទ្រប្រតិបត្តិការដែលទាក់ទងនឹងគ្រីបតូឡើយ។ ខណៈការជួញដូរគ្រីបតូនៅក្នុងប្រទេសកម្ពុជានៅតែខុសច្បាប់ ABA រក្សាសិទ្ធិក្នុងការត្រួតពិនិត្យ និងបង្កកគណនីណាមួយដែលធ្វើប្រតិបត្តិការផ្ទេរ/ទូទាត់ ពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ។ សូមចែករំលែកព័ត៌មាននេះជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ដើម្បីការពារពួកគេពីការជួញដូរនោះផងដែរ!”

អាស្រ័យហេតុនេះហើយ សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងវិនិយោគនៅក្នុងឆានែល ឬ Groups Telegram នេះ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងការបោកបញ្ឆោតណាមួយ ដែលធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិផ្សេងៗ៕
អត្ថបទដោយ៖ ផែន ផាន់ណា
