konektAgri បានក្លាយជាធុរកិច្ចថ្មីឌីជីថលទី២ របស់កម្ពុជាដែលទទួលបានការវិនិយោគពីស្ថាប័នអន្តរជាតិ Plug and Play តាមរយៈកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ បន្ទាប់ពីធុរកិច្ចថ្មី Bamnang។ ការវិនិយោគនេះបានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកម្មវិធីក្នុងការគាំទ្រធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យអាចទាក់ទាញការវិនិយោគពីវិនិយោគិនអន្តរជាតិ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ។

សម្រាប់ធុរកិច្ចថ្មី konektAgri នេះគឺបានបង្កើតឡើងនូវថ្នាលមួយមានឈ្មោះថា agriKredit™ ដែលជាប្រព័ន្ធវាយតម្លៃឥណទាន និងគ្រប់គ្រងហានិភ័យផ្តោតសំខាន់សម្រាប់វិស័យកសិកម្ម។ ថ្នាលនេះដំណើរការដោយការរួមបញ្ចូលគ្នានូវទិន្នន័យហិរញ្ញវត្ថុជាមួយនឹងទិន្នន័យកសិកម្មជាក់ស្តែងដូចជា រូបភាពពីផ្កាយរណប ទិន្នន័យអាកាសធាតុ ទីតាំងដីកសិកម្ម រួមទាំងប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណឌីជីថល (e-KYC) ដែលប្រព័ន្ធទាំងអស់នេះនឹងជួយសម្រួលដល់ស្ថាប័នហិរញ្ញវត្ថុក្នុងការធ្វើការសម្រេចចិត្តផ្តល់ឥណទានកសិកម្មបានកាន់តែមានភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ជុំវិញការវិនិយោគនេះ លោក Nithyasri Manikandan ដែលជាអ្នកគ្រប់គ្រងការវិនិយោគជាន់ខ្ពស់របស់ Plug and Play បានមានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុន konektAgri កំពុងតែកសាងនូវថ្នាលទិន្នន័យ និងប្រព័ន្ធវាយតម្លៃហានិភ័យដ៏មានសក្តានុពលមួយ ដែលអាចឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងតម្រូវការជាក់ស្តែងនៃវិស័យហិរញ្ញវត្ថុកសិកម្មនៅក្នុងទីផ្សារដែលកំពុងតែមានការអភិវឌ្ឍនាពេលបច្ចុប្បន្ន។


