នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទម្រង់អាជីវកម្ម វិស័យស្ថាបត្យកម្ម វិស្វកម្ម និងការសាងសង់ នៅក្នុងប្រទេសកម្ពុជា ក៏កំពុងតែឈានជើងចូលទៅក្នុងរបត់ថ្មីមួយផងដែរ។ ថ្ងៃនេះ ក្រុមការងារ Technology Cambodia មានកិត្តិយសដោយបានសម្ភាសន៍ជាមួយ លោក វណ្ណដេត ដែលជាស្ថាបត្យករ អ្នកឯកទេស BIM និងជាស្ថាបនិកដ៏ឆ្នើមនៅពីក្រោយការបង្កើតសម្រេចបាននូវប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់វិស័យសំណង់ គឺ Biotecture និង Cost5D ។

លោក វណ្ណដេត ជាស្ថាបត្យករ និងជាអ្នកឯកទេស BIM (Building Information Modeling)។ លោកបានបញ្ចប់បរិញ្ញាប័ត្រវិវិស្វកម្មស្ថាបត្យកម្ម ហើយបានចំណាយពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងវិស័យស្ថាបត្យកម្ម, វិស្វកម្ម និងសំណង់ (AEC)។ នៅក្នុងអាជីពការងាររបស់លោកផ្ទាល់ លោកមានទំនោរយ៉ាងខ្លាំងទៅលើប្រព័ន្ធ BIM, គំនូសប្លង់ឌីជីថល ស្វ័យប្រវត្តិនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI)។
បើនិយាយពីចំណុចចាប់ផ្តើមវិញ លោកឈានជើងចូលក្នុងវិថីសហគ្រិនភាពដោយចាប់ផ្តើមពីស្ថាបត្យកម្ម ហើយក៏ជាអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យាផងដែរ ដូច្នេះហើយទើបលោក ចាប់ផ្តើមស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើវា ដោយមើលឃើញថា អនាគតនៃវិស័យមួយនេះនឹងត្រូវប្រើបច្ចេកវិទ្យាទំនើបៗ និងគ្រប់គ្រងទិន្នន័យបែបឌីជីថលកាន់តែច្រើនឡើងៗ។
លោកបានអភិវឌ្ឍន៍បន្ថែមលើរបៀបដែលបច្ចេកវិទ្យាអាចជួយកែលម្អវិធីសាស្ត្រនៃការរចនាអគារ, ការគ្រប់គ្រង, ការប៉ាន់ស្មានតម្លៃសំណង់ រហូតដល់ការបញ្ចប់គម្រោង។ កត្តាទាំងនេះហើយដែលជម្រុញឱ្យលោកសិក្សាលំអិតពីដំណើរការនៃប្រព័ន្ធ BIM, ស្វ័យប្រវត្តិនីយកម្ម និងបច្ចេកវិទ្យាដែលកំពុងលេចរូបរាងថ្មីៗ ដូចជា AI ជាដើម។

នៅពេលដែលទទួលបានបទពិសោធន៍កាន់តែច្រើននៅក្នុងវិស័យនេះ លោក វណ្ណដេត បានកត់សម្គាល់ឃើញថាក្រុមហ៊ុន និងស្ថាប័នជាច្រើនកំពុងជួបការលំបាកក្នុងការយក BIM មកប្រើប្រាស់ និងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនេះ លោកក៏បានសម្រេចចិត្តបង្កើត Biotecture ឡើង ដែលជា Agent មួយបង្កើតឡើងសម្រាប់ផ្តល់សេវាកម្មប្រឹក្សាយោបល់ បណ្តុះបណ្តាល និងការអនុវត្តប្រព័ន្ធ BIM។ បច្ចុប្បន្ន លោកកំពុងដឹកនាំ Biotecture ផ្តោតលើការរចនាសំណង់អគារលើប្រព័ន្ធ BIM និងការបណ្តុះបណ្តាលផ្នែក BIM ផងដែរ។

