តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រធានផ្នែកសន្តិសុខសាយប័ររបស់ប្រធានាធិបតី Trump បានធ្វើឱ្យធ្លាយឯកសារឯកជនទៅកាន់ ChatGPT ដោយអចេតនា។ យោងតាមរបាយការណ៍ដែលបានចុះផ្សាយ ឯកសារសម្ងាត់ដែលបានធ្លាយចូលទៅក្នុង ChatGPT នោះគឺជា «ឯកសារពាក់ព័ន្ធនឹងកិច្ចសន្យា និងឯកសារប្រើប្រាស់ផ្ទៃក្នុង» របស់ទីភ្នាក់ងារសន្តិសុខសាយប័រ និងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ (CISA)។

សូម្បីតែលោក Sam Altman (នាយកប្រតិបត្តិ OpenAI) ក៏បានបញ្ជាក់ដែរថា សារដែលអ្នកផ្ញើទៅកាន់ ChatGPT មិនមែនជាការសម្ងាត់ ១០០% នោះទេ។ រាល់ព័ត៌មានដែលអ្នកបញ្ចូល នឹងត្រូវប្រព័ន្ធយកទៅប្រើប្រាស់ដើម្បីបណ្តុះបណ្តាល AI (Algorithm) ដែលអាចធ្វើឱ្យព័ត៌មានទាំងនោះធ្លាយចេញ ឬត្រូវបានមើលឃើញដោយបុគ្គលិកបច្ចេកទេស។

លោក Madhu Gottumukkala ដែលជាស្តីទីនាយកនៃទីភ្នាក់ងារសន្តិសុខសាយប័រ និងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ (CISA) របស់សហរដ្ឋអាមេរិក បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះឯកសារ "ងាយរងគ្រោះ" ទៅក្នុងកម្មវិធី ChatGPT ជាប្រភេទសាធារណៈ។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានបង្ខំឱ្យស្ថាប័នផ្ដល់សិទ្ធិប្រើ ChatGPT ដល់ខ្លួន រួចក៏ភ្លាត់ស្នៀតបង្ហោះឯកសារសម្ងាត់រដ្ឋចូលក្នុងប្រព័ន្ធ AI។ ឯកសារទាំងនោះត្រូវបានចាត់ថ្នាក់ថា "សម្រាប់ប្រើប្រាស់ក្នុងអង្គភាពផ្លូវការប៉ុណ្ណោះ" ប៉ុន្តែវាបានធ្លាក់ទៅដល់ដៃក្រុមហ៊ុន OpenAI បាត់ទៅហើយ។ កំហុសនេះបង្កជាហានិភ័យសកល ព្រោះទិន្នន័យសម្ងាត់អាចនឹងធ្លាយទៅដល់អ្នកប្រើប្រាស់រហូតដល់ ១ ពាន់លាននាក់តាមរយៈការឆ្លើយតបរបស់ AI។

ជារួមមកវិញនេះគឺជាមេរៀនដ៏ធំដែលបង្ហាញថា កុំទុកចិត្ត AI ក្នុងការកាន់កាប់ព័ត៌មានសម្ងាត់ សូម្បីតែមន្ត្រីជំនាញផ្នែកសន្តិសុខសាយប័រក៏អាចមានកំហុសដែរ។ AI អាចជួយសម្រួលការងារដល់យើងពិតមែនតែរឿងសង្ងាត់គឺត្រូវចេះថ្លឹងថ្លែងមុនធ្វើចៀសវាងសាងកំហុសដោយមិនដឹងខ្លួន។
