ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ផតថលសម្រាប់អ្នកអភិវឌ្ឍសុសវែរ ដំណាក់កាលទី១ (Developer Portal - Phase I)” ក្នុងគោលដៅលើកកម្ពស់គុណភាព និងអន្តរប្រតិបត្តិការនៃការអភិវឌ្ឍសុសវែរនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសកម្មភាពអាទិភាពនៃក្របខណ្ឌយុទ្ធសាស្រ្តទី៣០ នៃគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ផតថលថ្មីនេះត្រូវបានរៀបចំ និងអភិវឌ្ឍឡើងដោយក្រុមអ្នកជំនាញរបស់ ក.ប.ទ. ដោយឆ្លងកាត់ការពិភាក្សាយ៉ាងល្អិតល្អន់ជាមួយអង្គភាពពាក់ព័ន្ធ។ ផតថលនេះនឹងដើរតួជា ច្រករួមតែមួយ (One Single Service) ដ៏សំខាន់ ដែលផ្តល់នូវគោលការណ៍ណែនាំរួម សម្រាប់អ្នកអភិវឌ្ឍសុសវែរ (Developers) ទូទៅ ទាំងក្នុងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន។

ដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការសិក្សា និងអនុវត្ត ផតថលនេះត្រូវបានបែងចែកជា ៣ ផ្នែកធំៗសំខាន់ៗរួមមាន៖
១. មគ្គុទ្ទេសក៍ក្នុងការអភិវឌ្ឍសុសវែរ៖ ផ្តល់ការណែនាំលម្អិតអំពី វដ្តនៃការអភិវឌ្ឍសុសវែរ (Software Development Life Cycle) គោលការណ៍នៃការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ ការផ្សារភ្ជាប់ប្រព័ន្ធ (Interoperability) និងការអនុវត្តស្តង់ដារសន្តិសុខសាយប័រជាដើម។
២. លំនាំបែបបទសរសេរកូដ (Coding Patterns)៖ ជាឯកសារយោងដើម្បីជួយឱ្យការសរសេរកូដមានស្តង់ដារ និងមានភាពងាយស្រួលក្នុងការថែទាំ ឬអភិវឌ្ឍបន្ត។
៣. ការតាំងបង្ហាញផលិតផលរដ្ឋាភិបាលឌីជីថល៖ ជាកន្លែងប្រមូលផ្តុំ និងបង្ហាញពីសមិទ្ធផលបច្ចេកវិទ្យា និងកម្មវិធីផ្សេងៗដែលរដ្ឋាភិបាលបានបង្កើតឡើង។
ស្របពេលជាមួយគ្នានេះ ក.ប.ទ. ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ឱ្យចូលរួមគាំទ្រ សិក្សាស្វែងយល់ និងអនុវត្តតាមគោលការណ៍ណែនាំទាំងនេះប្រកបដោយស្មារតីទទួលខុសត្រូវ។ ការចូលរួមនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរពង្រឹងប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងមានកម្រិតអន្តរប្រតិបត្តិការល្អ ឆ្ពោះទៅរកការកសាងរដ្ឋាភិបាលឌីជីថលប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។

សម្រាប់អ្នកអភិវឌ្ឍកម្មវិធី (Software Developers) និងសាធារណជនដែលចាប់អារម្មណ៍ អាចចូលទៅកាន់ផតថលនេះដោយផ្ទាល់តាមរយៈគេហទំព័រ៖ https://dev.gov.kh/។
