ទីផ្សារការងាររបស់អ្នករៀនអាយធី ហាក់មានចំនួនច្រើនក្នុងពេលបច្ចុប្បន្ន ខណៈការងារនេះទាមទារភាពប៉ិនប្រសព្វ ព្រមទាំងការអត់ធ្មត់ខ្ពស់ ទើបអាចសម្រេចជោគជ័យ។ យ៉ាងណាមិញ សិស្សរៀនជំនាញអាយធីនៅតាមបណ្ដាសាកលវិទ្យាល័យជាច្រើន និងអ្នករៀនចប់ផ្នែកនេះមួយចំនួនទៀត ក៏កំពុងស្វែងរកឱកាសការងារមួយដែលសមរម្យ ស្របតាមជំនាញដែលខ្លួនបានរៀននេះផងដែរ។
ដើម្បីសម្រួលដល់ការស្វែងរកការងាររបស់អ្នករៀនជំនាញអាយធីនេះ Technology Cambodia សូមណែនាំវេបសាយចំនួនបី ដែលសម្បូរទៅដោយក្រុមហ៊ុន កំពុងមានតម្រូវការបុគ្គលិកអាយធីច្រើន។ វេបសាយទាំងបី៣នោះរួមមាន៖
១. Jobify : នេះគឺជាវេបសាយដែលបង្កើតឡើងដោយកូនខ្មែរ និងជាវេបសាយដែលប្រមូលផ្ដុំទៅដោយការងារជាច្រើនម៉ឺនកន្លែង ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេសជាដើម។ អ្វីដែលពិសេសនោះ វេបសាយរបស់ Jobify គឺផ្ដោតសំខាន់ទៅលើការងារអាយធី ដោយក្នុងនោះរួមមានទាំងការងារសម្រាប់អ្នកមានបទពិសោធន៍ អត់បទពិសោធន៍ និងបទពិសោធន៍ល្មមៗ ក៏អាចដាក់ CV ធ្វើការបានដែរ។
២. CamHR : សម្រាប់វេបសាយមួយនេះ គឺប្រមូលម្ដុំទៅដោយប្រភេទការងារចម្រុះ ប៉ុន្តែក៏មានបណ្ដុំការងាររបស់អ្នករៀនជំនាញអាយធីចូលទៅមើលផងដែរ។ អ្វីដែលពិសេសនោះ នៅលើ CamHR លោកអ្នកស្វែងរកការងារ ជាពិសេសគឺបានធ្វើការងារជាមួយក្រុមហ៊ុនធំៗ រហូតមានក្រុមហ៊ុនខ្លះហ៊ានឱ្យប្រាក់ខែរហូតដល់ពាន់ដុល្លារក៏មាន។
៣. Cambo Job : ផ្លេតហ្វមស្វែងរកការងារមួយនេះគឺមានទាំង App និង Website ដែលអាចផ្ដល់លក្ខណៈងាយស្រួលដល់អ្នករៀនអាយធីចូលទៅស្វែងរកការងារក្នុងក្រុមហ៊ុនណាមួយ ដែលកំពុងមានតម្រូវការ។ សម្រាប់ការងារនៅលើ Cambo Job ក៏មានក្រុមហ៊ុនខ្លះហ៊ានឱ្យប្រាក់ខែរហូតដល់រាប់ពាន់ដុល្លារដូចគ្នាដែរ ឱ្យតែយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើការងារនោះ៕