ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីបកប្រែភាសាលើទូរសព្ទដៃ «TranslateKH» ជំនាន់ទី២ ដែលជាសមិទ្ធផលបច្ចេកវិទ្យាដ៏ទំនើបថ្មីមួយសម្រាប់បម្រើដល់ផលប្រយោជន៍សាធារណៈ។ កម្មវិធីជំនាន់ថ្មីនេះ ត្រូវបានអភិវឌ្ឍឡើងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធចែកចាយកម្មវិធីធំៗរួមមាន App Store សម្រាប់ប្រព័ន្ធ iOS និង Play Store សម្រាប់ប្រព័ន្ធ Android ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ យុវជន សិស្ស-និស្សិត ក៏ដូចជាអ្នកប្រើប្រាស់ទូទៅ អាចធ្វើការទាញយកមកប្រើប្រាស់បានដោយសេរី និងឥតគិតថ្លៃទូទាំងប្រទេស។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ក៏អាចចូលទៅកាន់ប្រព័ន្ធបកប្រែនេះដោយផ្ទាល់តាមរយៈគេហទំព័រផ្លូវការ https://www.translate.kh/ បានយ៉ាងងាយស្រួលផងដែរ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងសង្គមកម្ពុជាឲ្យកាន់តែទូលំទូលាយ។

កម្មវិធីបកប្រែ TranslatKH ជំនាន់ទី២ មានសមត្ថភាពខ្ពស់អាចយល់និងធ្វើការបកប្រែផ្អែកតាមបរិបទនៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រួមបញ្ចូលជាមួយនិងបច្ចេកទេសសិក្សាស៊ីជម្រៅ និងម៉ូដែលភាសាធំ។
អ្នកទាំងអស់គ្នាអាចប្រើតាមរយៈ App និងវេបសាយដោយមិនចាំបាច់ Login ឬភ្ជាប់អ្វីស្មុគស្មាញឡើយ ដោយគ្រាន់តែចូលទៅ Download យកមកប្រើរួចជាការស្រេច។

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm
