ក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីយ៍ ឯ.ក (AION CAMBODIA) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តអគ្គិសនីម៉ាក "AION | HYPTEC" ផ្តាច់មុខនៅកម្ពុជាដោយមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន GAC AION NEW ENERGY AUTOMOBILE CO., LTD ជាក្រុមហ៊ុនដើមនៅប្រទេសចិន បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងទីតាំងអាជីវកម្មចំនួនពីរ ដែលបាននាំចូល និងដាក់លក់រថយន្តម៉ាក "AION | HYPTEC" ដោយគ្មានការអនុញ្ញាត។
សកម្មភាពនេះ គឺជាការរំលោភលើកម្មសិទ្ធិបញ្ញា និងសិទ្ធិនាំចូលផ្តាច់មុខ ដែលបង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជន និងប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរមានសមត្ថកិច្ចបានចុះអន្តរាគមន៍ណែនាំ និងតម្រូវឱ្យម្ចាស់ទីតាំងទាំងពីរ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពផ្សព្វផ្សាយ និងលក់រថយន្តម៉ាកនេះទៀត។