ក្នុងពេលជាមួយគ្នានៃការដំណើរការ Biotecture លោក វណ្ណដេត បានជួបប្រទះនូវបញ្ហាប្រឈមដ៏ធំមួយទៀត គឺទាក់ទងនឹងតម្លៃនៃសំណង់ ជាពិសេសការប៉ាន់ស្មានតម្លៃសំណង់នៅដំណាក់កាលដំបូង ដំណើរការគ្រប់គ្រងថ្លៃដើម និងការគ្រប់គ្រងតម្លៃ ដែលព័ត៌មានទាំងនោះនៅដាច់ដោយឡែកពីគ្នានៅឡើយ។ លោកបានលម្អិតពីចំណុចនៃគំនិតនេះថា៖
ក្រុមការងារភាគច្រើនពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់កម្មវិធី Excel ដោយបញ្ចូលទិន្នន័យមួយៗ ហើយដើម្បីរកសម្ភារៈសំណង់ ត្រូវទូរស័ព្ទទៅកាន់អ្នកផ្គត់ផ្គង់ ដែលត្រូវចំណាយពេលច្រើនដើម្បីបានចម្លើយមួយៗ។ បញ្ហាទាំងនោះហើយដែលបានបំផុសគំនិតលោកឱ្យបង្កើត Cost5D ឡើង ដែលជា Platform បច្ចេកវិទ្យាគណនា និងគ្រប់គ្រងតម្លៃសំណង់។
អ្វីដែលជាឧបសគ្គធំជាងនេះទៅទៀតនោះ គឺដំណើរការស្វែងរក និងផ្ទៀងផ្ទាត់តម្លៃសម្ភារៈសំណង់។ រាល់ពេលដែលត្រូវការដឹងតម្លៃសម្ភារៈ ឬចង់ប្រៀបធៀបតម្លៃ ក្រុមការងារត្រូវលើកទូរស័ព្ទទំនាក់ទំនងទៅកាន់អ្នកផ្គត់ផ្គង់ (Suppliers) ម្នាក់ម្តងៗ។ ដំណើរការនេះត្រូវឆ្លងកាត់ការរង់ចាំជាច្រើនដំណាក់កាល ចាប់តាំងពីការផ្ញើបញ្ជីមុខទំនិញ ការរង់ចាំការឆ្លើយតប និងការចរចា ដែលត្រូវចំណាយពេលយ៉ាងច្រើនសន្ធឹកសន្ធាប់ គ្រាន់តែដើម្បីទទួលបានចម្លើយ ឬតម្លៃប៉ាន់ស្មានមួយៗ។ ភាពយឺតយ៉ាវទាំងនេះ ជារឿយៗបានក្លាយជារនាំងធ្វើឱ្យគម្រោងទាំងមូលត្រូវខកខាន ឬយឺតជាងផែនការដែលបានកំណត់។ ការមើលឃើញពី បញ្ហាដែលកើតមានឡើងដដែលៗរាល់ថ្ងៃនៅក្នុងឧស្សាហកម្មសំណង់នេះហើយ ដែលបានក្លាយជាកាតាលីករ និងបំផុសគំនិតយ៉ាងខ្លាំងដល់រូបលោកក្នុងការបង្កើត Cost5D ឡើង។
លោកបានពន្យល់បន្ថែមថា Cost5D ត្រូវបានបង្កើតឡើងពីបញ្ហាជាក់ស្តែងដែលលោកផ្ទាល់បានជួបប្រទះក្នុងនាមជាស្ថាបត្យករ និងជាអ្នកឯកទេស BIM។ នៅក្នុងគម្រោងសាងសង់ជាច្រើន ក្រុមការងារតែងតែប្រឈមមុខនឹងបញ្ហាដូចជា៖ តម្លៃសម្ភារៈសំណង់មានការប្រែប្រួលជាប្រចាំ, ភាពលំបាកក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ដែលមានទំនុកចិត្ត, ដំណើរការប៉ាន់ស្មានតម្លៃដែលចំណាយពេលច្រើន, ព័ត៌មានគម្រោងមិនប្រទាក់ក្រឡាគ្នា, និងភាពមិនច្បាស់លាស់លើការគ្រប់គ្រងសម្ភារសំណង់ និងការចំណាយលើគម្រោង។

ទោះបីជាអ្នកជំនាញភាគច្រើននៅតែពឹងផ្អែកលើកម្មវិធី Excel ជាកម្មវិធីចម្បងរបស់ពួកគេ ប៉ុន្តែលោក វណ្ណដេត បានសង្កត់ធ្ងន់ថា ទោះបីជា Excel មានមុខងារខ្លាំងពូកែក៏ដោយ ក៏វាមិនមានផ្ទុកទិន្នន័យនៃតម្លៃសម្ភារៈជាក់ស្តែង ព័ត៌មានលម្អិតពីអ្នកផ្គត់ផ្គង់ ចំនួនទំនិញក្នុងស្តុក ឬក៏ការវិភាគវៃឆ្លាតដែលគាំទ្រដោយ AI នោះឡើយ។ នេះហើយជាមូលហេតុធ្វើឱ្យ Cost5D មានសារៈសំខាន់ និងដើរតួជាដំណោះស្រាយដ៏ល្អឯក។
បើនិយាយអំពីមុខងារ និងយុទ្ធសាស្ត្រខុសប្លែកពីគេ លោក វណ្ណដេត បានបង្ហាញឱ្យដឹងថា៖
Cost5D គឺលើសពីកម្មវិធីប៉ាន់ប្រមាណតម្លៃធម្មតា។ ចក្ខុវិស័យរបស់យើងគឺការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយសម្រាប់វិស័យសាងសង់។ បច្ចុប្បន្ន Cost5D ត្រូវបានបែងចែកជាពីរកម្មវិធីគឺ Cost5D Estimate និង Cost5D Manage ដែលក្នុងនោះ Cost5D Estimate បានបើកឱ្យដំណើរការហើយ ខណៈ Cost5D Manage អាចនឹងបញ្ចេញឱ្យប្រើប្រាស់ឆាប់ៗនេះផងដែរ។
Platform នេះមានផ្ទុកនូវមុខងារយ៉ាងសម្បូរបែប និងមានសង្វាក់ការងារច្បាស់លាស់ រួមមាន៖
- ការប៉ាន់ប្រមាណតម្លៃ និងបរិមាណកម្រិតខ្ពស់ (Advanced Estimating)៖ ផ្លាស់ប្តូរពីការវាយបញ្ចូលទិន្នន័យលើ Excel មកជាការគណនាដោយស្វ័យប្រវត្តិ និងត្រឹមត្រូវ ជួយកាត់បន្ថយកំហុសឆ្គងអតិបរមា ព្រមទាំងអាចបង្កើតជាគម្រោងគំរូ (Templates) សម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយបានយ៉ាងរហ័ស។
- មូលដ្ឋានទិន្នន័យសម្ភារៈ និងអ្នកផ្គត់ផ្គង់៖ ជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យរួមដែលប្រមូលផ្តុំទៅដោយកាតាឡុកសម្ភារៈសំណង់គ្រប់ប្រភេទ និងបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ (Suppliers) ដែលមានទំនុកចិត្ត ងាយស្រួលក្នុងការស្វែងរក និងជ្រើសរើសដោយចុចតែមួយឃ្លីក។
- ការធ្វើបច្ចុប្បន្នភាពតម្លៃជាក់ស្តែងភ្លាមៗ៖ លែងមានបញ្ហាតម្លៃមិនច្បាស់លាស់ទៀតហើយ ព្រោះប្រព័ន្ធនឹងធ្វើបច្ចុប្បន្នភាពរាល់ការប្រែប្រួលតម្លៃសម្ភារៈនៅលើទីផ្សារភ្លាមៗ ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងអាចដឹងពីការប្រែប្រួលថ្លៃដើមបានទាន់ពេលវេលា។
- ដំណើរការស្នើសុំដកស្រង់តម្លៃ និងការលទ្ធកម្ម៖ សម្រួលដល់ការផ្ញើលិខិតស្នើសុំថ្លៃ (RFQ) ទៅកាន់អ្នកផ្គត់ផ្គង់ច្រើនក្នុងពេលតែមួយតាមប្រព័ន្ធឌីជីថល ការប្រៀបធៀបតម្លៃដោយស្វ័យប្រវត្តិ និងការគ្រប់គ្រងការបញ្ជាទិញសម្ភារៈចូលការដ្ឋានដោយមានតម្លាភាព។
