បម្រាមថ្មី! អាមេរិកប្រកាសហាមឃាត់នាំចូលទំនិញបច្ចេកវិទ្យាពីចិន ខណៈក្រុមហ៊ុន ៥ នេះប្រឈមហានិភ័យ
Khunna - ឃុនណា
JUNE 28 2026
អេឡិចត្រូនិក
9 views
1 min read

យោងតាមប្រភពសារព័ត៌មាន Reuters បានប្រាប់ឲ្យដឹងថា គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បានប្រកាសពង្រីកវិសាលភាពនៃការហាមឃាត់ការនាំចូលឧបករណ៍អេឡិចត្រូនិក និងទូរគមនាគមន៍ពីក្រុមហ៊ុនផលិតធំៗរបស់ចិន មួយចំនួន ដែលវិធានការថ្មីនេះនឹងត្រូវចូលជាធរមាននៅក្នុងដើមខែកក្កដាខាងមុខ។ ចំណាត់ការនេះ ធ្វើឡើងក្នុងគោលបំណងការពារសន្តិសុខជាតិ និងកាត់បន្ថយហានិភ័យនានាដែលអាចកើតមានចំពោះវិស័យទំនាក់ទំនង និងបណ្តាញព័ត៌មានវិទ្យារបស់សហរដ្ឋអាមេរិក។

1055f521095559e482dae758327bbda7be66e8f7174893e4e90c5cd8b4d09c95

បទបញ្ជាដែលត្រូវបានពង្រីកនេះ នឹងគ្របដណ្តប់ទៅលើឧបករណ៍ទាំងម៉ូឌែលចាស់ និងម៉ូឌែលថ្មី (មិនមែនត្រឹមតែម៉ូឌែលដែលផលិតចាប់ពីចុងឆ្នាំ២០២២ ដូចការហាមឃាត់លើកមុននោះទេ) ដែលជាផលិតផលរបស់ក្រុមហ៊ុនចិនល្បីៗ រួមមាន Huawei, ZTE, Hytera, Hikvision និង Dahua។ ឧបករណ៍ទាំងនោះ រួមមានឧបករណ៍ទូរគមនាគមន៍ និងប្រព័ន្ធវីដេអូឃ្លាំមើល ដែលត្រូវបានប្រើប្រាស់សម្រាប់សុវត្ថិភាពសាធារណៈ សន្តិសុខនៅតាមទីតាំងរបស់រដ្ឋាភិបាល និងការឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចំពោះមូលហេតុចម្បងដែលធ្វើឱ្យក្រុមហ៊ុនចិនទាំង ៥ ដូចជា Huawei, ZTE, Hytera, Hikvision, និង Dahua ប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ គឺដោយសារតែ វិធានការរឹតត្បិត និងពង្រីកបម្រាមជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក

ទោះជាយ៉ាងណាក៏ដោយ បទបញ្ជាថ្មីនេះមិនមានឥទ្ធិពលទៅលើឧបករណ៍ដែលប្រជាជនអាមេរិកកំពុងមាន និងប្រើប្រាស់នាពេលបច្ចុប្បន្ននោះទេ ពោលគឺពួកគេនៅតែអាចបន្តប្រើប្រាស់វាបានដដែល។ ជាមួយគ្នានេះ ការរឹតត្បិតចុងក្រោយនេះ ក៏មិនប៉ះពាល់ដល់ការនាំចូលម៉ូឌែលមុនៗនៃឧបករណ៍ដ្រូន និងប្រព័ន្ធរ៉ោតទ័ររបស់ចិនដែលធ្លាប់ត្រូវបាន FCC ហាមឃាត់មិនឱ្យនាំចូលតែម៉ូឌែលស៊េរីថ្មី កាលពីអំឡុងខែធ្នូ និងខែមីនាកន្លងទៅនោះដែរ។

Images (6)

ក្រៅពីវិធានការខាងលើ FCC ក៏កំពុងតែពិចារណាលើការដាក់ទណ្ឌកម្មបន្ថែម ដោយអាចនឹងហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍អាមេរិក មិនឱ្យធ្វើការតភ្ជាប់បណ្តាញជាមួយក្រុមហ៊ុនទូរគមនាគមន៍របស់ចិន។ ប្រសិនបើផែនការនេះត្រូវបានអនុម័ត វានឹងរារាំងក្រុមហ៊ុនចិនយ៉ាងមានប្រសិទ្ធភាព មិនឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យនៅក្នុងទឹកដីសហរដ្ឋអាមេរិកបានឡើយ ខណៈដែលក្រុមហ៊ុនចិនមួយចំនួនដូចជា Hikvision បានដាក់ពាក្យបណ្តឹងតវ៉ាប្រឆាំងនឹងចំណាត់ការរបស់ FCC នេះរួចទៅហើយ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia