គួរមានកុងរួម ឬប្រពន្ធកាន់លុយ? ខណៈអ្នកជំនាញណែនាំឱ្យធ្វើ រឿង៥យ៉ាងនេះ បើចង់ឱ្យគ្រួសាររីកចម្រើន ទាន់សម័យបច្ចេកវិទ្យា
SOKLY - កូនផ្កាឈូក
APRIL 20 2025
ឌីជីថល
1.8 K views
2 mins read

មនុស្សភាគច្រើនសុទ្ធតែមានក្ដីស្រមៃរៀងៗខ្លួន ប៉ុន្តែនៅពេលដែលមានគ្រួសារ ក្ដីស្រមៃរបស់មនុស្សម្នាក់ៗ ក៏បានរួមបញ្ចូលគ្នាក្លាយជាគោលដៅនៃជីវិតគ្រួសាររបស់ពួកគេម្នាក់ៗ។ ហេតុនេះហើយពេលមានគូស្រករ គ្រប់គ្នានឹងត្រូវគិតកាន់តែស៊ីជម្រៅពីអ្វីដែលគួរតែមានសម្រាប់គ្រួសារដូចជា​ ផ្ទះ ឡាន ឬប្រាក់កាសសម្រាប់ផ្គង់ផ្គង់កូនចៅជាដើម។

ពាក់ព័ន្ធនឹងគោលដៅជីវិតនេះដែរ គ្រូបង្គោលផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាសមាជិកក្នុងក្រុមសន្សំប្រាក់នារីលោកស្រី ប្រាក់ លឹមហ៊ាង បានចែករំលែកពីគន្លឹះពិសេស៥ ដែលអ្នកមានគូស្រករគួរតែធ្វើ បើចង់ឱ្យ៥ឆ្នាំក្រោយសល់ផ្ទះ ដល់ទ្រព្យសម្រាប់គ្រួសាររបស់ខ្លួន។ គន្លឹះទាំង៥នោះរួមមាន៖

១. ពិភាក្សាគ្នា៖ ជំហានដំបូងលោកអ្នកត្រូវចាប់ផ្ដើម និយាយវែកញែក ពីគោលដៅរួមដែលដៃគូទាំង២ចង់សម្រេចបាននៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ដូចជា ទិញឡាន ឬទិញផ្ទះជាដើម។

២. ចាត់ចែងអ្នកណាកាន់លុយ៖ ជំហានទី២គឺជ្រើសរើសអ្នកកាន់លុយម្នាក់ និងពិភាក្សាគ្នាពីរបៀបចាត់ចែងលុយកាក់ ដោយត្រូវដឹងឱ្យច្បាស់ពីចំណូលសរុប និងចំណាយប្រចាំខែសរុបជារៀងរាល់ខែ។ ត្រង់ករណីនេះលោកអ្នកក៏អាចពិចារណា បង្កើតកុងរួមមួយ ដើម្បីទុកលុយសម្រាប់ការចំណាយប្រចាំថ្ងៃ ឬការចំណាយរួមរបស់សមាជិកគ្រួសារដូចជា ចំណាយលើអាហារ សាំងម៉ូតូ ឬការទិញរបស់របរប្រើប្រាស់ផ្សេងៗជាដើម។

៣. បែងចែកកញ្ចប់ចំណូលជា៤ ចំណែកដាច់ពីគ្នា​ ដែលមានដូចជា៖

+កញ្ចប់សន្សំ៖ ដាក់ផែនការសន្សំប្រាក់ប្រចាំខែឱ្យបាន យ៉ាងតិច ២០%ទៅ៣០% នៃចំណូលប្រចាំខែ ដើម្បីទុកសម្រេចគោលដៅ តែបើអាចសន្សំកាន់តែច្រើនរឹតតែល្អ។

+កញ្ចប់ចំណាយ៖ គ្រប់គ្រងប្រាក់ចំណាយ ប្រកបដោយការសន្សំសំចៃ ដូចជា ថ្លៃទឹក ថ្លៃភ្លើង ការលំហែរដែលអស់លុយតិច ឬនៅផ្ទះជាមួយឪពុកម្ដាយ ឬស្នាក់នៅផ្ទះជួលសិន ដើម្បីទុកលុយសន្សំ និងកាត់បន្ថយការចំណាយដែលមិនចាំបាច់ឱ្យបានកាន់តែច្រើន។

+កញ្ចប់បង្កើតចំណូល៖ ដកយកចំណូលមួយផ្នែក សម្រាប់បង្កើតចំណូលបន្ថែមដែលអាចផ្ដល់ផលក្នុងរយៈពេលខ្លី ដូចជាការលក់ផលិតផល ឬលក់អនឡាញនៅផ្ទះ ឬកូនមាន់កូនទា ចិញ្ចឹមនៅផ្ទះបន្ថែមជាដើម។

+កញ្ចប់អនុវត្តន៍តាមផែនការ៖ កញ្ចប់នេះអាចបានមកពីលុយដែលផ្សេងៗក្រៅពីប្រាក់ខែ ដូចជាការងារក្រៅម៉ោង ការកាន់គម្រោងខ្លីៗ ដែលអាចបង្កើតចំណូលបានច្រើនដោយការប្រើប្រាស់ជំនាញសដែលអ្នកមាន។

៤. បង្កើតចំណូលឱ្យបាន៣ប្រភព៖

+ចំណូលប្រចាំថ្ងៃ៖ វាបានមកពីការងារឬរបរដែលអ្នកអាចរកបានរាល់ថ្ងៃ ដូចជាការបើកកន្លែងលក់ដូរ ការលក់អនឡាញ ការធ្វើការគិតម៉ោង ឬការបើកកន្លែងបោកខោអាវជាដើម។

+ចំណូលប្រចាំខែ៖ បានមកពីប្រាក់ខែរបស់អ្នក ឬប្រាក់ចំណេញប្រចាំខែពីអាជីវកម្មរបស់អ្នកជាដើម។

+ចំណូលប្រចាំឆ្នាំ៖ អាចជាចំណូលដែលបានមកពីការធ្វើកសិកម្ម ចំណូលភាគលាភពីការវិនិយោគលើផ្សារហ៊ុន ឬចំណូលពីការវិនិយោគលើអាជីវកម្មផ្សេងៗជាដើម។

៥. ឧស្សាហ៍ពិនិត្យមើលផែនការ៖ តាមដានលទ្ធផលជាប្រចាំដើម្បើ ឱ្យដឹងថាផែនការសម្រេចបានប៉ុន្មានភាគរយហើយ តើមានអ្វីដែលខុសផែនការទេ មានសកម្មភាពណាគួរកែលម្អទេ មានអ្វីត្រូវធ្វើបន្ថែមដែរទេ ឬបើលទ្ធផលដើរយឺតជាងគម្រោង តើត្រូវសម្រុកទៅតាមផ្លូវណាដើម្បីកែខៃឱ្យមកល្អវិញជាដើម។

គួរជម្រាបផងដែរថា សព្វថ្ងៃនេះបច្ចេកវិទ្យាកាន់តែរីកចម្រើន លោកអ្នកអាចជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នោះ ដូចជាការបង្កើតកុងធនាគាររួម ប្រើប្រាស់កម្មវិធីតាមដានចំណាយតាមទូរស័ព្ទដៃ ឬកម្មវិធីរៀបចំផែនការគ្រួសារជាដើម ដើម្បីសម្រួលការរស់នៅ និងគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារប្រកបដោយភាពឆ្លាតវៃ ផ្សារភ្ជាប់នឹងបច្ចេកវិទ្យា៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia