ជាទូទៅ យើងតែងតែគិតថាម៉ូតូស៊ីសាំងច្រើនដោយសារតែ កត្តាទំហំម៉ាស៊ីន និងកម្លាំងម៉ាស៊ីន ប៉ុន្តែពួកយើងភ្លេចគិតអំពីរឿងតូចៗដែលជាទម្លាប់ប្រចាំថ្ងៃរបស់យើង ហើយកត្តាតូចៗទាំងអស់នោះបានជះឥន្ធិពលយ៉ាងខ្លាំងទៅលើកម្រិតស៊ីសាំងរបស់ម៉ូតូ។ តួយ៉ាង សម្រាប់ប្រភេទម៉ូតូធំ ជាមធ្យមអាចស៊ីសាំងពីចន្លោះ 18km/L ទៅ 25km/L និងប្រភេទម៉ូតូកម្លាំងម៉ាស៊ីនតូច ដូចជា 125cc ចុះក្រោម អាចស៊ីសាំងខ្ទង់ 45Km/L នេះបើយោងតាម motodeal ។
ថ្ងៃនេះ ចាបខៀវនឹងលើកយកវិធីសាស្រ្ត និងរបៀបថែទាំម៉ូតូ ទាំង៧ ធ្វើឲ្យម៉ាស៊ីនម៉ូតូដើរស្រួល និងស៊ីសាំងតិចជាងមុន៖
១ ត្រួតពិនិត្យនៅលើសម្ពាធខ្យល់កង់
ជាទូទៅ កាលណាដែលកង់ម៉ូតូត្រូវបានធូរ ឬស្ទើខ្យល់ ពេលនោះចំណុចប៉ះរវាងកៅស៊ូកង់ទៅនឹងផ្លូវកាន់ច្រើន ធ្វើឲ្យម៉ាស៊ីនធ្វើការខ្លាំងជាងមុន បណ្តាលឲ្យម៉ាស៊ីនស៊ីសាំងលើសពីធម្មតា មិនថាម៉ូតូធំ ឬម៉ូតូតូចឡើយ ។ ផ្ទុយមកវិញ លោកអ្នកគួរតែបញ្ចូលសម្ពាធខ្យល់ឲ្យបានត្រឹមត្រូវ ទៅតាមលក្ខណ:ស្តង់ដារ(មិនឲ្យលើសពី 2 ទៅ 3 psi ) ។
២ ត្រួតពិនិត្យសំបកកង់
ការជ្រើសរើសនូវសំបកកង់ទៅតាមស្តង់ដារ និងប្រើសំបកកង់ទៅតាមជីវភាពរស់នៅប្រចាំថ្ងៃ វាពិតជាមានសារ:សំខាន់ខ្លាំងមែនទែន ដើម្បីជួយធ្វើឲ្យម៉ូតូស៊ីសាំងតិចជាងមុនផងដែរ ។ ជាធម្មតាម៉ូតូស៊ីសាំងច្រើម ក៏បណ្តាលមកពីសំបកកង់ ដែលមានក្រឡាក្រាស់ៗ ឬក្រឡាធំៗ ក៏អាចធ្វើឲ្យម៉ាស៊ីនធ្វើការខ្លាំងផងដែរ ។
ដូច្នេះប្រសិនបើក្នុងការរស់នៅប្រចាំថ្ងៃមិនត្រូវការធ្វើដំណើរផ្លូវរោករ៉ាក់នោះ គួរតែប្រើនូវសំបកកង់ធម្មតា ទៅតាមស្តង់ដារមកពីក្រុមហ៊ុនទើបជាការប្រសើរ។
៣ ការបើកបរនៅក្នុងល្បឿនថេរ
ចំពោះការបើកបរនៅក្នុងលឿនមួយដែលថេរ ឬក៏ជិះក្នុងល្បឿនយឺតល្មម គឺធ្វើឲ្យកម្រិតស៊ីសាំង មានភាពសន្សំសំចៃខ្លាំង ហើយលោកអ្នកគួរតែជ្រើសរើសនូវផ្លូវ highway ឬផ្លូវទូលាយ ។ ជៀសវាងការបើកបរដោយបង្ខំ ដោយការមួលល្បឿនស្ទុះៗ ជាពិសេសគឺនៅតាមផ្លូវដែលមានភ្លើងចរាចណ៍ច្រើន ។
៤ ជ្រើសរើសប្រភេទប្រេងឥន្ធន:(សាំង)ទៅតាមលេខអុកតាន
