ចំណេញពេល និងលឿនរហ័ស! រដ្ឋបាលរាជធានីភ្នំពេញ បើកឱ្យពលរដ្ឋស្នើសុំសេវាសាធារណៈ៩វិស័យ តាមប្រព័ន្ធអនឡាញ
ផែន ផាន់ណា
MAY 27 2026
នវានុវត្តន៍
59 views
2 mins read

ដើម្បីឆ្លើយតបទៅនឹងយុគសម័យបច្ចេកវិទ្យាឌីជីថល និងបង្កលក្ខណៈងាយស្រួលកាន់តែខ្លាំងជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៃអង្គភាពច្រកចេញចូលតែមួយ។ ការកែទម្រង់ថ្មីនេះ នឹងជួយឱ្យបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អាចស្នើសុំសេវាសាធារណៈសំខាន់ៗរហូតដល់ទៅ ៩ វិស័យ ដោយផ្ទាល់ពីផ្ទះ ឬការិយាល័យ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរ និងកាត់បន្ថយការរង់ចាំបានយ៉ាងច្រើន។

Hr Fn Z C4 Pn8i T Nvsgk9akrr87

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជំហានថ្មីនៃការផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យានេះ ធ្វើឡើងក្នុងគោលបំណងកែលម្អការផ្តល់សេវាសាធារណៈឱ្យកាន់តែមានភាពឆាប់រហ័ស តម្លាភាព សន្សំសំចៃថវិកា និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ។

Screenshot 2026 05 27 at 3.15.27 in the Afternoon

វិស័យទាំង ៩ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអនឡាញ (Online) រួមមាន៖ ១. ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង) ២. ការងាររដ្ឋបាល ៣. វិស័យទេសចរណ៍ ៤. វិស័យសាធារណការ និងដឹកជញ្ជូន ៥. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ៦. វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៧. វិស័យរ៉ែ និងថាមពល ៨. វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ៩. វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ពាក់ព័ន្ធនឹងកម្រៃសេវាវិញ រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់យ៉ាងច្បាស់ថា រាល់ការស្នើសុំ និងការទូទាត់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនេះ គឺរក្សាតម្លៃសេវាដូចគ្នាទៅនឹងការមកស្នើសុំ និងបង់ប្រាក់ផ្ទាល់នៅសាលារាជធានីភ្នំពេញដដែល ដោយមិនមានការទារកម្រៃ ឬការបង់ប្រាក់បន្ថែមលើសេវាទាំងនោះឡើយ។

សម្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់ដាក់ពាក្យស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ អាចចូលទៅកាន់គេហទំព័រផ្លូវការ http://online.owso.gov.kh/ ឬធ្វើការស្កេនបារកូដ (QR Code) ដើម្បីបង្កើតគណនីផ្ទាល់ខ្លួន និងអនុវត្តតាមការណែនាំជាជំហានៗ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបន្ថែមផងដែរថា ក្រៅពីការផ្តល់សេវាតាមប្រព័ន្ធអនឡាញនេះ បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតែអាចបន្តអញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់នៅ «អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ» ដូចមុនបានដដែល។ អង្គភាពនេះមានទីតាំងស្ថិតនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ អាសយដ្ឋានលេខ ២៥៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
706991171 969766992365277 4877928038655025114 N.jpg

707189512 969767012365275 5786834134845670707 N.jpg

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia