តាំងពីក្រុមហ៊ុន Toyota រកបញ្ឈប់ការលក់និងផលិត Prius នៅលោកខាងលិចមក ស្របពេលរថយន្ត RAV4 Hybrid របស់ខ្លួនកំពុងតែលក់ដាច់ផងទៀតនោះ ក្រុមហ៊ុននេះ ចាប់ផ្តើមញ៉ាត់នូវប្រព័ន្ធ Hybrid ចូលទៅកាន់រថយន្តប្រភេទ SUV ជាពិសេសនោះ គឺ Toyota C-HR Hybrid ឆ្នាំ ២០២២ ដែលមានដំណឹងបែកធ្លាយថាធុងសាំង ៤៣លីត្រ អាចឲ្យឡានរត់ដល់ ១០០០ គ.ម ឯណោះ ។
ចំពោះម៉ូដែល C-HR Hybrid នេះត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីនតូចល្មម ចំណុះ ១.៨ លីត្រ Atkinson cycle និងមានម៉ូទ័រអគ្គិសនី ១ និងថ្មកញ្ចប់មួយផងដែរ ។ ចំណែកឯ អនុភាពម៉ាស៊ីនរួមទាំងម៉ូទ័រថែមទៀតនោះអាចឡើងដល់ ៩០គីឡូវ៉ាត់ តែកម្លាំងបង្វិលជុំវិញខាងToyota មិនទាន់បានបង្ហាញនៅឡើយទេ ប៉ុន្តែសម្រាប់កម្លាំងម៉ាស៊ីនតែឯអាចបង្កើតកម្លាំងបាន ៧៣ គីឡូវ៉ាត់ និងកម្លាំងបង្វិលជុំ ១៤២ ញ៉ូតុនម៉ែត្រ ដំណើរការដោយប៉ុងខាងមុខ ព្រមទាំងប្រើប្រអប់ CTV ថែមទៀត ។
ដោយឡែកចំពោះការលក់នៅប្រទេសអូស្រ្តាលីវិញត្រូវបានបំពាក់ជាមួយអនុភាពម៉ាស៊ីន ១៣១ គីឡូវ៉ាត់និងម៉ាស៊ីន ២.០ លីត្រ ។ លើសពីនេះ Toyota បានផ្តល់នូវជម្រើស GR Sport សម្រាប់អូស្រ្តាលីថែមទៀត ដើម្បីធ្វើឲ្យការបើកបរមានភាពស៊ីវិល័យជាងមុន ដោយរូបរាងខាងក្រៅព្រមទាំងខាងក្នុងត្រូវបានវ៉ៃផ្លាក GR Sport ផ្ទាល់ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ Toyota C-HR Hybrid មានកម្រិតស៊ីសាំង ត្រឹមតែក្នុង ១០០គ.ម ស៊ីសាំងតែ ៤.៣លីត្រ បើធៀបជាមួយ Toyota Prius prime សឹងតែស៊ីសាំងស្មើគ្នាទៅហើយ ៕