ពិតជាមិនគួរឡើយ ទាហានអ៊ុយក្រែនយកម៉ូតូអគ្គិសនីទៅច្បាំងជាមួយនឹងរថក្រោះរស្ស៊ីដែលធ្វើឲ្យមហាជននៅលើពិភពលោកមានការភ្ងាក់ផ្អើលជាខ្លាំង ។
បើយោងតាមចុះផ្សាយពីគេហទំព័ររបស់ electrek បានឲ្យដឹងថា ក្រុមហ៊ុនម៉ូតូអគ្គិសនីរបស់អ៊ុយក្រែន Delflast បានផ្តល់ជំនួយយ៉ាងក្រាស់ក្រែលជូនដល់កងទ័ពរបស់ជាតិមាតុភូមិរបស់ខ្លួនផ្ទាល់ ដែលកំពុងតែតទល់ជាមួយនឹងការឈ្លានពានពីសំណាក់ទាហានរបស់រុស្សី ។
តួយ៉ាង ដូចជារូបភាពខាងលើនេះអីចឹង យើងបានឃើញនូវម៉ូតូអគ្គិសនី Delfast ដែលមានទាហានអ៊ុយក្រែនពីរនាក់កំពុងតែត្រៀមដឹកជញ្ជួនគ្រាប់បែករ៉ុក្កែត ចូលទៅសមរភូមិ ។ គ្រាប់រ៉ុក្កែតនេះត្រូវបានគេស្គាល់ឈ្មោះថា Next Generation Light Anti-Armour Weapons (NLAW ) ស្រដៀងនឹងកាំជ្រូច របស់សហរដ្ឋអាមេរិក Javelin ។ វាត្រូវបានបង្កើតឡើយយ៉ាងពិសេសបំផុត សម្រាប់កម្ទេចរថក្រោះរបស់សត្រូវ ដោយសារវាមានទម្ងន់ស្រាលល្មមខ្ទង់ 12.5 kg ដែលអាចឲ្យកងទ័ពដឹកជញ្ជូនបានដោយថ្មើរជើង ឬម៉ូតូ ក៏បានដែរ ។

ទន្ទឹមនឹងនេះផងដែរ ចំពោះម៉ូតូអគ្គិសនីនេះ គឺមានគុណភាពខ្ពស់ជាងម៉ូតូអគ្គិសនីនានាដែលបានដាក់លក់នៅទីផ្សារ ដោយចម្ងាយនៃការបើកបរ អាចបានទៅដល់ 320 km ឯណោះ នៅពេលសាកថ្មពេញតែម្តងគត់ ។ មួយវិញទៀត ខាងក្រុមហ៊ុន Delfast បានអះអាងថា ម៉ូតូអគ្គិសនីរបស់ខ្លួន អាចផ្លាស់ទីក្នុងល្បឿនមួយយ៉ាងលឿនរហូតដល់ 80km/h ដែលអាចជួយឲ្យទាហានអ៊ុយក្រែនបើកបរចូលទៅក្នុងសមរភូមិបានឆាប់រហ័ស ថែមទាំងមិនបង្កឲ្យមានសំឡេងឮរំខានដល់សត្រូវឡើយ ។
គូសបញ្ជាក់ផងដែរថា មិនត្រឹមតែប្រទេសអ៊ុយក្រែននោះទេ ដែលបានយកម៉ូតូអគ្គិសនីទៅបម្រើកងទ័ព មានប្រទេសមួយចំនួននៅប៉ែកខាងអឺរ៉ុបក៏បានប្រើម៉ូតូអគ្គិសនីនេះយកទៅបម្រើកលើវិស័យកងទ័ពផងដែរ ។ ដូចជា កាលពីឆ្នាំ ២០២០ នៅប្រទេសន័រវេស ក៏បានយកម៉ូតូគ្គិសនីស្រដៀងគ្នានេះ ទៅបម្រើក្នុងវិស័យកងទ័ពដែលនៅព្រំដែនជិះដើរល្បាតទៀតផង ។ មួយវិញទៀតសូម្បីតែប្រទេសអូស្រ្តាលីក៏មានគម្រោងបង្កើតនូវម៉ូតូអគ្គិសនីដែលអាចបំបាំងកាយបាន ដើម្បីយកទៅបម្រើកងទ័ពរបស់ខ្លួន ៕
អត្ថបទ៖ ព្រឹម ភក្តី

