ក្នុងបរិបទនៃការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ឧក្រិដ្ឋជនសាយប័របាននិងកំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រទុច្ចរិតរបស់ខ្លួនយ៉ាងសកម្ម ដោយប្រើប្រាស់បច្ចេកទេសស្ទូចទិន្នន័យ (Phishing) ដើម្បីលួចយកគណនី និងទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។
ឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសុវត្ថិភាពនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្តីណែនាំជាផ្លូវការ ដោយក្រើនរំលឹកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ លើការគ្រប់គ្រងគណនីបណ្តាញសង្គម និងប្រតិបត្តិការឌីជីថលផ្សេងៗ។
ក្រៅពីការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ការពង្រឹងសុវត្ថិភាពបច្ចេកទេសលើឧបករណ៍ឌីជីថល គឺជាកត្តាចាំបាច់ដែលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានគូសបញ្ជាក់។ ដើម្បីទប់ស្កាត់ការលួចចូលគណនី អ្នកប្រើប្រាស់គប្បីបង្កើតលេខកូដសម្ងាត់ដែលពិបាកទាយ ដោយប្រើប្រាស់តួអក្សរ លេខ និងសញ្ញាចម្រុះគ្នា ព្រមទាំងបើកមុខងារផ្ទៀងផ្ទាត់ពីរជាន់ (2FA) លើគ្រប់គណនីទាំងអស់។
លើសពីនេះ ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការទូរសព្ទ និងកម្មវិធីផ្សេងៗឱ្យទាន់សម័យជាប្រចាំ នឹងជួយបិទចន្លោះប្រហោងសុវត្ថិភាពបានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនេះ សារធារណជនគ្រប់រូបត្រូវបានលើកទឹកចិត្តឱ្យចូលរួមផ្សព្វផ្សាយចំណេះដឹងសុវត្ថិភាពឌីជីថលនេះទៅកាន់មនុស្សជុំវិញខ្លួន ដើម្បីការពារសហគមន៍យើងពីឧក្រិដ្ឋជនសាយប័រទាំងអស់គ្នា។

