ជាទូទៅ យើងធ្លាប់តែឮម៉ូតូស៊ីសាំងតិចជារថយន្ត ប៉ុន្តែបច្ចុប្បន្នមានហើយ រថយន្តដែលស៊ីសាំងតិចជាងម៉ូតូទៅទៀត ។ជាក់ស្តែងដូចជា Hyundai ioniq ស៊េរីឆ្នាំ២០២២នេះ មានកម្រិតស៊ីសាំងក្នុងចម្ងាយ១០០គីឡូម៉ែត្រដំបូង រថយន្តនេះស៊ីសាំងតែ ៣.៩លីត្រតែប៉ុណ្ណោះ បើធៀបជាមួយម៉ូតូវិញ ស៊ីសាំងតិចមិនចាញ់ អាគុប និងអាសង់ ឡើយ។
បើយោងតាមគេហទំព័រ Car and Driver បានឲ្យដឹងថា Hyundai បានផលិតរថយន្តថ្មីសន្លាងមួយគ្រឿង ដោយបានញាត់បញ្ចូលនូវបច្ចេកវិទ្យាទំនើបៗ ជាពិសេសនោះគឺជាបច្ចេកវិទ្យា Hybrid បូកផ្សំនឹង Eco mode ដែលមុខងារសន្សំសំចៃទៀតនោះ ជាហេតុធ្វើឲ្យរថយន្តរឹតតែមានភាពសន្សំសំចៃមួយកម្រិតទៀត ដោយការបើកបរផ្អែកលើកម្លាំងអាគុយសុទ្ធ អាចរត់ចម្ងាយបានដល់ ៤៦.៤គីឡូម៉ែត្រ ដូច្នេះក្នុងចម្ងាយ ១០០គីឡូម៉ែត្រដំបូង រថយន្តនេះស៊ីសាំងតែ ៣.៩លីត្រតែប៉ុណ្ណោះ។
ចំពោះគ្រឿងម៉ាស៊ីនរបស់ Hyundai បានឲ្យដឹងថា មានចំណុះ ១.៦លីត្រ ៤ស៊ីឡាំង(inline-4) អមនឹងម៉ូទ័រអគ្គិសនីកម្លាំង ៤៣សេះ មួយគ្រាប់ ធ្វើឲ្យកម្លាំងសរុបកើនដល់ ១០៤សេះ និងកម្លាំងបង្វិលជុំ ១៤៧ញ៉ូតុនម៉ែត្រ ។ រថយន្តនេះដំណើរការដោយដោយប៉ុង១ ខាងមុខ FWD និងត្រូវបានបំពាក់ជាមួយប្រអប់លេខ ៦វគ្គអូតូ Dual-clutck ទៀតផង។
ចំពោះការរត់ល្បឿនរបស់ Hyundai ioniq នេះ ដោយល្បឿនកំពូលអាចឈានដល់ ១៨៤ គ.ម/ម៉ និងកម្រិតល្បឿនស្ទុះកប់ពីសូន្យទៅ១០០ គ.ម/ម៉ ចំណាយពេលតែ ៨.៩វិនាទីតែប៉ុណ្ណោះ ។
ក្រឡេកមកមើលរូបរាងផ្នែកខាងក្រៅវិញម្តង នៅត្រង់ខាងមុខ ដោយអំពូល LED ត្រូវបានគេឌីហ្សាញបែបទំនើបជាជួរ៣គ្រាប់នៅចន្លោះកណ្ដាលភ្លើងសញ៉ូ គួរឲ្យទាក់ទាញមែនទែន ។ ប៉ាណាខាងមុខមានរាងធំទូលាយអាចឲ្យខ្យល់ចូលទៅស្អំម៉ាស៊ីនបានច្រើន និងថ្ពាល់ខួចសងខាងក៏មានប្រលោះខ្យល់សម្រាប់ទៅបញ្ចុះកម្តៅហ្វ្រាំងកង់ផងដែរ ហើយគេក៏បានអមជាមួយអំពូលLED តូច ២ជួរទាំងសងខាងថែមទៀត ។
បន្ថែមពីនេះ គេបានបំពាក់ដំបូលកញ្ចក់ Sunroof ប្រព័ន្ធជូនដំណឹងពីផ្នែកខាងក្រោយនៅពេលមានរថយន្តវ៉ាជែង rear cross-traffic alert រួមទាំងមានកញ្ចក់មើលក្រោយដោយភ្ជាប់ប្រព័ន្ធប្រាប់សញ្ញានៅពេលមានរថយន្តផ្សេងវ៉ាជែងផងដែរ blind-spot monitoring ។
ក្រឡេកមកមើលផ្នែកខាងក្នុងរថយន្តនេះ ដោយមានកៅអី ៥ អេក្រង់ចុចកញ្ចក់ទំហំ ៨អ៊ីញ អាចភ្ជាប់នឹងកម្មវិធី Apple CarPlay និង Android Auto ប៉ុន្តែ ចំពោះកម្រិត trime Level ខ្ពស់ ទទួលបានទំហំអេក្រង់ ១០.៣អ៊ីញ ។
គូសជំរាបផងដែរថា សម្រាប់តម្លៃរបស់ Hyundai ioniq ស៊េរីឆ្នាំ២០២២ នេះមានតម្លៃនៅក្រៅស្រុកចាប់ពី ២៤,៦៩៥ដុល្លារ ដល់ ៣៤,៣៤៥ដុល្លារ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី