សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងគុណភាពប្រេងសាំង «សាំងពណ៌ក្រហម» នៅលើបណ្តាញសង្គម
យោងតាមសេចក្តីប្រកាសក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសនៃក្រសួងរ៉ែនិងថាមពល និងក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជន និងអ្នកប្រើប្រាស់ទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយបញ្ចេញមតិមួយចំនួនពាក់ព័ន្ធនឹងបញ្ហាគុណភាពប្រេងឥន្ធនៈ ដែលត្រូវបានកត់សម្គាល់ថា “សាំងពណ៌ក្រហម” បង្ករឲ្យមានការចាប់អារម្មណ៍និងចម្ងល់ពីសំណាក់សាធារណៈជននិងអ្នកប្រើប្រាស់។ ពាក់ព័ន្ធនឹងករណីនេះក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ ដែលរួមមានអគ្គនាយកដ្ឋានប្រេងកាត និងអគ្គនាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែង(ក.ប.ប.) បានសហការគ្នាត្រួតពិនិត្យ ស្រាវជ្រាវ និងតាមដានករណីខាងលើដោយបានធ្វើការជាមួយក្រុមហ៊ុនប្រេងឥន្ធនៈពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីដំណើរការគ្រប់គ្រង និងការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈក្នុងការនាំចូល សន្និធិ ការដឹកជញ្ជូន និងការចែកចាយនៅតាមស្ថានីយលក់រាយ។

តាមរយៈការស្រាវជ្រាវបឋម និងការផ្តល់ព័ត៌មានពីអ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធ ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យគុណភាពប្រេងសាំងនៅតាមស្ថានីយមួយចំនួន ដោយមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តកណ្តាល។ តាមលទ្ធផលនៃការត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈទាំងនោះ បានបង្ហាញថា គុណភាពប្រេងឥន្ធនៈមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវ។ ជាមួយគ្នានេះ ក្រុមហ៊ុននាំចូលប្រេងឥន្ធនៈពាក់ព័ន្ធបានរាយការណ៍អំពីវិធានការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈរបស់ខ្លួន រួមមានការត្រួតពិនិត្យគុណភាពមុននិងក្រោយការនាំចូល ការធ្វើតេស្តសំណាកគំរូនៅឃ្លាំងស្តុក ការបញ្ជូនសំណាកទៅមន្ទីរពិសោធន៍ឯករាជ្យ និងការតាមដានការដឹកជញ្ជូន និងការចែកចាយតាមប្រព័ន្ធបច្ចេកវិទ្យា។
ទោះជាយ៉ាងនេះក្តី ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរនឹងបន្តយកចិត្តទុកដាក់លើករណីនេះ និងបានដាក់ចេញនូវយន្តការសហការបន្តក្នុងការស្រាវជ្រាវ តាមដាន និងប្រមូលព័ត៌មានពាក់ព័ន្ធបន្ថែមទៀត ជាពិសេសការស្វែងរកទីតាំងដែលអាចមានបញ្ហាគុណភាពប្រេងឥន្ធនៈ ក៏ដូចជាប្រភពនៃការចែកចាយ ដើម្បីធានាឲ្យការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈនៅលើទីផ្សារប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
អាស្រ័យហេតុនេះ ក្នុងករណីសាធារណជន ឬអ្នកប្រើប្រាស់មានការសង្ស័យពាក់ព័ន្ធនឹងគុណភាពប្រេងឥន្ធនៈ ឬបាននិងកំពុងជួបប្រទះករណីគុណភាពប្រេងឥន្ធនៈមិនល្អ សូមសហការរាយការណ៍អំពីទីតាំងស្ថានីយឬទីតាំងចែកចាយប្រេងឥន្ធនៈនោះមក ក្រសួង ស្ថាប័ន មានសមត្ថកិច្ច តាមរយៈលេខទំនាក់ទំនង៖
- អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ៖ ០៩២ ៧២២ ៥៦៦
- អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែនិងថាមពល ៖ ០១២ ៧១៧ ៧២៥។
ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ សូមបញ្ជាក់ជូនថាក្រុមការងារនឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការចាំបាច់តាមសមត្ថកិច្ចរៀងៗខ្លួនស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈនៅលើទីផ្សារ ការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងរក្សាទំនុកចិត្តលើវិស័យប្រេងឥន្ធនៈនៅកម្ពុជា។

