កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារាចរណែនាំផ្លូវការ ស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
ការរៀបចំទិវាជាតិក្នុងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដោយមានគោលបំណងចម្បងក្នុងការលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងជំរុញការផ្សព្វផ្សាយឱ្យសិស្សានុសិស្ស យុវជន មាតាបិតា ព្រមទាំងសាធារណជនទូទៅ បានយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃជំនាញ TVET ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។
យោងតាមសារាចរណែនាំលេខ ០៧ សរ. នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងការណែនាំសំខាន់ៗមួយចំនួន រួមមាន៖
ការអភិវឌ្ឍមូលធនមនុស្សជាអាទិភាព៖ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រដ្ឋាភិបាលបានចាត់ទុកការកសាងធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងជំនាញវិជ្ជាជីវៈ ជាអាទិភាពទី១ ដើម្បីសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។
យុទ្ធនាការផ្សព្វផ្សាយទូលំទូលាយ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើជាសេនាធិការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផលិតឯកសារ និងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ។ ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានត្រូវណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ឱ្យបានទូលំទូលាយ។
ការជំរុញកម្មវិធីថ្នាក់ជាតិ ១,៥លាននាក់៖ គ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាល និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាជំរុញ និងលើកទឹកចិត្តយុវជន ពិសេសយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនចំនួន ១,៥លាននាក់ របស់រាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ។
ការពង្រឹងកិច្ចសហការរវាងរដ្ឋ និងឯកជន៖ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងសហគ្រាស ត្រូវពង្រឹងកិច្ចសហការគ្នាក្នុងការផ្តល់ឱកាសចុះកម្មសិក្សា ដើម្បីឱ្យសិស្ស-និស្សិតទទួលបានបទពិសោធន៍ជាក់ស្តែង អភិវឌ្ឍជំនាញឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងងាយស្រួលទទួលបានការងារក្រោយពេលបញ្ចប់ការសិក្សា។
ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ រដ្ឋបាលរាជធានី-ខេត្ត និងក្រសួងស្ថាប័ននានា នឹងធ្វើការចងបដាពាក្យស្លោកនៅតាមទីសាធារណៈ ដោយប្រើប្រាស់សារអប់រំសំខាន់ៗជាច្រើន ដូចជា៖ «សម្តេចធិបតី ផ្តល់ឱកាសថ្មីលើវិស័យ TVET!», «TVET ជាស្ពានចម្លងយុវជនឱ្យចាប់យកបានការងារសមរម្យ!», និង «រៀនឆាប់ចេះ ងាយរកការងារធ្វើ និងមានចំណូលប្រចាំ!» ជាដើម។
រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការប្រារព្ធទិវាជាតិ TVET លើកទី៩ នេះ នឹងក្លាយជាចលករដ៏សំខាន់មួយ ក្នុងការជំរុញឱ្យយុវជនកម្ពុជាងាកមកចាប់អារម្មណ៍កាន់តែខ្លាំងលើការរៀនសូត្រជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កសាងអនាគតខ្លួនឯង ព្រមទាំងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕
