គាត់នេះរកស៊ីប្លែកពីគេទៀតហើយ សុខៗបង្កើតគំនិតឲ្យ Toyota យកឡានកញ្ចាស់ៗ មកកែច្នៃជាឡានអគ្គិសនី លក់ចេញក្នុងតម្លៃសមរម្យ និងដើម្បីកាត់បន្ថយកាកសំណល់ពីយានយន្ត។
យោងតាមប្រភពពី AP បានឲ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp កំពុងសម្លឹងឃើញគម្រោងថ្មី “បំប្លែក” ឡានចាស់ៗ មកកែច្នៃជាឡានអគ្គិសនី ដើម្បីធ្វើឲ្យកើនឡើងនៃឧស្សាហកម្មយានយន្តអគ្គិសនីរបស់ខ្លួន ខណ:ដែលបច្ចុប្បន្ននេះ Toyota រងការចោទប្រកាន់ពីក្រុមអភិវឌ្ឍន៍ថាមពលយានយន្តអគ្គិសនី ដែលជាក្រុមហ៊ុនផលិតរថយន្តជួយកាត់បន្ថយកាបូនតិចខ្លាំងបំផុត ហើយនៅសហរដ្ឋអាមេរិក ត្រូវបានគេដឹងថា Toyota បានលក់ចេញនូវប្រភេទឡានអគ្គិសនីតិចជាង ១% នេះជាហេតុធ្វើឲ្យ ក្រុមហ៊ុនជប៉ុនមួយនេះ បង្ខំចិត្តក្នុងជ្រើសរើសដើរផ្លូវមួយនេះ។
បើតាមយោងតាមសម្តីរបស់ប្រធាននាយកប្រតិបត្តិ Toyota Motor Corp លោក Akio Toyoda បានប្រាប់មកអ្នកការសែតថា ដើម្បីឈានដល់យានយន្តបំភាយឧស្ម័នពុលសូន្យគឺត្រូវការពេលយូរណាស់ក្នុងការធ្វើវា ដូច្នេះការកែច្នៃពីឡានចាស់ៗ មកជាឡានអគ្គិសនី គឺជាផ្លូវដែលល្អប្រសើរ សម្រាប់ Toyota ។
ទោះបីជាយ៉ាងក៏ដោយ Toyota នៅជាប្រេនឡាន មានសន្ទុះការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនទាំងពិភពលោក ជាពិសេសប្រភេទឡានដែលប្រើម៉ាស៊ីនពាក់កណ្ដាលអគ្គិសនី Hybrid និង Plug-in Hybrid ដែលបញ្ចេញឧស្ម័នពុលតិច គឺមានការពេញនិយមជិះច្រើនមែនទែន ជាក់ស្តែងដូចជា Toyota Prius គឺមានការគាំទ្រពីសំណាក់ប្រជាជនខ្មែរយ៉ាងខ្លាំង រីឯ Toyota RAV4 គឺលក់ដាច់ខ្លាំងសឹងតែអស់ពីស្តុកនៅពេលដាក់លក់ក្នុងប្រទេសអូស្រ្តាលី៕
គួរជំរាបផងដែរថា Toyota នៅតែចាប់ជាប់មិនលែងនូវគម្រោងការ កាលពីឆ្នាំ២០២១ ថាលក់ចេញនូវឡានអគ្គិសនីឲ្យបាន ៣.៥លានគ្រឿងក្នុង១ឆ្នាំ នៅឆ្នាំ២០៣០ ហើយ Toyota ក៏បានសន្យាថានឹងដាក់លក់សេរីឡាន Lexus ប្រើអគ្គិសនីសុទ្ធទៅកាន់សហរដ្ឋអាមេរិក ចិន និងអឺរ៉ុបនៅឆ្នាំ២០៣០ផងដែរ៕
អត្ថបទដោយ៖ ព្រឹម ភក្តី