យោងតាមការចុះផ្សាយពីគេហទំព័រ Yahoo Finance បានឲ្យដឹងថា រោងចក្រផលិតរថយន្ត Camry និង Rav4 របស់ក្រុមហ៊ុន Toyota បានប្រគល់សិទ្ធផ្តាច់មុខទៅឲ្យប្រទេសរុស្សីជាអ្នកកាន់កាប់ផ្តាច់មុខ ដោយភាគីខាង Toyota មិនបានបញ្ចេញនូវពាក្យពេចន៍ហេតុផលសូម្បីមួយម៉ាត់ឡើយ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់រុស្ស៊ីបាននិយាយថា "កន្លែងផលិតរបស់តូយ៉ូតានៅ St Petersburg ត្រូវបានផ្ទេរទៅរដ្ឋ(NAMI)" ។ ទន្ទឹងនឹងនេះផងដែរកាលពីកន្លងទៅ ក្រុមហ៊ុន Toyota បាននិយាយកាលពីខែកញ្ញាថា ខ្លួនបានសម្រេចចិត្តបញ្ឈប់ការផលិតរថយន្តនៅក្នុងប្រទេសរុស្ស៊ីដោយសារតែការរំខាននៅក្នុងការផ្គត់ផ្គង់សម្ភារៈ និងគ្រឿងបន្លាស់សំខាន់ៗ។
ម្យ៉ាងវិញទៀត Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "Toyota បញ្ជាក់ថាខ្លួនបានបញ្ចប់ការផ្ទេររោងចក្រផលិតរថយន្តរបស់ខ្លួនទៅ NAMI ចាប់ពីថ្ងៃទី 31 ខែមីនា ឆ្នាំ 2023"។ ហើយកិច្ចព្រមព្រៀងទាំងានេះរួមបញ្ចូលទាំងការផ្ទេរកម្មសិទ្ធិពេញលេញនៃអគាររោងចក្រ និងដីធ្លីផងដែរ "។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota បានផលិតរថយន្ត Camry និង RAV4 នៅរោងចក្រ St Petersburg ដែលដំណើរការតាំងពីឆ្នាំ 2005 ។ រថយន្តជាង ៨ម៉ឺនគ្រឿង ត្រូវបានផលិតនៅរោងចក្រក្នុងឆ្នាំ 2021។ បញ្ជាក់ NAMI ដែលជាវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍រថយន្ត និងម៉ាស៊ីន របស់រុស្ស៊ី បានទិញរោងចក្រពីក្រុមហ៊ុន Renault និង Nissan ក្នុងតម្លៃតែ ១អឺរ៉ូបតែប៉ុណ្ណោះ កាលពីកន្លងទៅ៕
អត្ថបទដោយ៖ ព្រឹម ភក្តី