បច្ចេកវិទ្យាចេះតែបន្តដើរទៅមុខឥតឈប់ឈរ ហើយក៏មានការងារនិងមុខរបរមួយចំនួនត្រូវបានគេព្រួយបារម្ភថា អាចនឹងត្រូវជំនួសដោយ AI ឬ Robot ជាដើម ប៉ុន្តែមុខរបរទាំង៣ប្រភេទខាងក្រោមនេះ បើទោះបីជាសង្គមរីកចម្រើនដល់ណាក៏នៅតែមានទីផ្សារដែរ៖
ទី១៖ វិស័យអប់រំ៖ ស្របពេលដែលរដ្ឋាភិបាកខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធអប់រំរដ្ឋ វិស័យអប់រំបែបឯកជន ក៏នៅតែជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជួយជម្រុញប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលធនធានមនុស្ស។ ដោយឡែកការបង្រៀនមិនអាចប្រើ Robot មកជំនួសបានឡើយ ត្បិតថាគ្រូបង្រៀនត្រូវការប្រើប្រាស់អារម្មណ៍ខ្លាំង ដើម្បីអាចបញ្ជូនចំណេះដឹងទៅកាន់សិស្ស។ ប៉ុន្តែទោះជាយ៉ាងណាក៏បច្ចេកវិទ្យានៅតែត្រូវជ្រៀតចូលក្នុងវិស័យអប់រំ ដើម្បីជាជំនួយបង្កើនប្រសិទ្ធភាព។
ទី២. វិស័យសុខាភិបាល៖ មនុស្សមិនអាចរស់ខ្វះពេទ្យបានឡើយ យើងត្រូវការមន្ទីរពេទ្យដែលមានជំនាញឯកទេសសំខាន់ៗ ដើម្បីធានាបាននូវសុខមាលភាពប្រជាពលរដ្ឋ។ នៅពេលដែលវិស័យសុខាភិបាលកាន់តែរឹងមាំ មានមន្ទីរពេទ្យជំនាញឯកទេសកាន់តែច្រើន ប្រទេសជាតិក៏រីកចម្រើនតាមហ្នឹងដែរ។
៣. វិស័យហិរញ្ញវត្ថុ៖ ក្រៅពីវិស័យទាំង២ខាងលើ វិស័យហិរញ្ញវត្ថុ ក៏ជារឿងមួយដែលមនុស្សមិនអាចមើលរំលងបានឡើយ។ សង្គមនីមួយៗមានតម្រូវការ ទៅលើការអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រោះថាសព្វថ្ងៃគ្រប់វិស័យផ្សេងៗទាំងអស់ មិនថាអាជីវកម្មតូចឬធំ សុទ្ធតែត្រូវពឹងផ្អែកលើហិរញ្ញវត្ថុ។
សូមជម្រាបផងដែរថា មិនថាមនុស្សយើងចង់ឈានជើងចូលក្នុងវិស័យណាមួយឡើយ អ្វីដែលគួរមានជាប់ខ្លួននោះគឺ ចំណេះជំនាញពិតប្រាកដ ដើម្បីរក្សាបាននូវគុណភាព ភាតរភាព និងការអភិវឌ្ឍន៍ដើម្បីភាពរីកចម្រើននៃសង្គមជាតិយើង។
អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)