ថ្នាលផ្ទៀងផ្ទាត់ឯកសារជាតិ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ ដែលនេះគឺជាផ្លែផ្កាប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការផ្នែកបរិវត្តកម្មឌីជីថល រវាងប្រទេសកម្ពុជា និងទីម័រឡេស្តេ។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ត្រូវបានរៀបចំឡើងដោយក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ទីម័រឡេស្តេ ក្រោមអធិបតីភាពរួមរបស់ ឯកឧត្តម Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ទីម័រឡេស្តេ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី រដ្ឋលេខាធិការនៃប្រទេសទីម័រឡេស្តេ ព្រមទាំងគណៈប្រតិភូ ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណ ៥០០ នាក់។

សមិទ្ធផលដ៏លេចធ្លោនេះ គឺជាការអនុវត្តជាក់ស្តែងនូវ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល” ដែលប្រទេសទាំងពីរបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។
ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានបញ្ជូនមន្រ្តីជំនាញបច្ចេកទេសរបស់ខ្លួន ទៅជួយអភិវឌ្ឍដោយផ្ទាល់នូវផតថលជាតិ verify.gov.tl នេះ ព្រមទាំងជួយធ្វើសមាហរណកម្មជាមួយមូលដ្ឋានទិន្នន័យ (Database) របស់ទីម័រឡេស្តេដោយជោគជ័យ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ រដ្ឋាភិបាលទីម័រឡេស្តេបានសម្រេចជ្រើសរើសយក “បណ្ណបើកបរ” ជាឯកសារទី១ ក្នុងការដាក់បញ្ចូល QR Code ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.tl។ ការសម្រេចចិត្តប្រកបដោយនវានុវត្តន៍នេះ បានជួយឱ្យក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ទីម័រឡេស្តេ កាត់បន្ថយការចំណាយក្នុងការផលិតបណ្ណរឹង បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលគឺធ្លាក់ចុះពី ៤ ដុល្លារអាម៉េរិក មកនៅត្រឹមតែ ០,១ (ដប់សេន) ដុល្លារអាម៉េរិកប៉ុណ្ណោះ ក្នុងមួយបណ្ណ។

ទន្ទឹមនឹងនេះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានគូសបញ្ជាក់ពីបទពិសោធន៍ជោគជ័យរបស់កម្ពុជា ដែលបច្ចុប្បន្នបានដាក់ QR Code ផ្ទៀងផ្ទាត់តាមថ្នាល verify.gov.kh លើបណ្ណបើកបររួចរាល់ហើយ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់បណ្ណបើកបរឌីជីថលផ្លូវការបានយ៉ាងងាយស្រួល តាមរយៈកម្មវិធី DG SuperApp (Logon តាមថ្នាល dgconnect) ដោយចំណាយពេលមិនដល់១នាទីនោះទេ។ កម្ពុជានឹងបន្តសហការចែករំលែកបទពិសោធន៍នៃការប្រើប្រាស់បណ្ណឌីជីថលនេះ ទៅកាន់ប្រទេសទីម័រឡេស្តេបន្ថែមទៀត។

ជុំវិញផែនការបន្ទាប់ ក្រុមការងារបច្ចេកទេសនៃក្រសួងប្រទេសទាំងពីរ នឹងបន្តសហការគ្នាក្នុងការពង្រីកការប្រើប្រាស់ថ្នាល verify.gov.tl នេះ ទៅលើឯកសារសាធារណៈផ្លូវការផ្សេងៗទៀត ដូចជា សញ្ញាបត្រអប់រំ និងឯកសារចុះបញ្ជីអត្រានុកូលដ្ឋាន ដែលគម្រោងនេះក៏ទទួលបានការឯកភាព និងគាំទ្រយ៉ាងពេញទំហឹងពីគណៈរដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រួចរាល់ហើយផងដែរ។
ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីចំណងមិត្តភាពដ៏រឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់រវាងកម្ពុជា និងទីម័រឡេស្តេ ក្នុងការប្រែក្លាយបច្ចេកវិទ្យាទៅជាកាតាលីករដ៏សំខាន់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរួមគ្នា៕
