មានរាប់រយប្រភេទ! តែដ្រូន ៣នេះ គេនិយមប្រើច្រើនជាងគេបំផុតលើលោក
SOKLY - កូនផ្កាឈូក
OCTOBER 21 2025
អេឡិចត្រូនិក
6 views
2 mins read

សព្វថ្ងៃនេះដ្រូន (Drone) បានក្លាយជាឧបករណ៍បច្ចេកវិទ្យាមួយដែលពេញនិយមខ្លាំង ត្បិតវាមានសមត្ថភាពអាចជួយសម្រួលការងារបានច្រើនវិស័យ និងទូលំទូលាយខ្លាំង រាប់ចាប់ពីការថតវីដេអូ ប្រើប្រាស់ក្នុងសង្គ្រាម ក្នុងវិស័យកសិកម្ម និងដឹកជញ្ជូនជាដើម។

បើទោះបីជាមានរាប់រយប្រភេទ និងត្រូវបានផលិតចេញពីច្រើនក្រុមហ៊ុនទូទាំងពិភពលោក ប៉ុន្តែបើយោងតាមប្រភពពី MECHTEX បានឱ្យដឹងថា មានតែ ដ្រូន ៣ប្រភេទខាងក្រោមនេះប៉ុណ្ណោះ ដែលទទួលបានការពេញនិយមបំផុត៖

ទី១-Multi-Rotor Drones ជាដ្រូនដែលយើងឃើញញឹកបំផុត ដោយសារតែតម្លៃសមរម្យ និងងាយស្រួលបញ្ជា។ វាមានស្លាបហោះជាច្រើន (ជាទូទៅ ៤ ឬ ៦) ដែលអាចហោះឡើង និងចុះចត ក្នុងកន្លែងតូចចង្អៀតបាន។ ដ្រូនប្រភេទនេះគឺជាជម្រើសទី១សម្រាប់អ្នកចូលចិត្តថតរូប ឬវីដេអូ ទេសភាពពីលើអាកាស អ្នកនៅក្នុងវិស័យភាពយន្ត ឬ Content Creator ជាដើម។

ទី២-Fixed-Wing Dronesជាដ្រូនដែលមានរូបរាងដូចជាកូនយន្តហោះមួយ ស្លាបធំៗរបស់ដ្រូនមួយប្រភេទនេះ បានធ្វើឱ្យវាមានសមត្ថភាពហោះហើរ បានលឿន រយៈពេលយូរ និងឆ្ងាយជាងប្រភេទ Multi-Rotor ប៉ុន្តែវាក៏ត្រូវការទីតាំងរៀងទូលាយបន្តិចដើម្បីហោះឡើងនិងចុះចតផងដែរ។​ ដ្រូនមួយប្រភេទនេះ គេនិយមប្រើប្រាស់សម្រាប់ ការតាមដានព្រៃឈើ បម្រែបម្រួលអាកាសធាតុ ពិនិត្យតាមដានសុខភាពដំណាំលើផ្ទៃដីធំ ឬប្រើក្នុងវិស័យយោធាសម្រាប់ការស៊ើបអង្កេតពីចម្ងាយជាដើម។

ទី៣-Single-Rotor Dronesជាដ្រូនដែលមានប្រព័ន្ធដូចទៅនឹង ឧទ្ធម្ភាគចក្រ (Helicopter)។ ព្រោះតែសមត្ថភាពក្នុងការផ្ទុកទំនិញទម្ងន់បានធ្ងន់ ដ្រូនប្រភេទនេះត្រូវបានគេនិយមប្រើប្រាស់សម្រាប់ការដឹកជញ្ជូនទំនិញតូចៗ ឬ ប្រើប្រាស់ក្នុងវិស័យកសិកម្ម សម្រាប់បាញ់ថ្នាំ ឬជី​លើដំណាំជាដើម។

គួរជម្រាបផងដែរថា បើយោងតាមគេហទំព័រ SPHERICAL Insights បានឱ្យដឹងថា  កំពូលក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់កំពូល លេខ១ លើពិភពលោក លើការផលិត លក់ ផ្ដល់សេវាកម្ម និងចែកចាយ ដ្រូន គឺ SZ DJI Technology Co., Ltd. (DJI) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយរបស់ចិន។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia