ជាទូទៅ គណនី Facebook ដែលភ្ជាប់ជាមួយ Gmail ផ្ដល់សុវត្ថិភាពខ្ពស់ជាងការភ្ជាប់ជាមួយលេខទូរស័ព្ទតែមួយមុខ។ ទោះជាយ៉ាងណា ប្រសិនបើអ៊ីមែលនោះមិនត្រូវបានរៀបចំប្រព័ន្ធការពារឱ្យបានត្រឹមត្រូវទេ វានៅតែអាចប្រឈមនឹងហានិភ័យខ្ពស់ដដែល។

ដើម្បីដឹងថាអាខោនរបស់អ្នកកំពុងស្ថិតក្នុងកណ្ដាប់ដៃជនខិលខូចឬអត់ សូមពិនិត្យមើលសញ្ញាគ្រោះថ្នាក់ទាំង ៣ នេះ៖
១. ការសង្កេតតាមរយៈអ៊ីមែលដែលភ្ជាប់ជាមួយ Facebook៖ ជាទូទៅ នៅពេលដែលយើងភ្ជាប់គណនី Facebook ជាមួយ Email វានឹងក្លាយជាប្រព័ន្ធផ្ដល់ដំណឹងដ៏រហ័សបំផុតមួយ ចំពោះរាល់សកម្មភាពចម្លែកៗ ឬការចូលប្រើប្រាស់ពីឧបករណ៍ផ្សេងៗ។ ប្រសិនបើអ្នកទទួលបានសារក្នុង Gmail ដែលមានចំណងជើងថា "Security alert: login near… on a new device" ផ្ញើចេញពី Facebook ផ្លូវការ (មានសញ្ញាធីកបញ្ជាក់) នោះគឺជាសញ្ញាព្រមានថា មាននរណាម្នាក់កំពុងព្យាយាមចូលប្រើអាខោនរបស់អ្នកហើយ។ ក្នុងសារនោះ វានឹងបង្ហាញព័ត៌មានយ៉ាងលម្អិតដូចជា ទីតាំង, ប្រភេទឧបករណ៍, ម៉ោង និងថ្ងៃដែលគេព្យាយាម Login ចូល។ ដូច្នេះ ប្រសិនបើអ្នកពិនិត្យឃើញថា សកម្មភាពនោះមិនមែនជាអ្នកទេ សូមប្រញាប់ចុចពាក្យ "This wasn't me" ឱ្យបានលឿនបំផុត ដើម្បីការពារ និងទប់ស្កាត់ការលួចចូលពីជនអនាមិកបានទាន់ពេលវេលា។
២. ការទទួលបានលេខកូដសម្ងាត់ ៦ ខ្ទង់ដោយមិនដឹងខ្លួន៖ នៅពេលដែលអ្នកស្រាប់តែទទួលបានលេខកូដ ៦ ខ្ទង់ផ្ញើមកកាន់ Gmail ឬតាមរយៈការជូនដំណឹង (Notification) លើ Facebook ទាំងដែលអ្នកមិនបានធ្វើសកម្មភាពអ្វីសោះ នេះគឺជាសញ្ញាអាសន្នថា មាននរណាម្នាក់កំពុងព្យាយាមចូលប្រើគណនីរបស់អ្នក ហើយគេកំពុងស្ថិតក្នុងដំណាក់កាលផ្ទៀងផ្ទាត់សុវត្ថិភាព។ ជនខិលខូចអាចឈានដល់ដំណាក់កាលនេះបាន តាមរយៈការលួចយក Password ពីម្ចាស់គណនីផ្ទាល់ ការបាត់ទូរស័ព្ទដែលមានទិន្នន័យស្រាប់ ឬការប្រើប្រាស់អ៊ីមែលដែលខ្សោយប្រព័ន្ធការពារ។ ដើម្បីទប់ស្កាត់កុំឱ្យជននោះចូលគ្រប់គ្រងអាខោនបាន អ្នកត្រូវប្រញាប់ផ្លាស់ប្តូរលេខសម្ងាត់ (Password) ជាបន្ទាន់។ វិធីប្តូរគឺត្រូវចូលទៅកាន់ Menu រួចជ្រើសរើស Settings, បន្ទាប់មកចូលទៅកាន់ Password and security និងចុចលើពាក្យ Change Password។ អ្នកត្រូវជ្រើសរើសគណនីរបស់អ្នក រួចបញ្ចូលលេខសម្ងាត់ចាស់ជាមុនសិន ទើបបញ្ចូលលេខសម្ងាត់ថ្មីឲ្យបានពីរដងក្នុងប្រអប់ដែលនៅសល់ រួចចុចពាក្យ Change Password ជាការស្រេច ដើម្បីកាត់ផ្ដាច់ការព្យាយាមចូលប្រើពីជនអនាមិក។
៣. មាន Device ដែលប្លែកមិនស្គាល់ប្រភពច្បាស់លាស់នៅលើអាខោនរបស់អ្នក៖ ត្រូវប្រញាប់ Log out Device នោះចេញជាបន្ទាន់។ ដោយចុចលើមុខងារ Menu ដែលស្ថិតខាងក្រោមផ្នែកខាងស្តាំ រួចអូសចុះក្រោមដោយយកពាក្យ Setting & privacy បន្ទាប់មកចុចពាក្យ Settings ចុចលើក្រឡោន Search Settings ដោយវាយពាក្យថា Security Checkup ចុចលើពាក្យ Security Checkup រួចអ្នកទាំងគ្នានឹងចូលទៅដល់ Account Center ហើយចុចលើពាក្យ Password and security។ បន្ទាប់មកចុចលើអាខោនហ្វេសប៊ុករបស់យើង នោះវានឹងបង្ហាញថាមាន Device ណាខ្លះដែលបានចូលភ្ជាប់ជាមួយអាខោនរបស់យើង ឧទាហរណ៍ iPhone 13pro Max, Oppo, Vivo, Samsung, Windows Pc ដែលបញ្ជាក់ជាមួយទីតាំង ម៉ោង និងថ្ងៃដែល Device មួយនោះចូលប្រើប្រាស់ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាសង័្សយ ឬមិនស្គាល់ Device ណាមួយដែលស្ថិតនៅក្នុងអាខោនអ្នកទេគួរតែចុចលើពាក្យ Select Devices បន្ទាប់មកចុចក្នុងប្រអប់តូចខាងស្តាំលើ Device ដែលអ្នកទាំងអស់គ្នាចង់ដកចេញ រួចចុចពាក្យ Log out ជាការស្រេច ។
គូសបញ្ជាក់ផងដែរថា រាល់ការព្យាយាម Login ណាមួយដែលមិនមែនជាយើងនុះកម្មវិធីហ្វេសប៊ុកនឹងផ្តល់ដំណឹងដល់យើងតាមរយៈ Notifications Facebook និងតាមរយៈ Gmail ដែលយើងបានភ្ជាប់ជាមួយអាខោនហ្វេសប៊ុក។ នៅអត្ថបទបន្ទាប់ខ្ញុំនឹងប្រាប់ពីវិធីការពារអាខោនហ្វេសប៊ុកឲ្យមានសុវត្តិភាពជាងមុន និងមិនងាយមាននរណាចូលលេងបានក្រៅពីយើងម្ចាស់អាខោន។