- ការតាមដានថ្លៃដើមគម្រោង៖ មុខងារគ្រប់គ្រងថវិកាយ៉ាងម៉ត់ចត់ ដោយប្រៀបធៀបរវាងកញ្ចប់ថវិកាដែលបានគ្រោងទុក (Baseline Budget) ជាមួយនិងការចំណាយជាក់ស្តែង (Actual Cost) ដើម្បីបង្ការបញ្ហាថវិកាហួសកម្រិត (Cost Overrun)។
- ជំនួយការឆ្លាតវៃដំណើរការដោយ AI៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលដើរតួជាអ្នកវិភាគទិន្នន័យ ជួយផ្តល់អនុសាសន៍ក្នុងការបង្កើនប្រសិទ្ធភាពចំណាយ ព្យាករណ៍ពីហានិភ័យនៃតម្លៃ និងជួយឆ្លើយសំណួរស្មុគស្មាញផ្នែកបច្ចេកទេសសំណង់ភ្លាមៗ។
បើនិយាយឲ្យងាយយល់ Cost5D គឺជាកម្មវិធីគ្រប់គ្រងគម្រោងសាងសង់ជំនាន់ថ្មី ដែលជួយសន្សំសំចៃពេលវេលា កាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពការងារបានយ៉ាងច្រើនលើសលប់។ តាមរយៈការធ្វើការសម្រេចចិត្តដ៏លឿន ឆ្លាតវៃ និងមានមូលដ្ឋានព័ត៌មានច្បាស់លាស់ ឧបករណ៍នេះនឹងជួយកាត់បន្ថយការងាររដ្ឋបាលស្មុគស្មាញ ប្រើប្រាស់បច្គេកវិទ្យា AI ដើម្បីវិភាគនិងព្យាករណ៍ការចំណាយបានត្រឹមត្រូវ ព្រមទាំងផ្តល់នូវទិន្នន័យតម្លៃទីផ្សារពិតប្រាកដ។ មិនថាអ្នកជាអ្នកឌីហ្សាញ អ្នកម៉ៅការ ឬម្ចាស់គម្រោងនោះទេ Cost5D គឺជាដៃគូគ្រប់គ្រងឆ្លាតវៃ ដែលធ្វើឱ្យការសាងសង់របស់អ្នកកាន់តែរលូន ចំណេញថវិកា និងជោគជ័យ។ លើសពីនេះ វាជួយលុបបំបាត់រាល់កំហុសឆ្គងក្នុងការគណនា និងការភាន់ច្រឡំរវាងក្រុមការងារ ដែលធ្លាប់តែជាបញ្ហាឈឺក្បាលក្នុងវិស័យសំណង់។ វាក៏ជាស្ពានចម្លងដ៏រឹងមាំក្នុងការតភ្ជាប់ទំនាក់ទំនងរវាងអ្នកគ្រប់គ្រង និងអ្នកផ្គត់ផ្គង់ សំដៅធានាឱ្យរាល់ដំណើរការទិញសម្ភារៈប្រព្រឹត្តទៅដោយតម្លាភាព និងទាន់ពេលវេលា។

ការធ្វើដំណើរក្នុងវិស័យបច្ចេកវិទ្យាថ្មីថ្មោងនេះ មិនមែនជាផ្លូវរលូននោះទេ លោក វណ្ណដេត បានទម្លាយពីបទពិសោធន៍ផ្ទាល់ខ្លួនថា៖
«មេរៀនដ៏ធំបំផុតមួយដែលលោកបានរៀនសូត្រ គឺការបង្កើតអាជីវកម្មថ្មី (Startup) មិនមែនផ្ដោតសំខាន់លើបច្ចេកវិទ្យានោះទេ ប៉ុន្តែវាគឺកើតឡើងពីការដោះស្រាយបញ្ហាជាក់ស្តែង។ មនុស្សជាច្រើនគិតថា បញ្ហាប្រឈមដ៏ធំបំផុតគឺការបង្កើតកម្មវិធី (Software Development) ប៉ុន្តែតាមពិតទៅ ផ្នែកដែលពិបាកបំផុតគឺការស្វែងយល់ថា តើអ្នកកំពុងដោះស្រាយបញ្ហាដែលមនុស្សទូទៅពិតជាត្រូវការមែនឬអត់។»
លោកបានបន្ថែមទៀតថា ក្នុងនាមជាស្ថាបនិក លោកត្រូវដើរតួនាទីជាច្រើនក្នុងពេលតែមួយ ពោលគឺធ្វើជាទាំងស្ថាបត្យករ អ្នកជំនាញផ្នែក BIM អ្នករចនា អ្នករៀបចំគម្រោង អ្នកទីផ្សារ អ្នកអភិវឌ្ឍន៍អាជីវកម្ម គ្រូបណ្តុះបណ្តាល និងជាសហគ្រិន។ ដំណើរផ្លូវនៃអាជីវកម្មថ្មីនេះ ពិតជាទាមទារនូវការតស៊ូ អត់ធ្មត់ និងការរៀនសូត្រឥតឈប់ឈរ។
ជាចុងក្រោយ លោកមានដំបូន្មានយ៉ាងខ្លីតែមានអត្ថន័យជ្រាលជ្រៅសម្រាប់សហគ្រិនវ័យក្មេងថា៖
«ចាប់ផ្តើមពីបញ្ហាជាក់ស្តែងដែលអ្នកយល់ដឹងស៊ីជម្រៅបំផុត។ កុំបង្កើតកម្មវិធី ឬអ្វីមួយដែលគ្រាន់តែជាអារម្មណ៍ ឬក៏អ្វីមួយដែលកំពុងពេញនិយម។ ត្រូវបង្កើតអ្វីមួយដែលវាផ្តល់តម្លៃពិតប្រាកដដល់មនុស្សគ្រប់គ្នា។ ប្រសិនបើអ្នកផ្តោតលើការដោះស្រាយបញ្ហាដែលជួយដោះស្រាយ ហើយមានសារៈសំខាន់នោះ អ្នកប្រើប្រាស់ និងឱកាសល្អៗនឹងរត់រកអ្នកដោយខ្លួនឯងមិនខាន។»

ជាចុងក្រោយ លោក វណ្ណដេត បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសកម្ពុជាមានឱកាសច្រើនក្នុងការជំរុញការយកបច្ចេកវិទ្យាសំណង់ឌីជីថលមកប្រើប្រាស់ឱ្យកាន់តែលឿនរហ័ស។ តាមរយៈ BIM, AI, ការសហការគ្នានៅលើប្រព័ន្ធ Cloud ការសម្រេចចិត្តផ្អែកលើទិន្នន័យ វិស័យសំណង់អាចនឹងក្លាយទៅជាវិស័យដែលមានប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាពជាងមុន។
«ចក្ខុវិស័យរយៈពេលវែងរបស់លោក គឺចង់រួមចំណែកក្នុងបរិវត្តកម្មនេះ តាមរយៈ Biotecture, Cost5D, ការអប់រំផ្នែក BIM និងគំនិតផ្តួចផ្តើមនៃគំនិតនវានុវត្តន៍ឌីជីថល។ បច្ចេកវិទ្យាថ្មីមិនមែនមកជំនួសការងារអ្នកជំនាញទេ តែផ្ទុយទៅវិញ វាគួរតែជួយបង្កើនលទ្ធភាពឱ្យពួកគាត់ធ្វើការងារកាន់តែឆ្លាតវៃ និងធ្វើការសម្រេចចិត្តបានល្អជាងមុន។ ហើយ Cost5D គឺជាជំហានតូចមួយឆ្ពោះទៅកាន់អនាគតមួយនោះ»។
សូមកុំខ្លាចញញើតនឹងការចាប់ផ្តើមពីចំណុចតូចតាច ហើយកុំបាក់ទឹកចិត្តនៅពេលដែលគំនិតរបស់អ្នកត្រូវបានគេបដិសេធ ព្រោះការធ្វើការចាប់ផ្តើម គឺជាការរត់ប្រណាំងចម្ងាយឆ្ងាយដែលទាមទារនូវក្តីស្រឡាញ់ដ៏មុតមាំ និងការតស៊ូមិនរាថយក្នុងការបង្កើតតម្លៃពិតប្រាកដ។ ចូរចងចាំថា កំហុសឆ្គង និងការបរាជ័យក្នុងដំណាក់កាលដំបូង មិនមែនជាទីបញ្ចប់នៃក្តីស្រមៃនោះទេ ប៉ុន្តែវាគឺជាសាលារៀនដ៏ល្អបំផុតដែលជួយសម្រួចលិទ្ធផលរបស់អ្នកឱ្យកាន់តែឆ្លាតវៃ ដូច្នេះ កុំរង់ចាំរហូតដល់មានភាពល្អឥតខ្ចោះទើបចាប់ផ្តើម ប៉ុន្តែត្រូវចាប់ផ្តើមធ្វើពីថ្ងៃនេះដើម្បីបង្កើតភាពល្អឥតខ្ចោះនោះឡើងដោយដៃរបស់អ្នកផ្ទាល់។
អត្ថបទដោយ៖ ងួន ឃុនណា (Khunna Nguon)
