ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាលកម្ពុជា verify.gov.kh បានសាងកិត្តិយសយ៉ាងធំធេងជូនជាតិមាតុភូមិ ដោយបានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៤ (UN Public Service Award 2024) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ។ ពិធីប្រគល់ពានរង្វាន់នេះត្រូវបានធ្វើឡើងនៅក្នុងវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ នៅទីក្រុងអ៉ីនឈុន ប្រទេសកូរ៉េខាងត្បូង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្នាល verify.gov.kh របស់កម្ពុជា បានលេចធ្លោ និងទទួលបានជ័យលាភីជាសេវាសាធារណៈដែលមានតម្លាភាព និងគណនេយ្យភាព បន្ទាប់ពីបានឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខភាពជាង ៤០០ មកពី ៧៣ ប្រទេសជុំវិញពិភពលោក។
គួររំលឹកផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០២៣ ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ចំណេញពេលវេលា កាត់បន្ថយចំណាយ និងជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។

បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងប្រៃសណីយ៍ បានបន្តអភិវឌ្ឍថ្នាលនេះឱ្យកាន់តែមានសក្តានុពល ដោយបានបំពាក់បច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់គឺ ប្លុកឆេន (Blockchain)។ បច្ចេកវិទ្យានេះធានាបាននូវការទប់ស្កាត់ការក្លែងបន្លំឯកសារគ្រប់ទម្រង់ ហើយត្រូវបានទទួលស្គាល់ថាជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (Digital Public Goods) ដ៏មានសុវត្ថិភាពថែមទៀតផង។
ក្រៅពីពានរង្វាន់កម្រិតពិភពលោករបស់អង្គការសហប្រជាជាតិនាពេលនេះ ថ្នាល verify.gov.kh ក៏ធ្លាប់បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី និងពានរង្វាន់សេវាឌីជីថលឆ្នើមនៃទិវាកំពូលសកលស្តីពីសង្គមព័ត៌មានលើកទី២០ នៅប្រទេសស្វីស ផងដែរ។
សមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ព្រមទាំងលើកមុខមាត់កម្ពុជាឱ្យល្បីល្បាញនៅលើឆាកអន្តរជាតិ៕

