ក្រុមហ៊ុន Meta កំពុងពង្រីកបច្ចេកវិទ្យា AI សម្រាប់ប៉ាន់ស្មានអាយុអ្នកប្រើប្រាស់ Instagram នៅទូទាំងពិភពលោក ដើម្បីស្វែងរកគណនីដែលជារបស់ក្មេងជំទង់ បើទោះបីពួកគេបញ្ចូលថ្ងៃខែឆ្នាំកំណើតជាមនុស្សពេញវ័យក៏ដោយ។ ប្រសិនបើ AI រកឃើញថាគណនីណាជារបស់ក្មេងជំទង់ គណនីនោះ នឹងត្រូវដាក់ចូលប្រព័ន្ធ Teen Account ដែលមានការកំណត់ការប្រើប្រាស់រឹតបណ្តឹងជាងមុន។

តាមការប្រកាសរបស់ Meta នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បច្ចេកវិទ្យានេះ នឹងជួយឱ្យក្រុមហ៊ុន អាចស្វែងរកគណនីរបស់ក្មេងជំទង់ មានអាយុចន្លោះពី ១៣ ដល់ ១៧ ឆ្នាំ ដើម្បីដាក់ពួកគេឱ្យស្ថិតក្រោមវិធានការការពារដែលរៀបចំឡើង ទោះបីពួកគេប្រើថ្ងៃកំណើតក្លែងក្លាយក៏ដោយ។ Meta នឹងប្រើ AI ដើម្បីវិភាគព័ត៌មាននៅលើគណនី ដោយស្វែងរកតម្រុយបញ្ជាក់ពីអាយុ ដូចជា ការបង្ហោះសារជូនពរថ្ងៃកំណើត, ការនិយាយពាក់ព័ន្ធនឹងថ្នាក់រៀន, ព័ត៌មានក្នុង Bio, មតិយោបល់ និងចំណងជើងភ្ជាប់ជាមួយការបង្ហោះ។

លើសពីនេះ AI ក៏អាចវិភាគរូបភាព និងវីដេអូ ដើម្បីស្វែងរកតម្រុយដូចជាកម្ពស់ និងរូបរាងរបស់មនុស្សក្នុងរូបភាព។ Meta បានបញ្ជាក់ថា ខ្លួនក៏កំពុងពង្រឹងបច្ចេកវិទ្យាសម្រាប់ស្វែងរកគណនីដែលជារបស់កុមារអាយុក្រោម ១៣ ឆ្នាំផងដែរ។ ការពង្រីកបច្ចេកវិទ្យានេះ មិនកំណត់ត្រឹម Instagram ឡើយ តែក្រុមហ៊ុន កំពុងបន្តដាក់ឱ្យប្រើនៅលើ Facebook និងគ្រោងពង្រីកបច្ចេកវិទ្យាស្រដៀងគ្នាទៅកាន់ Threads នៅទូទាំងពិភពលោកចុងឆ្នាំ២០២៦។

នៅពេលរកឃើញថាជាគណនីរបស់កុមារ ក្រុមហ៊ុន នឹងដាក់ចូល Teen Account ហើយ គណនីនឹងត្រូវកំណត់ជា Private ជាលំនាំដើម និងរឹតបណ្តឹងលើការផ្ញើសារ ដែលអនុញ្ញាតឱ្យទទួលសារតែពីអ្នកដែលពួកគេ Following ឬធ្លាប់ទាក់ទងគ្នាប៉ុណ្ណោះ។ ជាមួយគ្នានេះ Instagramនឹងលាក់មតិយោបល់ដែលមានខ្លឹមសារបង្កគ្រោះថ្នាក់ និងកំណត់មាតិកាផងដែរ។
គួរបញ្ជាក់ថា ការពង្រីកប្រព័ន្ធការពារនេះ ធ្វើឡើងខណៈដែល Meta កំពុងប្រឈមនឹងបណ្តឹងជាច្រើននៅសហរដ្ឋអាមេរិក ដែលចោទថា វេទិការបស់ Meta បានបង្កផលប៉ះពាល់ដល់ក្មេងជំទង់។ កាលពីខែសីហា ក្រុមហ៊ុន បានធ្វើកិច្ចព្រមព្រៀងសម្របសម្រួលជាមួយរដ្ឋ ស្ទើរតែទាំងអស់នៅសហរដ្ឋអាមេរិក ដែលមានតម្លៃរហូតដល់ ១៨ពាន់លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងទាំងនេះ។

ក្នុងនោះ Meta បានយល់ព្រមកែលម្អបច្ចេកវិទ្យាស្វែងរកកុមារ និងក្មេងជំទង់ដែលប្រើប្រាស់វេទិការបស់ខ្លួន។ ជាមួយគ្នានេះ ឪពុកម្តាយនៅសហរដ្ឋអាមេរិក នឹងចាប់ផ្តើមឃើញវីដេអូពន្យល់នៅលើ Instagram អំពីវិធីសាស្ត្ររបស់ Meta ក្នុងការធានាថា កូនៗរបស់ពួកគេទទួលបានការការពារសមស្របតាមអាយុ។

