សហរដ្ឋអាមេរិកព្រមានដាក់ទណ្ឌកម្មលើក្រុមហ៊ុន AI ចិន ពីបទលួចបច្ចេកវិទ្យាកម្មសិទ្ធិបញ្ញា
Khunna - ឃុនណា
JULY 22 2026
ឌីជីថល
23 views
2 mins read

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent បានប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើការពិនិត្យមើលម៉ូឌែល AI បើកចំហររបស់ចិន ដើម្បីស្វែងរកសញ្ញានៃការលួចកម្មសិទ្ធិបញ្ញាហើយបានគំរាមដាក់ទណ្ឌកម្មលើក្រុមហ៊ុន AI ចិន ប្រសិនបើរកឃើញបទល្មើសនេះ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីម៉ូឌែល AI របស់ចិន ដូចជា Kimi K3 របស់ក្រុមហ៊ុន Moonshot AI កំពុងកើនឡើងសមត្ថភាព និងប្រជាប្រិយភាពយ៉ាងខ្លាំង ដែលកំពុងគំរាមកំហែងដល់គំរូអាជីវកម្ម និងការកៀរគរដើមទុនរបស់ក្រុមហ៊ុនយក្សអាមេរិកដូចជា OpenAI និង Anthropic

Ani 20260505072807

ការព្រមានអំពីទណ្ឌកម្មនេះ គឺជាយុទ្ធសាស្ត្រថ្មីមួយទៀតរបស់រដ្ឋាភិបាលអាមេរិក ក្នុងការរក្សាតំណែងនាំមុខលើវិស័យ AI។ បន្ទាប់ពីបានរឹតបន្តឹងការនាំចេញបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ប្រទេសចិនរួចមក ពេលនេះទីក្រុងវ៉ាស៊ីនតោនកំពុងបង្ហាញសញ្ញាថា ខ្លួនអាចនឹងតម្រង់ទិសដៅវាយប្រហារលើម៉ូឌែល AI ផ្ទាល់តែម្តង ដែលជាការកើនឡើងកម្ដៅយ៉ាងខ្លាំងនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។

ជម្លោះភាគច្រើនផ្តោតលើបច្ចេកទេស Model Distillation (ការស្រង់យកសមត្ថភាពពីម៉ូឌែលធំមកបង្កើតម៉ូឌែលតូច) ដែលអាមេរិកចោទថាជាការលួចបច្ចេកវិទ្យា។ ទោះជាយ៉ាងណាក៏ដោយ អ្នកនៅក្នុងឧស្សាហកម្មនេះមិនសុទ្ធតែយល់ស្របនោះទេ។ នាយកប្រតិបត្តិ Microsoft លោក Satya Nadella បានរិះគន់ក្រុមហ៊ុន AI ធំៗថា វាជារឿងគួរឱ្យអស់សំណើច ដែលក្រុមហ៊ុនទាំងនោះទាមទារសិទ្ធិប្រើប្រាស់ទិន្នន័យសាធារណៈដើម្បីហ្វឹកហាត់ AI ខ្លួនឯង ប៉ុន្តែបែរជាមកដាក់បម្រាមរឹតបន្តឹងលើអ្នកដទៃមិនឱ្យប្រើប្រាស់បច្ចេកទេស Distillation ទៅវិញ។

C17f0ca0 342c 46e9 8f5c 0e0c5ff8a4b5 Scaled

ទន្ទឹមនឹងនេះ ក្រុមហ៊ុន AI ខ្លួនឯងក៏កំពុងប្រឈមមុខនឹងហានិភ័យផ្លូវច្បាប់ពាក់ព័ន្ធនឹងការហ្វឹកហាត់ AI ផងដែរ។ ជាក់ស្តែង ក្រុមហ៊ុន Anthropic ក្នុងសប្តាហ៍នេះ ត្រូវតែចាប់ផ្តើមសងប្រាក់តាមការសម្រេចចិត្តរបស់តុលាការ ក្នុងទំហំទឹកប្រាក់ ១,៥ បីលានដុល្លារ (billion) ដើម្បីបញ្ចប់ក្តីក្តាំ បន្ទាប់ពីតុលាការរកឃើញថាបានដោនឡូត និងរក្សាទុកសៀវភៅដែលមានរក្សាសិទ្ធិរាប់លានក្បាលដោយខុសច្បាប់ យកមកហ្វឹកហាត់ AI របស់ខ្លួន។

ជាចុងក្រោយ អ្នកជំនាញក្នុងវិស័យនេះដូចជាលោក Clem Delangue នាយកប្រតិបត្តិ Hugging Face បានលើកឡើងថា បច្ចេកទេស Distillation គ្រាន់តែជាកត្តាតូចមួយប៉ុណ្ណោះ ហើយក្រុមហ៊ុននៅអាមេរិកក៏កំពុងធ្វើវាដែរ។ លោកបានបន្ថែមថា មូលហេតុពិតប្រាកដដែលចិនកំពុងតាមទាន់អាមេរិក គឺដោយសារចិនមានក្រុមស្រាវជ្រាវដែលមានសមត្ថភាពខ្ពស់ និងប្រើប្រាស់វិធីសាស្ត្របើកចំហរ និងសហការគ្នាបានល្អជាងអាមេរិក។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia