ក្រុមហ៊ុន Canva ដែលជាវេទិការចនាក្រាហ្វិកដ៏ពេញនិយម បានប្រកាសរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដោយបុគ្គលិកចំនួន ១ ២៧១ នាក់ ឬប្រមាណ ២២% នៃបុគ្គលិកសរុប កំពុងរងផលប៉ះពាល់។ ទន្ទឹមនឹងនេះ សម្រាប់បុគ្គលិកដែលត្រូវចាកចេញពីក្រុមហ៊ុន Canva បានរៀបចំកញ្ចប់សំណង និងជំនួយជាច្រើន រួមទាំងផ្តល់ប្រាក់ខែយ៉ាងតិច ៦ ខែ និងប្រាក់ ១ ម៉ឺនដុល្លារ សម្រាប់អ្នកមានគម្រោងចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។

តាមការចុះផ្សាយរបស់សារព័ត៌មាន TechCrunch នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកស្រី Melanie Perkins សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Canva បានផ្ញើលិខិតជូនបុគ្គលិក ដោយលើកឡើងថា ទោះបីក្រុមហ៊ុនបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលកន្លងមក ក៏ក្រុមហ៊ុនត្រូវការផ្លាស់ប្តូររបៀបដំណើរការ ដើម្បីឆ្លើយតបទៅនឹងការថមថយនៃកំណើនអាជីវកម្ម។ ក្នុងនោះ លោកស្រីបានចាត់ទុកឆ្នាំនេះថា ជាឆ្នាំដ៏លំបាកបំផុតមួយរបស់ក្រុមហ៊ុន ខណៈកំណើនអាជីវកម្មបានថមថយជាលើកដំបូងក្នុងរយៈពេល ១០ឆ្នាំ។

ចំពោះ បុគ្គលិក ដែលត្រូវបានចាកចេញពីការងារ Canva បានផ្តល់ប្រាក់ខែយ៉ាងតិច ៦ខែ ជាកញ្ចប់សំណង ព្រមទាំងអនុញ្ញាតឱ្យពួកគេរក្សាទុកកុំព្យូទ័រ MacBook ដែលក្រុមហ៊ុនផ្តល់ឱ្យសម្រាប់ធ្វើការ។ លើសពីនេះ ក្រុមហ៊ុន ក៏ផ្តល់ការធានារ៉ាប់រងសុខភាពរយៈពេល ១២ខែ នៅក្នុងប្រទេសដែលមានសេវាកម្មវិធីធានារ៉ាប់រងសុខភាពរបស់ Canva និងផ្តល់ជាសមាជិក LinkedIn Premium រយៈពេល ១ឆ្នាំ ដើម្បីជួយដល់ការស្វែងរកការងារថ្មី។
អ្វីដែលពិសេសនោះ គឺ Canva បានបង្កើតមូលនិធិសម្រាប់ផ្តល់ជំនួយដល់បុគ្គលិកចំនួន ១០ ០០០ ដុល្លារ ដល់អតីតបុគ្គលិកដែលមានបំណងចាប់ផ្តើមអាជីវកម្ម ដែលមូលនិធិនេះ មានឈ្មោះថា Canva Collective Fund។ ជំនួយក្នុងមូនិធិដែលក្រុមហ៊ុនផ្តល់ឱ្យនេះ គឺក្រុមហ៊ុនមិនទាមទារភាគហ៊ុនត្រឡប់មកវិញពីអតីតបុគ្កលិកដែលទទួលបាននោះទេ ហើយមូលនិធិនេះ មិនមែនជាប្រាក់សំណងដែលបុគ្គលិកគ្រប់រូបទទួលបានដោយស្វ័យប្រវត្តិនោះទេ។

លើសពីនេះ ក្រុមហ៊ុនក៏ជួយអតីតបុគ្គលិកក្នុងការស្វែងរកការងារថ្មី ដោយមានអ្នកជួយណែនាំពីរបៀបរៀបចំប្រវត្តិរូបការងារ និងហ្វឹកហាត់ឆ្លើយសំណួរពេលសម្ភាសន៍ការងារ។ ចំពោះ បុគ្គលិកដែលទើបចូលធ្វើការមិនទាន់គ្រប់ ១ ឆ្នាំ Canva ក៏បានលុបចោលលក្ខខណ្ឌរង់ចាំរយៈពេល ១ ឆ្នាំ មុនពេលពួកគេអាចទទួលបានសិទ្ធិភាគហ៊ុនរបស់ក្រុមហ៊ុនផងដែរ។
មូលហេតុនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ គឺមកពី Canva កំពុងជួបប្រទះការថមថយនៃកំណើនអាជីវកម្ម និងចំណាយកាន់តែខ្ពស់លើបច្ចេកវិទ្យា AI។ ក្រុមហ៊ុន បានកាត់បន្ថយការព្យាករណ៍កំណើនប្រាក់ចំណូលពី ៣០% មកត្រឹម ២០% ដោយសារចំណាយលើ AI កើនឡើងខ្ពស់។ ទន្ទឹមនឹងនេះ Canva ក៏កំពុងប្រឈមការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនបច្ចេកវិទ្យា AI និងកម្មវិធី ដូចជា ChatGPT និង Geminiដែលអាចជួយអ្នកប្រើប្រាស់បង្កើតផ្ទាំងផ្សព្វផ្សាយ និងបទបង្ហាញបានយ៉ាងងាយស្រួល។