ជាទូទៅ ប្រភេទប្រេងឥន្ធន:ដូចជាសាំងគឺមានលាយជាមួយ សារធាតុម្យ៉ាងដែលមានឈ្មោះថា អុកតាន(octane) ដើម្បីជួយដល់ការដុតចំហេះក្នុងម៉ាស៊ីនឲ្យបានសព្វល្អទៅសមត្ថភាពរបស់ម៉ាស៊ីន។
ជាការពិតណាស់ ចំពោះលេខអុកតានកាន់តែខ្ពស់ដូចជាប្រភេទសាំងស៊ុបពែរ គឺជួយដល់ម៉ាស៊ីនដំណើរការបានល្អ និងស្ទុះខ្លាំង ប៉ុន្តែវាក៏មានតម្លៃថ្លៃ និងឆាប់អស់ជាងសាំងធម្មតាផងដែរ។ ដូច្នេះគប្បីជ្រើសរើសសាំងទៅតាមតម្រូវការប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ ។
៥ ការផ្លាស់ប្តូរប្រេងម៉ាស៊ីន និងប្រេងកាឡេឲ្យបានទៀងទាត់
ជាទូទៅ ម៉ាស៊ីនអាចដំណើរការបានដោយសារតែប្រេងរំអិល ឬប្រេងម៉ាស៊ីននិងប្រេងកាឡេ កាលណាដែលយើងមិនបានដូរប្រងម៉ាស៊ីនទៅតាមស្តង់ដារដែលបានកំណត់នៅក្នុងប្រេងម៉ាស៊ីននោះទេ ម៉ាស៊ីនដំណើរការមិនល្អ ដែលជាហេតុធ្វើឲ្យម៉ាស៊ីនប្រឹងហួសកម្លាំង បណ្តាលឲ្យកម្រិតស៊ីសាំងច្រើនជាងធម្មតា ហើយការផ្លាស់ប្តូរប្រេងកាឡេទៀតសោត គឺត្រូវប្តូរប្រេងម៉ាស៊ីន៣ ដង ប្តូរប្រេងកាឡេ ១ដង ។
៦ សម្អាតតម្រងខ្យល់ និងដាក់ប្រេងច្រវ៉ាក់ម៉ូតូ
សម្រាប់ប្រភេទម៉ូតូអូតូ តែងតែមាននូវតម្រងខ្យល់សម្រាប់ស្អមម៉ាស៊ីនកុំឲ្យឡើងកំដៅខ្លាំង ។ ប៉ុន្តែ ជាទូទៅ កាលណាដែលម៉ូតូរបស់យើងជិះរយ:ពេលយូរឆ្នាំមិនបានត្រួតពិនិត្យ ឬលាងតម្រងខ្យល់ឲ្យបានស្អាតល្អនោះទេ បណ្តាលឲ្យម៉ាស៊ីនឡើងកំដៅខ្លាំង ធ្វើឲ្យកម្រិតស៊ីសាំងក៏ច្រើនជាមុនផងដែរ ។
ដោយឡែកចំពោះប្រើលេខ ភាគច្រើនបណ្តាលមកច្រវ៉ាក់ធូរ និងគ្មានជាតិរំអិល ដូច្នេះយើងគួរតែត្រួតពិនិត្យលើផ្នែកច្រវ៉ាក់ម៉ូតូ ដាក់ប្រេងរំអិលឲ្យបានទៀងទាត់ ជាពិសេសនៅពេលធ្វើដំណើរផ្លូវឆ្ងាយៗ ។
៧ ការបន្ថយទម្ងន់ផ្ទុក
មិនថារថយន្ត ឬម៉ូតូ ក៏ដោយ កាលណាដែលផ្ទុកទម្ងន់ធ្ងន់នោះ ម៉ាស៊ីនម៉ូតូនឹងខំប្រឹងប្រើកម្លាំងខ្លាំង ដើម្បីអូសនូវទម្ងន់ដែលបានផ្ទុកនោះ បើនិយាយឲ្យខ្លី បើម៉ូតូយើងអាចរត់ចម្ងាយ 45km/L អាចរត់បានតែពាក់កណ្តាលនោះទេ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី