ក្តៅៗ! OpenAI កំពុងប្រជែងនឹងក្រុមហ៊ុនល្បីមួយ ដោយបើកឱ្យម្ចាស់ក្រុមហ៊ុននានា អាចបង្កើតប្រវត្តិរូបអាជីវកម្មបានយ៉ាងងាយ
Touch Soriya
•
NOVEMBER 11 2026
•
ឌីជីថល
•
22 views
•
2 mins read
•

ក្រុមហ៊ុន OpenAI កំពុងពង្រីកសមត្ថភាព ChatGPT ឱ្យកាន់តែដូចទៅនឹង Google ដោយបានដាក់ចេញមុខងារថ្មីមួយឈ្មោះថា Business Hub ដែលអនុញ្ញាតឱ្យក្រុមហ៊ុននានាបង្កើត និងគ្រប់គ្រងប្រវត្តិរូបអាជីវកម្មរបស់ខ្លួន ដើម្បីឱ្យអ្នកប្រើប្រាស់អាចស្វែងរកព័ត៌មានអំពីផលិតផល និងសេវាកម្មបានកាន់តែងាយស្រួល។

083

តាមការប្រកាសរបស់ OpenAI នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ មុខងារ Business Hub នេះ កំពុងដាក់ឱ្យប្រើប្រាស់ក្នុងដំណាក់កាល Beta ដោយផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអាចចុះឈ្មោះ និងផ្ទៀងផ្ទាត់អាជីវកម្មរបស់ខ្លួននៅលើ ChatGPT។ បន្ទាប់ពីផ្ទៀងផ្ទាត់រួច ក្រុមហ៊ុនអាចកែប្រែព័ត៌មានសំខាន់ៗ បន្ថែមព័ត៌មានអំពីផលិតផល រួមទាំងតម្លៃ និងស្ថានភាពមានទំនិញក្នុងស្តុក ដើម្បីផ្តល់ព័ត៌មានដែលត្រឹមត្រូវដល់អ្នកប្រើប្រាស់។

081

មិនត្រឹមតែអាចគ្រប់គ្រងព័ត៌មានអាជីវកម្មប៉ុណ្ណោះទេ Business Hub ក៏ផ្តល់នូវ Business Insights ដែលជាទិន្នន័យស្ថិតិអំពីការចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ចំពោះអាជីវកម្មនីមួយៗផងដែរ។ ទិន្នន័យទាំងនេះ រួមមាន ចំនួនដងដែលអាជីវកម្មត្រូវបានលើកឡើងនៅក្នុង ChatGPT, ចំនួនអ្នកចុចចូលគេហទំព័រ និងប្រធានបទដែលអ្នកប្រើប្រាស់ស្វែងរកពាក់ព័ន្ធនឹងអាជីវកម្ម។ ទិន្នន័យទាំងនេះ នឹងអាចជួយឱ្យក្រុមហ៊ុនដឹងពីរបៀបដែលអ្នកប្រើប្រាស់ស្គាល់ និងស្វែងរកផលិតផលរបស់ខ្លួន។

084

លើសពីនេះ OpenAI ក៏បានណែនាំមុខងារថ្មីមួយទៀតឈ្មោះថា Business Agents ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាជីវកម្ម បង្កើតភ្នាក់ងារ AI ផ្ទាល់ខ្លួន ដើម្បីឆ្លើយសំណួររបស់អតិថិជនអំពីផលិតផល និងសេវាកម្ម។ គួរបញ្ជាក់ថា មុខងារ Business Agents នេះ គឺមិនទាន់បើកឱ្យក្រុមហ៊ុនទាំងអស់ប្រើប្រាស់នៅឡើយទេ ក្នុងនោះ OpenAI បានដាក់មុខងារនេះដល់ក្រុមហ៊ុន E-commerce និងអាជីវកម្មផ្តល់សេវាកម្មតាមអនឡាញដែលមានសិទ្ធិនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។

ចំណែក ក្រុមហ៊ុន ដែលស្ថិតនៅក្នុងប្រទេសដែលគាំទ្រការប្រើប្រាស់ ChatGPT គឺអាចចូលទៅកាន់ Business Hub ដើម្បីស្នើសុំផ្ទៀងផ្ទាត់ភាពជាម្ចាស់អាជីវកម្ម និងទទួលបានសិទ្ធិកែប្រែព័ត៌មានអាជីវកម្មរបស់ខ្លួននៅលើ ChatGPT ។ ជាមួយគ្នានេះ OpenAI បានបញ្ជាក់ថា ខ្លួនមិនចែករំលែកការសន្ទនាផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ឬការសន្ទនាជាមួយ Business Agents ទៅឱ្យក្រុមហ៊ុនអាជីវកម្មនោះទេ តែទិន្នន័យស្ថិតិ ដែលក្រុមហ៊ុនទទួលបាន ជាទិន្នន័យសរុបអំពីការប្រើប្រាស់របស់អតិថិជន ដោយ OpenAI នឹងបង្ហាញទិន្នន័យទាំងនេះនៅពេលមានអ្នកប្រើប្រាស់គ្រប់ចំនួនតាមលក្ខខណ្ឌកំណត់។

085

ការដាក់ចេញ Business Hub និង Business Agents គឺជាជំហានថ្មីរបស់ OpenAI ក្នុងការនាំយកអាជីវកម្មមកភ្ជាប់ជាមួយអ្នកប្រើប្រាស់តាមរយៈ ChatGPT។ តាមរយៈមុខងារទាំងនេះ ក្រុមហ៊ុន មិនត្រឹមតែអាចបង្ហាញព័ត៌មានផលិតផល និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រើ AI ដើម្បីឆ្លើយសំណួរ និងជួយអតិថិជនស្វែងយល់អំពីអាជីវកម្មរបស់ខ្លួនបានទៀតផង។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia